ចិន៖ ក្មេង​ជនជាតិ​ចិន​ទើប​ចេះ​ដើរ​តេះតះ​ម្នាក់ អាយុ​ជាង​១ខួប បាន​ដើរ​វង្វេង​ចូល​ព្រៃ​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​​ក្រោយ​ផ្ទះ​នៅ​តំបន់​ក្វាង​ស៊ី​ កាល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ហើយ​ក៏​​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ស្ថាន​ភាព​គួរ​ឲ្យ​សង្វេគ​ខ្លោច​ចិត្ត តែ​នៅ​មាន​ជីវិត។

​ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ Xiaojiao អាយុ​ទើប ១ខួប ៨​ខែ ​ត្រូវ​បាន​ឪពុក​ឈ្មោះ Chen Qingran ​រាយការណ៍​ទៅ​អាជ្ញាធរ​បន្ទាប់​ពី​ដើរ​ស្វែង​រក​ខ្លួន​ឯង​មិន​ឃើញ​​រយៈ​ពេល​មួយ​ថ្ងៃ​ដំបូង។ ​ទាំង​​អាជ្ញាធរ និង​អ្នក​ភូមិ​ប្រមាណ​ជាង ៧០០​នាក់​បាន​ចេញ​ប្រតិបត្តិការ​រុក​រក​ទាំង​ថ្ងៃ​ទាំង​យប់​រយៈ​ពេល ៥ថ្ងៃ​។ ​ពួក​គេ​បាន​ដាក់​គោល​ដៅ​ស្វែង​រក​ពី​ផ្ទះ​ក្មេង​​​ចម្ងាយ ២,៥​គីឡូ​ម៉ែត្រ​ជុំវិញ រហូត​ទីបំផុត​រក​ឃើញ​ដោយ​​សារ​អ្នក​ភូមិ​ម្នាក់​។

ក្នុង​បេសកកម្ម​តាម​រក​ ប៉ូលិស​បាន​ប្រើ​សុនខ​ហិត​ក្លិន និង​កូន​យន្តហោះ​ដ្រូន​ច្រើន​គ្រឿង។ ​ការ​ស្វែងរក​ធ្វើ​នៅ​តាម​គ្រប់​ច្រក​ល្ហក់​ក្នុង​ភូមិ​ដូច​ជា ​លើ​ផ្ទះ​ក្រោម​ផ្ទះ តាម​ពាង​ទឹក ​ស្រះ​ទឹក ​ហើយ​មេឃ​ធ្លាក់​ភ្លៀង​បាន​ធ្វើ​ឲ្យ​ការ​រុករក​កាន់​តែ​ពិបាក​ទ្វេ​ឡើង។ ប្រតិបត្តិការ​បន្ត​រហូត​ដល់​ថ្ងៃ​ចុងក្រោយ ក៏​មាន​សញ្ញា​គួរ​ឲ្យ​កត់សម្គាល់​មួយ ​គឺ​អ្នក​ភូមិ​បាន​ឮ​សម្លេង​ក្មេង​យំ​ខ្សាវ​ៗ​ល្វើយ​ៗ​ចេញ​ពី​ទួល​មួយក្នុង​ព្រៃ​។ ​ក្រោយ​មក​ប៉ូលិស រួម​ទាំង​ឪពុក​ក្មេង​​ក៏​ប្រញាប់​ទៅ​មើល​ក៏​ឃើញ​ក្មេង​ស្រី​ដួល​ផ្កាប់​មុខ​លើ​ស្មៅ​ដើរ​លែង​រួច​ទៅ​ហើយ តែ​ទាញ​នាង​មក​មើល ដឹង​ថា​​នាង​នៅ​មាន​ជីវិត​នៅ​ឡើយ​។

កុមារី​រងគ្រោះ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ដួល​នៅ​ក្បែរ​គុម្ពោតព្រៃ​ជិត​ប្រឡាយ​ទឹក​តូច​មួយ​ក្នុង​សភាព​ទន់ដៃ​ទន់​ជើង​ហេវហត់​អស់​កម្លាំងខ្លាំង​។ Xiaojiao ជា​កូន​ស្រី​ក្មេង​ជាង​គេ​ក្នុង​គ្រួសារ​ ត្រូវ​គេ​ផ្ដល់​ដំណឹង​មក​ថា ​មុន​បាត់​ខ្លួន​នាង​បាន​កំពុង​លេង​ជាមួយ​បងប្រុស​អាយុ ៦ឆ្នាំ​ម្នាក់ ​និង​បង​ស្រី​អាយុ ៤​ឆ្នាំ​ម្នាក់​ក្នុង​ផ្ទះ​ពួក​គេ ​ប៉ុន្តែ​ក្រោយ​មក​បាន​ដើរ​វង្វេង​ចូល​ព្រៃ​តែ​​ម្នាក់​ឯង​​​គ្មាន​នរណា​ម្នាក់​ដឹង។

នៅ​ពេល​កុមារី​ត្រូវ​គេ​រក​ឃើញ នាង​មាន​អាការៈ​ខ្សោះជាតិ​ទឹក​ធ្ងន់ធ្ងរ​ស្លេក​មុខ​ស្លេក​មាត់​គួរ​ឲ្យ​អាណិត​មែន​ទែន​ ព្រោះ​​ក្នុង​អំឡុង​ពេល​បាត់​ខ្លួន ៨៨​ម៉ោង​​នេះ​នាង​មិន​ញ៉ាំ​អាហារ​អ្វី​ទាំង​អស់។ ​រឿង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​ខ្លោច​ចិត្ត​ គឺ​លើ​រាងកាយ​តាម​ដៃជើង​មុខ​ដែល​មិន​មាន​សំលៀក​បំពាក់​ការពារ​នោះ ត្រូវ​សត្វ​ល្អិត​ខាំ​ទិញ​រហូត​មាន​ស្នាម​កន្ទួល​ក្រហម​ជាំ​លើ​ស្បែក​គួរ​សង្វេគ​ខ្លាំងណាស់។

ក្រោយ​ពេល​រក​ឃើញ ​ក្រុម​សង្គ្រោះ​បាន​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ​​នៅ​ក្បែរ​នោះ​យ៉ាង​ប្រញាប់ប្រញាល់​បំផុត។ គ្រូពេទ្យ​ទទួល​ខុស​ត្រូវ​លើ​អាការៈ​របស់​ក្មេង​តូច​បាន​បញ្ជាក់​ថា ​នេះ​ជា​អព្ភូតហេតុ​អស្ចារ្យ​មួយ​ដែល​នាង​អាច​នៅ​រស់​បាន។ ​ហើយ​លោក​បាន​សន្និដ្ឋាន​ថា ​នាង​តូច​ប្រហែល​ជា​អាច​រស់​ដោយ​សារ​ផឹក​តំណក់​ទឹក​ភ្លៀង ខណៈ​ពេល​នាង​ដេក​ដួល​លើដី៕