​ភ្នំពេញ​ ៖​ មន្ដ្រី​ក្រសួង​ធនធានទឹក​ ប្រាប់​ឲ្យ​ពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ខេត្ដស្ទឹងត្រែង​ មានការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ទឹក​អាច​នឹង​ឡើង​មក​វិញ​ នៅ​អំឡុង​ពីរ​ថ្ងៃ​ទៀត​ ខណៈ​ទឹកបាន​ស្រក​ចុះ​តាំងពី​ដើមខែ​កញ្ញា​មក​។​ យ៉ាងណា​អាជ្ញាធរ​ខេត្ដ​នេះ​ អះអាង​ថា​ បាន​ត្រៀម​រួច​ហើយ​ដើម្បី​ជួយ​ពលរដ្ឋ​។​

​ស្ថានភាព​នៅ​ទន្លេមេគង្គ​លើ​បាន​ស្រក​ចុះ​សន្សឹមៗ​ ចាប់តាំងពី​ដើមខែ​កញ្ញា​មក​ តែម​ន្ដ្រី​ធនធានទឹក​ បញ្ជាក់​ថា​ ទឹក​អាច​នឹង​ងើបឡើង​វិញ​ មក​បន្ដិច​ ក្នុង​អំឡុង​ពីរ​ទៀត​ នៅ​ខេត្ដស្ទឹងត្រែង​ ដែល​ប្រជាពលរដ្ឋ​គួរតែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​ លោក​ ចាន់​ យុ​ត្ថា​ មន្ដ្រី​នាំពាក្យ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ មាន​ប្រសាសន៍​ថា​ ទឹកទន្លេ​មេគង្គ​ក្រចេះ​ កំពង់ចាម​ និង​ស្ទឹង​ត្រែង​ មក​ដល់​ថ្ងៃនេះ​បាន​ស្រក​ចុះ​ ហើយ​ទឹក​នៅ​តែ​បន្ដ​ស្រក​ទៀត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ ឬ​ពីរ​ថ្ងៃ​ទៀត​។​ ក៏​ប៉ុន្ដែ​ទឹកនឹង​ងើបឡើង​វិញ​បន្ដិច​ នៅ​អំឡុង​ពីរ​ថ្ងៃ​ទៀត​ចំពោះ​ខេត្ដស្ទឹងត្រែង​។​=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

​ករណី​នេះ​ មន្ដ្រី​នាំពាក្យ​ ក្រសួង​ធនធានទឹក​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ដ​មិន​ថា​ ស្ទឹង​ត្រែង​ ឬ​ក៏​ខេត្ដ​ផ្សេងៗ​នោះ​ទេ​ ត្រូវ​មានការ​ប្រយ័ត្ន​ ជាប់​ជា​និច្ច​បើ​ទោះជា​ពេល​នេះ​ទឹកបាន​ស្រក​ចុះ​ខ្លះ​ក៏​ដោយ​ ៖«​មក​ដល់​ពេល​នេះ​ គឺ​ស្ថានភាព​ជំនន់​ហ្នឹង​ គឺ​មិន​ទាន់​ស្រក​ផុត​ទាំងស្រុង​នៅឡើយ​ទេ​ បាន​ន័យ​ថា​ ទឹក​នៅ​មាន​កម្ពស់​ខ្ពស់​នៅឡើយ​ បើ​ទោះបីជា​ឃើញ​ថា​ បាន​ស្រក​ហើយ​ក៏​ដោយ​។​ ដូច្នេះ​សុំ​អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ ហើយ​ក្នុង​រយៈពេល​ អាច​ ១​ថ្ងៃ​ ២​ខាង​មុខ​នេះ​ ទឹក​នៅ​ខាង​ស្ទឹង​ត្រែង​ គឺ​ចាប់ផ្ដើម​ងើបឡើង​វិញ​ហើយ​»​។​

​ទាក់ទិន​រឿង​នេះ​ លោក​ ម៉ែ​ន​ គុង​ មន្ដ្រី​នាំពាក្យ​ សាលា​ខេត្ដស្ទឹងត្រែង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ស្រុក​ទាំងអស់​ដែល​មានទឹក​លិច​ នៅ​ពេល​នេះ​ទឹកបាន​ស្រក​អស់ហើយ​ ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ លើកលែងតែ​ក្នុង​ស្រែ​ ចម្ការ​ តែ​ប៉ុណ្ណោះ​។​ ស្រប​ពេល​ដែល​មានការ​បញ្ជាក់​ថា​ ទឹកនឹង​ឡើង​មក​វិញ​នេះ​ មន្ដ្រី​នាំពាក្យ​សាលា​ខេត្ដស្ទឹងត្រែង​ បញ្ជាក់​ថា​ អាជ្ញា​បាន​ត្រៀមខ្លួន​រួច​ហើយ​ ដើម្បី​ជួយ​ពលរដ្ឋ​ភ្លាមៗ​ ប្រសិនបើ​ទឹក​ហក់​ឡើង​ខ្លាំង​។​=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

​លោក​ ម៉ែ​ន​ គុង​ បន្ថែម​ទៀត​ថា​ អាជ្ញាធរ​ក្នុង​ខេត្ដ​ បាន​រៀបចំ​ផែនការ​យុទ្ធ​សាសន៍​ចំនួន​ ០៣​ ក្នុង​ការ​ជួយ​ពលរដ្ឋ​ក្នុង​ ដែល​មាន​ដូច​ជា​ ក្ដាប់​ស្ថានភាព​ទឹក​ នាំ​យក​ជំនួយ​ទៅ​ផ្ដល់​ជូន​ពលរដ្ឋ​រង​គ្រោះ​ និង​វាយតម្លៃ​ផល​ប៉ះពាល់​ ដោយសារ​ទឹក​លិច​ ៖«​ផែនការ​របស់​យើង​មាន​បី​ ទី​១​ គឺ​បន្ដ​ក្ដាប់​សភាពការណ៍​ស្ថានភាព​ទឹកជំនន់​ ក្រែង​វា​ហក់​ឡើង​វិញ​ ទី​២​ ត្រូវ​នាំ​យក​ស្បៀងអាហារ​ សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ ដើម្បី​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​គ្រប់​ស្រុក​ទាំងអស់​ និង​ទី​៣​ ចុះ​ទៅ​វាយតម្លៃ​ជាក់ស្ដែង​ផល​ប៉ះពាល់​ចុង​ក្រោយ​»​។​

​កាលពី​លិច​ទឹក​អំឡុង​ខែកក្កដា​ និង​សីហា​ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ដស្ទឹងត្រែង​ ប្រមាណ​ជាង​ ៥​ពាន់​គ្រួសារ​។​

​ដោយឡែក​ខេត្ដក្រចេះ​ ឯណោះ​វិញ​លោក​ ប៉ែន​ លី​ណាត់​ មន្ដ្រី​នាំពាក្យ​សាលាខេត្ដ​ក្រចេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទឹកទន្លេ​មេគង្គ​នៅ​ខេត្ដក្រចេះ​ មិន​ទាន់​បាន​ស្រក​ចុះ​នៅឡើយ​ទេ​ ក៏​ប៉ុន្ដែ​ទឹក​នៅ​ហ្នឹង​ មិន​ហក់​ឡើង​ដូច​កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​ឡើយ​។​ យ៉ាងណា​អាជ្ញាធរ​ក្នុង​ខេត្ដ​នេះ​ បាន​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​ជួយ​ពលរដ្ឋ​ ប្រសិនបើ​ទឹក​ឡើង​ ឬ​ក៏​មានការ​ឈឺ​ថ្កាត់​ ៖«​បាទ​យើង​ទាំង​អាជ្ញាធរ​ខេត្ដ​ អាជ្ញាធរ​ស្រុក​ ហើយ​និង​ឃុំ​ សង្កាត់​អី​ យើង​នៅ​ចាំ​ជួយ​គាត់​ជា​ប្រចាំ​ ទាំង​សុខភាព​ ទាំង​សន្ដិសុខ​»​។​=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

​ទឹកជំនន់​បាន​ហក់​ឡើង​ ហូរ​ចូល​លិច​ក្រុង​ក្រចេះ​ និង​ស្រុក​ចំនួន​ ០៤​ ដែល​នៅ​ក្នុង​នោះ​មានផ្ទះ​ជាង​ មួយ​ពាន់​ខ្នង​ និង​សាលារៀន​ ៤​កន្លែង​ ត្រូវ​បាន​ផ្អាក​ការ​សិក្សា​។​

​យោង​តាម​ការ​ព្យាករណ៍​កម្ពស់​ទឹក​ ពី​ក្រសួង​ធនធានទឹក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​នេះ​ ទឹកទន្លេ​មេគង្គ​ ខេត្ដស្ទឹងត្រែង​ មាន​កម្ពស់​ ១០,០៨​ម៉ែត្រ​ ខេត្ដក្រចេះ​ ២១,៦៩​ម៉ែត្រ​ និង​ខេត្ដកំពង់ចាម​ ១៥,៣២​ម៉ែត្រ​។​ បន្ថែម​ពី​នេះ​ ក្រសួង​ធនធានទឹក​ បញ្ជាក់​ទៀត​ថា​ កម្ពស់​ទឹកនឹង​បន្ដ​ស្រក​ចុះ​ទៀត​នៅ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​

​ជំនន់​ទន្លេមេគង្គ​ បាន​បង្ក​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ខេត្ដ​ចំនួន​ ០៨​ ដែល​មាន​ដូច​ជា​ ខេត្ដស្ទឹងត្រែង​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ កណ្ដាល​ តាកែវ​ និង​ខេត្ដ​កំពង់​ឆ្នាំ​។​ នេះ​បើ​យោង​តាម​ មន្ដ្រី​នាំពាក្យ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ លោក​ កែវ​ វី​។​

​លោក​ កែវ​ វី​ បន្ថែម​ទៀត​ថា​ ខេត្ដ​ទាំង​ប្រាំបី​នេះ​ មាន​ ៤៥​ស្រុក​/​ក្រុង​ និង​ ២៥០​ឃុំ​/​សង្កាត់​ បាន​រង​ផល​ប៉ះពាល់​។​ លោក​បន្ដ​ថា​ គិត​មក​ដល់​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ប្រជាពលរដ្ឋ​មាន​ចំនួន​ ៣៦​នាក់​បាន​ស្លាប់​ និង​រង​របួស​ ៨២​នាក់​ ហើយ​ក្នុង​នោះ​មាន​កុមារ​ចំនួន​ ១៥​នាក់​។​ ពលរដ្ឋ​រង​គ្រោះ​ទាំង​អស់នេះ​ មាននៅ​ខេត្ដកំពង់ចាម​ ១៥​នាក់​ ខេត្ដព្រៃវែង​ ១៣​នាក់​ ស្ទឹង​ត្រែង​ ៤​នាក់​ ក្រចេះ​ ៣​នាក់​ និង​ខេត្ដ​ត្បូងឃ្មុំ​ ម្នាក់​។​ លើស​ពី​នេះ​ផ្ទះ​ ១៦១​ខ្នង​ ត្រូវ​បាន​រុះរើ​ សាលារៀន​លិច​ទឹក​ ២៨៩​កន្លែង​ វត្ដ​លិច​ទឹក​ ១២១​កន្លែង​ និង​មណ្ឌល​សុខភាព​លិច​ទឹក​ ២១​កន្លែង​។​=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

​លោក​ កែវ​ វី​ អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ឲ្យ​តាមដាន​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​ទឹក​ឲ្យ​បាន​ជាប់​ជា​និច្ច​ ដើម្បី​ងាយ​ក្នុង​ការ​បង្ការ​ និង​ប្រុង​ប្រយ័ត្ន​។​ បន្ថែម​ពី​នេះ​លោក​ស្នើ​ឲ្យ​អាណាព្យាបាល​ទាំងអស់​ ដែល​រស់នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​ ត្រូវ​មើលថែ​កូន​ឲ្យ​បាន​ល្អ​ ដោយ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​កូន​ទៅ​លេង​ទឹកតែ​ម្នាក់ឯង​នោះ​ទេ​។​

​សូម​ជម្រាប​ថា​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខេត្ដ​ចំនួន​ប្រាំ​ ក្នុង​ចំណោម​ខេត្ដ​ដទៃ​ទៀត​ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ រហូត​ដល់​ថ្ងៃអាទិត្យ​ ស​ប្ដា​ហ៍​នេះ​។​ ខេត្ដ​ទាំងនោះ​រួម​មាន​ ខេត្ដមណ្ឌលគិរី​ រតនគិរី​ ក្រចេះ​ ស្ទឹង​ត្រែង​ និង​ខេត្ដ​ត្បូងឃ្មុំ​ ។​ ចំណែក​រាជធានី​ភ្នំពេញ​ ខេត្ដកណ្ដាល​ កំពង់ស្ពឺ​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ កំពង់ចាម​ និង​ខេត្ដកំពង់ធំ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​ បន្ថែម​ពី​នេះ​ ខេត្ដ​ដទៃៗ​ទៀត​ ភ្លៀង​អាច​ធ្លាក់​ពី​តិច​ទៅ​ បង្គួរ​៕

ប្រភព៖ WMC