ខេត្តពោធិ៍សាត់ ៖ បើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធទេនោះ ក្រុមឈ្មួញឈើក៍មិនអាចដឹកចេញបាន១ដុំដែរ តែនេះដោយមានការបើកដៃយ៉ាងចំហរទើបក្រុមឈ្មួញឈើទាំងនោះមានដូចជាមេឈ្មួញឈ្មោះង៉ោ ម៉ៅ ហៅឆាង
ម៉ៅនិងឈ្មួញផ្សេងៗទៀត បាននឹកំពុងសម្រុកដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងគំហុកទាំងឈើមូលនិងអារ ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយម្នាក់ៗអង្គុយចាំយកតែលុយដូចទីងមោង។
ប្រភពពីពលរដ្ឋបានលើកឡើងថា ការដែលឈ្មួញឈ្មោះ ង៉ោ ម៉ៅ និងឈ្មួញផ្សេងទៀត អាចដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ យ៉ាងរលូនបែបនេះគឺដោយមានការបើកដៃពីសំណាក់លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ តែម្ដង ។
ទន្ទឹមនឹងនេះសេចក្ដីរាយការណ៍ពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការដែលលោក សួស សុផានិត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តបែបនេះគឺដោយសារមានការឃុបឃិតពីមេខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តនិងពីលោក ឡាយ វិសិដ្ឋ ដែលជាប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ផងដែរ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ បានបន្តថាក្នុង១ថ្ងៃៗមានឈ្មួញដឹកជញ្ជូនឈើ ទាំងឈើមូលនិងឈើអារចេញពីស្រុកភ្នំក្រវាញតាមរថយន្តនិគោយន្ដ ទាំងយប់ទាំងថ្ងៃរាបើសិបគ្រឿង ជាពិសេសឈ្មួញឈ្មោះ ង៉ោ ម៉ៅ
ដែលរូបគេបានប្រមូលទិញឈើធ្នង់នៅចំណុចទីតំាងផ្លូវបំបែកទៅទំនប់ទី៣ ជាប់ដីចំការតាលី ក្នុងភូមិតាងរាង ឃុំ សំរោង ស្រុកភ្នំក្រវាញ ធ្វើជាកន្លែងស្ដង់ប្រមូលទិញឈើប្រភេទធ្នង់ផ្ដាច់មុខខ្លួនឯង និងមានបក្ខពួកគេឈ្មោះ ណាក់
និងប្រពន្ធឈ្មោះស្រីភ័ក្រ្ត ជាអ្នកនៅចាំឈរបញ្ជាទិញផ្ទាល់ ព្រមទាំងមានអ្នកដឹកមកលក់អោយឈ្មួញរូបនេះដល់កន្លែងក្នុងមួយថ្ងៃៗរាប់រយម៉ូតូនិងរថយន្តរាប់សិបគ្រឿងបើមើលទៅប្រៀបដូចឡានហែរកឋិនអីចឹង ។
ចំណែកលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងបក្ខពួកឲ្យតែឈ្មួញទាំងនោះបង់លុយតាមការកំណត់របស់ពួកគេគឺបើកដៃអោយឈ្មួញដឹកជញ្ជូនតាមចិត្ត ប៉ុន្តែប្រសិនបើអ្នកដឹកជញ្ជូនឈើមិនបង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធទេ
គឺត្រូវប្រឈមនឹងការបង្ក្រាបចៀសមិនផុតឡើយ។ ដូច្នេះគ្មានឈ្មួញណាដែលអាចគេចផុតពីការបង់លុយទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនោះទេ។ ឈ្មួញមួយចំនួនបានដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ ចូលមកស្រុកក្រគរ
ដែលមានការសម្របសម្រួលពីសំណាក់លោក ប៊ុល ចន្ថា នាយផ្នែករដ្ឋបាលព្រៃឈើក្រគរ ផងដែរទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅបាន។
បើយោងតាមសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងព្រៃការពារក្នុងស្រុកភ្នំក្រវាញ មានការកើនឡើងយ៉ាងគំហុក។
ការដែលក្រុមឈ្មួញអាចធ្វើសកម្មភាពបំផ្លាញព្រៃឈើក្នុងស្រុកភ្នំក្រវាញ យ៉ាងមហន្តរាយបែបនេះគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកភ្នំក្រវាញ តែម្តង។
លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ត្រូវបានគេឲ្យដឹងថា ជាអ្នកឃុបឃិតឲ្យមានបទល្មើសព្រៃឈើកើតឡើងខ្លាំងនៅស្រុកភ្នំក្រវាញ និងស្រុកក្រគរ។
ដូច្នេះសូមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលោកអភិបាលខេត្ត ម៉ៅ ធនិន្ទ សូមមេត្តាជួយពិនិត្យមើលមន្ដ្រីក្រោមឱវាទរបស់ខ្លួនផង
ព្រោះរាជរដ្ឋាភិបាលបានចាត់ឲ្យអស់លោកទៅធ្វើការបម្រើជាតិការពារធនធានធម្មជាតិទៅតាមជំនាញរបស់អស់លោករាងៗខ្លួន មិនចាត់ឲ្យលោកទៅអង្គុយដូចទីងមោងចាំតែលោកលុយមកញ៉ុកហោប៉ៅនោះទេ
បើមិនដូច្នោះទេ ព្រៃឈើនៅស្រុកភ្នំក្រវាញនិងស្រុកវាលវែងក្នុងខេត្តពោធិ៍សាត់មួយនេះត្រូវប្រឈមនឹងក្ដីវិនាសហិនហោចជាក់ជាមិនខាន៕ ជុំវិញករណីនេះ គេហទំព័រយើង រងចាំការ បំភ្លឺ ជានិច្ច. ៕
ប្រភព៖ PN Asia