អាសូរណាស់ !តូចចិត្តគ្មានលុយចិញ្ចឹមកូន ខណៈប្តីចេញពីផ្ទះបាត់ ស្រ្តីម្នាក់សម្រេចចិត្តពរកូនទើបអាយុ៣ខែ រត់ចូលរថយន្តដើម្បីសម្លាប់ខ្លួន មានការភ្ញាក់ផ្អើលមួយនៅតាមផ្លូវជាតិលេខ១​ ត្រង់ចំណុចដេប៉ូឈើមួយកន្លែង ក្នុងភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ពេលមានស្ត្រីកូនខ្ចីម្នាក់ តូចចិត្តគ្មានលុយចិញ្ចឹមកូនស្រី ដែលទើបមានអាយុបាន៣ខែ។

ស្រ្តីរូបនេះ ក៏តូចចិត្តការដែលប្តីបានចេញទៅធ្វើកម្មករលីសែង នៅកន្លែងលក់ឈើ និងគ្រឿងសំណង់មួយកន្លែងបាត់ មិនព្រមមកផ្ទះ ទើបដាច់ចិត្តរត់ចូលរថយន្តដើម្បីសម្លាប់ខ្លួន វេលាម៉ោង១២៖៣០នាទីថ្ងៃទី៤ ខែកញ្ញា​ឆ្នាំ២០១៨នេះ។

បើតាមសម្តីស្ត្រីដ៏អភ័ព្វនេះឈ្មោះ សូរ មុំ បានបន្ថែមទៀតថា ពេលដាំបាយគ្មានអង្ករច្រកឆ្នាំង រត់ទៅខ្ចីអង្ករអ្នកជិតខាងសង្ឃឹមបានលុយប្តី តែមិនឃើញប្តីមកក៏សម្រេចចិត្តជួល ម៉ូតូឌុបជិះ មកតាមប្តីដើម្បីបានលុយខ្លះ ប៉ុន្តែមិនដូច បំណងប្រាថ្នាទាល់តែសោះ ខណៈមកជួបមុខប្តីបែរជាប្តីមិនព្រមទៅផ្ទះហើយ ​ចង់ចែកផ្លូវទៅទៀតតើឱ្យស្ត្រីណាមិនឈឺចិត្តទើបរូបនាងសំរេចរត់ចូលរថយន្ត និងម៉ូតូគេដើម្បីបញ្ចប់ជីវិត ដ៏ស្មុកស្មាញមួយនេះ។

អ្នកស្រី មុំ បានរៀបរាប់ទាំងទ្រហោយំទៀតថា ប្តីខ្លួនមានឈ្មោះ យស់ កាន អាយុ២៦ឆ្នាំ ជាអ្នកភូមិជាមួយគ្នាចាប់តាំងរៀបការ ជាមួយគ្នាបានជាងមួយឆ្នាំមកនេះ ពុំដែលវាយតប់នាងទេ ហើយកាលពីមិនទាន់មកធ្វើការកន្លែងលក់ឈើនេះ គេមានមុខរបរដើរតាមឡានដឹកឥដ្ឋ ហើយបានមកផ្ទះជួបជុំប្រពន្ធកូនរាល់ថ្ងៃ និងបានលុយចូលផ្ទះខ្លះតែចាប់តាំងប្តីខ្លួន មានមិត្តភក្កិធ្វើការនៅដេប៉ូឈើនេះ បានអូសទាញប្តី ឱ្យមកធ្វើការមិនទៅផ្ទះវិញទេ ធ្វើឱ្យនាងកំព្រារងាររស់នៅតែពីនាក់ម្តាយកូនយ៉ាងវេទនាជាពុនពេក។

ពាក់ព័ន្ធនឹងករណីនេះឈ្មោះ យស់ កាន ត្រូវជាប្តីរបស់នារី គិតខ្លី (សូ មុំ) បានបញ្ជាក់ថា ខ្លួនមិនបានរត់ចោលប្រពន្ធកូនទេ ដោយសារជីវភាពខ្វះខាត ចេញពីផ្ទះមកធ្វើកម្មករលីសែង ឱ្យគេនៅដេប៉ូឈើខាងលើនេះគ្រាន់ តែមិនបានទៅផ្ទះព្រោះរវល់ទៅតាមរថយន្ត ដឹកឥវ៉ាន់មកវិញ យប់មិនបានទៅផ្ទះវិញ តែប៉ុណ្ណោះហើយក៏មិនបានលែងលះគ្នាដែរ។

ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកសាកសួរ និងធ្វើការអប់រំកុំឱ្យស្ត្រីគិតខ្លីនេះ ធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត និងត្រូវចេះស្រឡាញ់គ្រួសារ ជាពិសេសកូនដែលនៅតូចមិនដឹងអីហើយមករងគ្រោះ ដោយសារម្តាយគិតខ្លី៕