អូស្ត្រាលី៖ អាចថាជារឿងដ៏រីករាយមួយ សម្រាប់ការវិលត្រលប់មកជួបបណ្ដា អ្នកគាំទ្ររបស់ តារាចម្រៀងស្រី អ្នកនាង យ៉ាន លីនដា ក្រោយពេលបាត់ដំណឹងរូបនាង ពីបណ្ដាញសង្គមនានាមួយរយៈពេលមកហើយ។យ៉ាងណាមិញ ស្របពេលបាត់ដំណឹងសូន្យឈឹង ពីបណ្ដាញសង្គមនានាជាង១ឆ្នាំមកនេះ មហាជន និងអ្នកគាំទ្រតែងតែគិតថារូបនាង ប្រហែលជាមានជីវិតថ្មី ដែលល្អប្រសើរយ៉ាងមានក្ដីសុខ ជាមួយនឹងកូនស្រី នៅលើទឹកដីអូស្ត្រាលីទៅហើយ តែគ្រប់យ៉ាងបានផ្ទុយខុសពីការរំពឹងទុករបស់ទស្សនិកជនទៅវិញ។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ តារាចម្រៀងស្រី អ្នកនាង យ៉ាន លីនដា បានបង្ហោះរូបភាពកូនស្រី និងសារដ៏វែងមូយ ដោយក្នុងនោះតារាស្រីរូបនេះ បានបញ្ជាក់ពីហេតុផលដែលរូបនាង ត្រូវចាំបាច់ដកខ្លួនពីបណ្ដាញសង្គមនានា ព្រោះតែកូនស្រីរបស់នាង មានជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ ដែលជំងឺដ៏កាចសាហាវមួយនេះ បានរំខានដល់កូនស្រីរបស់នាង ឲ្យជួបហេតុការណ៍ភ័យ និងរន្ធត់ផ្សេងៗ កំឡុងពេលវេលាសម្រាកពេលយប់ ឫក៏គ្រប់ពេលដែលកូនស្រីរបស់តារារូបនេះនៅម្នាក់ឯង ដោយពេលខ្លះជំងឺមួយនេះ បានធ្វើទុក្ខកូនស្រីនាង ដល់ថា្នក់ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗថែមទៀតផង។ដោយសារតែមូលហេតុទាំងនេះហើយ បណ្ដាលឲ្យតារាស្រីរូបនេះ ត្រូវចាំបាច់កាត់ផ្ដាច់ទំនាក់ទំនងផ្សេងៗនៅលើបណ្ដាញសង្គម ដោយរូបនាងត្រូវយកពេលវេលាដែលសេសសល់ពីការងាររបស់ខ្លួនទាំងប៉ុន្មាន មកមើលថែទាំកូនស្រីយ៉ាងពេញទំហឹងបែបនេះ៕