សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយល់ព្រមតែងតាំងឯកឧត្ដមសាយ សំអាល់ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ
ខេត្តព្រះសីហនុ និងជាប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តមួយនេះ ជំនួសនាយឧត្ដមសេនីយ៍ប៉ុល សារឿន ដែលត្រូវផ្លាស់ទៅកន្លែងផ្សេង។
ការតែងតាំងនេះ បន្ទាប់ពីមានសំណើរបស់សម្ដេចក្រឡាហោមស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។ សម្ដេចស ខេង បានលើកឡើងក្នុងសំណើនេះ ថា បច្ចុប្បន្ននេះ
ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទន្ទឹមនឹងការអភិវឌ្ឍរីកចំរើននេះ ក៏មានបញ្ហាប្រឈមមួយចំនួនកើតមានឡើង
ដែលត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយ ពិសេសបញ្ហាបរិស្ថាន អនាម័យ សំណង់អគារនានា និងការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរ។
ប្រភពដដែល បានបន្ត ថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំ និងពង្រឹងការអភិវឌ្ឍខេត្តព្រះសីហនុប្រកបដោយចីរភាព និងថែរក្សាការពារបាននូវបរិស្ថាន និងធនធានធម្មជាតិ
សម្ដេចក្រឡាហោមស ខេង ស្នើសុំយោបល់ពីសម្ដេចតេជោហ៊ុន សែន អនុញ្ញាតផ្លាស់ប្ដូរប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ។
ក្នុងនោះសម្ដេចក្រឡាហោមស ខេង បានស្នើសុំតែងតាំងឯកឧត្ដមសាយ សំអាល់ ជំនួសឯកឧត្ដមនាយឧត្ដមសេនីយ៍ប៉ុល សារឿន។
ទន្ទឹមនឹងនេះ សម្ដេចស ខេង បានស្នើសុំតែងតាំងឯកឧត្ដមនាយឧត្ដមសេនីយ៍ប៉ុល សារឿន ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយល់ព្រមចំពោះសំណើសុំនេះរួចហើយដែរ៕