សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមដែលហៅកាត់ថា (គ.ប.ផ.ក) នោះត្រូវចាប់អ្នកផលិត ឬម្ចាស់ទីតាំងផ្ទុកផលិតផលក្លែងក្លាយឲ្យបាន ដើម្បីធ្វើយ៉ាងកុំឲ្យករណីនេះកើតមាននៅកម្ពុជាបន្តទៀត។
ការបញ្ជារបស់សម្តេចក្រឡាហោម ស ខេង បែបនេះគឺបានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីកម្ទេចនិងបំផ្លាញចោលនូវទំនិញ
ក្លែងក្លាយ៧០តោន ដែលបង្ក្រាបនាពេលកន្លងទៅ នៅទីលានដីតាមបណ្តោយមហាវិថី សម្តេចតេជោ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «ដាក់បទបញ្ជាទៅគណៈកម្មាធិការថា លើកក្រោយមិនមែនថា ចង់កាត់ទោសអ្នកនេះអ្នកនោះទេ លើកក្រោយបើថា
ចាប់បានផលិតផលហ្នឹងហើយ ត្រូវតែចាប់ម្ចាស់ឲ្យបាន បើមិនចាប់បានម្ចាស់ទេ ខ្ញុំនឹងមិនមកចូលរួមបំផ្លាញទៀតទេ នេះលក្ខខណ្ឌរបស់ខ្ញុំស្តាប់ឲ្យបាន។
បើគ្រាន់តែចាប់បានផលិតផលក្លែងក្លាយបែបនេះ តើពេលណាទៅបានអស់ផលិតផលក្លែងក្លាយ? បើមិនព្រមចាប់ម្ចាស់អ្នកផលិតផងនោះ ហើយលក្ខខណ្ឌបើចង់ឲ្យខ្ញុំមកត្រូវចាប់ម្ចាស់ ឬអ្នកទទួលខុសត្រូវ លើផលិតផលក្លែងក្លាយនេះឲ្យបាន» ។
សម្តេចក្រឡាហោម បានបន្ថែមទៀតថា ការចាប់ត្រឹមតែផលិតផលហើយចាប់ម្ចាស់មិនបាន វាប្រៀបបានដូចជាការបក់ផ្សែងយ៉ាងដូច្នេះដែរ។ ដូច្នះហើយក្រុមការងារត្រូវតែខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់នូវផលិតផលទាំងនេះ ក្នុងគោលបំណងការពារសុខភាពរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ជាដើម។
យ៉ាងណាក៏ដោយសម្តេចក្រឡាហោម បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់បន្ថែមទៀតនូវផលិតផលក្លែងក្លាយនេះ ដើម្បីមុខមាត់ប្រទេស និងសុខ ភាពទូទៅរបស់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា ផលិតផលក្លែងក្លាយនិងទិញខូចគុណភាព ដែលកម្ទេចចោលនាព្រឹកនេះរួមមាន ថ្នាំពេទ្យក្លែងក្លាយចំនួន១០៦មុខ ស្មើនឹង ៤០០គីឡូក្រាម, ទឹកសុទ្ធម៉ាក Evain, Saint amand,Montcalm ចំនួន៥,៥២០កេស ស្មើនឹង៦២,៦៤០គីឡូក្រាម និងផលិតផល ជីកសិកម្ម ចំនួន៧,៨៥០គីឡូក្រាម សរុបទាំងអស់មានចំនួនជាង៧០តោន៕