ប្រិយមិត្តជាច្រើនច្បាស់ជាជ្រាបរួចមកហើយថា ​អ្នកនាង​ស៊ិន​ឧត្តមផល្លា​​​​ តែងតែបានខិតខំជីកកកាយស្វែងរកតារាចម្រៀង តារាសម្តែងជើងចាស់ ដែលមានឈ្មោះបោះសម្លេងកាលពីជំនាន់មុន ដើម្បីយកមកបង្ហាញ និងរំលឹកឡើងវិញឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសេក្មេងៗជំនាន់ក្រោយ ដែលកើតមិនទាន់សម័យនោះ ឲ្យបានដឹងពីសិល្បៈករ សិល្បៈការនីរៀមច្បងជំនាន់ដើម។
ក្នុងនោះផងថ្ងៃនេះអ្នកនាង​ ស៊ិន​ឧត្តមផល្លា​​​​​ បានលើករំលឹកពីអ្នកនាង ឌៀប ស្រីរ័ត្ន​ ជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបក្នុងទសវត្សរ៍ ៩០-២០០០ ដែលជាតារាចម្រៀងពោរពេញដោយសមត្ថភាពខាងច្រៀងជាភាសាបរទេស​ដែលនៅជំនាន់នោះកម្រមាន។​​

ដោយមិនចង់ឲ្យបងប្អូនខ្មែរភ្លេចនូវឈ្មោះតារាស្រីជើងចាស់រូបនេះ​។ ​​អ្នកនាង​ ស៊ិន​ឧត្តមផល្លា បានបង្ហោះរូបភាព​និងបានសរសេររៀបថា៖ “អ្នកបង ឌៀប ស្រីរ័ត្ន គឺជាតារាចម្រៀងយ៉េៗដ៏ល្បីឈ្មោះតាំងពីទសវត្ស៩០ ខាងចម្រៀងភាសាបរទេស កាលណោះមិនសូវមានតារាចម្រៀងភាសាបរទេសច្រើនដូចជំនាន់នេះទេ។ ទាំងអស់នេះជារូបបច្ចុប្បន្នរបស់គាត់ ខ្ញុំយល់ថា គាត់នៅមានសមត្ថភាពរួមទាំងរូបសម្រស់ ប៉ុន្តែហេតុអីបានជាពួកយើងត្រូវបំភ្លេចរូបគាត់ ? គាត់អាចច្រៀងបានយ៉ាងពិរោះទាំងភាសាខ្មែរនឹងភាសាបរទេស ហើយរូបសម្រស់គាត់ក៏អាចសម្តែងភាពយន្ត បែបស្លូតរឺកាចបានគ្រប់ទម្រង់ ។ នេះគឺជាអារម្មណ៍ខ្ញុំដែលមានចំពោះគាត់ បញ្ជាក់៖ គាត់មិនបានបង្គាប់អោយខ្ញុំផុសនិយាយបែបនេះទេ ប៉ុន្តែខ្ញុំយល់ថា មនុស្សដែលមានសមត្ថភាព មិនគួរទុកចោលដូច្នេះទេ”៕