ភ្នំពេញ៖ ឯកឧត្ដមពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើង ថា កុំយកអាយុជីវិតរបស់មនុស្ស ដើម្បីលាងភាពឈឺចាប់មួយគ្រាឲ្យសោះ។
ការលើកឡើងនេះ បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងអំពីគម្រោងស្នើសុំធ្វើប្រជាមតិ ដើម្បីឈានទៅរកការកែសម្រួលនិងបង្កើតច្បាប់ ក្នុងការកាត់ទោសឧក្រិដ្ឋជនទាំងនោះ ដោយទោសប្រហារជីវិត ឬដាក់ទោសអស់មួយជីវិត។
ឯកឧត្ដមពេជ្រ ស្រស់ បានសរសេរនៅលើហ្វេសប៊ុក នារសៀលថ្ងៃទី១០ ខែមីនានេះ ថា”វាជាសិទ្ធិរបស់បងប្អូនដែលបងប្អូនចង់បាននូវច្បាប់អ្វីមួយនោះ ប៉ុន្តែបងប្អូនគួរកុំបង្កើតក្តីឈឺចាប់ជាន់ពីលើគ្នាអី ហើយកុំយកអាយុជីវិតរបស់មនុស្ស
ដើម្បីលាងភាពឈឺចាប់មួយគ្រាឲ្យសោះ យើងគួររួមគ្នាដាស់សតិដល់ជនទាំងឡាយ ដែលកំពុងល្មោភកាមវិញប្រសើរជាង ហើយអ្វីដែលសំខាន់ គឺរួមគ្នាលុបបំបាត់ហេតុដែលនាំឲ្យកើតឡើង នូវការចាប់រំលោភឲ្យអស់ពីកម្ពុជា ទើបមានប្រសិទ្ធភាពជាងការសម្លាប់គ្នាដើម្បីសងភាពឈឺចាប់”។
ប្រធានបក្សយុវជនកម្ពុជា បានសរសេរបន្ត ថា”កូនត្រូវឪពុកចាប់រំលោភរងភាពឈឺចាប់ ឪពុកត្រូវច្បាប់ប្រហារជីវិត ហើយកូននៅក្នុងបន្ទុកផ្សេងទៀតមិនពាក់ព័ន្ធត្រូវកំព្រាឪពុក
គ្រួសារបែកបាក់រសាត់គ្មានទីពឹង កូនបែកមេបាក្លាយជាជនអនាថា តើនរណាជាអ្នកទទួលខុសត្រូវ…?…?ឈឺចាប់ខូចអនាគតក្មេងមួយផ្នែកទៅហើយ ប៉ុន្តែមកឈឺចាប់កូនព្រាត់ឪពុក និងបែកបាក់គ្រួសារថែមមួយកម្រិតទៀត
សួរថាតើច្បាប់នេះសង្រ្គោះកុមារីឬច្បាប់នេះបន្ថែមទុក្ខដល់កុមារីថែមទៀត? កុមារីរងគ្រោះនឹងទទួលបានយុត្តិធម៌ ប៉ុន្តែកុមារី និងកុមារាដែលមិនមែនជាជនរងគ្រោះ នឹងក្លាយជាជនរងគ្រោះដោយសារឪពុកត្រូវបានច្បាប់កាត់ទោសប្រហារជីវិត”។
ឯកឧត្ដមពេជ្រ ស្រស់ បានបញ្ជាក់ ថា”ខ្ញុំមិនអាចរៀបរាប់លើសពីនេះទៀតទេ ព្រោះថារឿងកំព្រារឪពុកមិនមែនជារឿងលេងសើចទេ ដូច្នេះច្បាប់កើត ឬ មិនកើតអាស្រ័យលើបងប្អូនជនរួមជាតិ
គឺជាអ្នកសម្រេចទៅចុះ ប៉ុន្តែសម្រាប់ខ្ញុំគឺមិនគាំទ្រជាដាច់ខាត ដោយសារសូម្បីតែដាក់ទោសជាប់គុកមួយជីវិត គឺជាការព្រាត់គ្នាមួយបាត់ទៅហើយ ប៉ុន្តែការព្រាត់នេះកូនអាចមានឱកាសតបគុណឪពុកបាន
ប៉ុន្តែបើព្រាត់ស្លាប់គឺកូន នឹងក្លាយជាឃាតករសម្លាប់ឪពុកខ្លួនឯង ហើយនៅពេលកូននោះធំឡើងដឹងក្តីតើគាត់នឹងមានវិប្បដិសារីដែរឬទេ?សូមបងប្អូនជនរួមជាតិ ពិចារណាដោយខ្លួនឯងចុះ”៕