(ព្រៃវែង)៖ ជនសង្ស័យជា ថៅកែឈើម្នាក់ត្រូវបានមន្ត្រី កងរាជអាវុធហត្ថស្រុកពារាំង ឃាត់ខ្លួនប្រគល់ឲ្យមន្ត្រីអាវុធហត្ថខេត្តកណ្ដាលទាំងព្រឹក។ លោក ហាស់ ហ៊ាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកពារាំង បានថ្លែងប្រាប់ គេហទំព័រដើមរាំង ថា កំលាំងរបស់លោក ពិតជាបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហឿន ហាន (ហៅគុយ ហាន) ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរថៅកែឈើ និងមានទីលំនៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រាកដមែន។
គឺនៅម៉ោង៨ព្រឹកថ្ងៃទី០៨,០៣,២០១៩នេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចូលខ្លួន លេខ ០០៣ អ.យ /១៩ ដោយលោក សូ សុវិទ្យា តំណាងអយ្យការ អមសាលាដំបូងខេត្ត កណ្តាល គឺមានភាពទទឹង មិនព្រមចូលមកបំភ្លឺ ឬបង្ហាញខ្លួន តាមការកំណត់តាមដីកាកោះ របស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល រហូតដល់ទៅ២លើក!។
ប្រភពបានឲ្យដឹងថា! លោក គុយ ហាន កន្លងមកតែងតែដឹកឈើ ពីខេត្តកំពង់ធំ ដើម្បីមកដាក់លក់នៅដេប៉ូខ្លួនឯស្រុកពារាំង ដោយបើករថយន្តតាមផ្លូវជាតិលេខ៦ បត់មកផ្លូវជាតិលេខ៨។ ជាមួយគ្នានោះ លោកធ្លាប់ប្រាប់ថា រាល់ការដឹកជញ្ជូនឈើទាំងនោះ គឺលោកបានបង់លុយឲ្យសមត្ថកិច្ច តាមដងផ្លូវរហូត ជាពិសេសគឺសមត្ថកិច្ច មេព្រៃខេត្តកណ្ដាល និងស្រុកមុខកំពូល!។
លុះដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានដឹកឈើប្រភេទ គ្រឿងផ្ទះ១ឡានចំណុះ៥តោន ពីខេត្តកំពង់ធំ មកចូលដេប៉ូខ្លួនទៀត។ ពេលដឹកមកដល់ ចំណុចភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅម៉ោង៧យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
ក៏ត្រូវបាននាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកមុខកំពូល ស្ទាក់ចាប់រថយន្តរបស់លោក ដោយពេលនោះមានព្រះរាជអាជ្ញារងម្នាក់ ជាមួយមេព្រៃនិងប៉េអឹម។
ហើយក៏បានប៉ះទង្គិតពាក្យសម្ដី គ្នារវាងលោកនិងព្រះរាជអាជ្ញារង។
ពោលគឺលោក គុយ ហាន បាននិយាយទៅកាន់ព្រះរាជអាជ្ញារងថា៖ ខ្ញុំបង់លុយឲ្យមេព្រៃ រាល់លើកគឺក្នុង១ឡាន អស់៧០ម៉ឺនរៀល សម្រាប់១ជើងឆ្លងកាត់ខេត្តកណ្ដាល ហេតុអីនៅតែចាប់ឡានខ្ញុំទៀត? ។
ក្នុងនោះ ព្រះរាជអាជ្ញារង មិនព្រមឲ្យឡានឈើទៅមុខទេ ទើបលោក គុយ ហាន បញ្ជាតៃកុងឲ្យព្យាយាមបើករត់រហូត ប៉ុន្តែមេព្រៃតាមស្ទាក់ជាប់ដដែល។ ភ្លាមនោះលោក ព្រះរាជអាជ្ញារង បានបញ្ជាឲ្យមន្ត្រីអាវុធហត្ថឃាត់ខ្លួនលោក គុយ ហាន បណ្ដាលឲ្យលោក គុយ ហាន រត់ឡើងរថយន្តតូច របស់ខ្លួនបើកគេចមកផ្ទះបាត់ទៅ។
រីឯរថយន្តនិងឈើរបស់លោក ត្រូវបាន មេព្រៃស្រុកមុខកំពូល យកទៅរក្សាទុកនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយមេព្រៃចាប់ឈើបែបនោះ លោក គុយ ហាន បានទម្លាយថា! ច្រើនឆ្នាំមកហើយ ខ្លួនដឹកឈើជារៀងរាល់លើក។
គឺ បានបង់លុយឲ្យមន្ត្រីតាមដងផ្លូវជាហូរហែ រាប់លានរៀលក្នុង១ឡានៗ ហើយសម្រាប់ តែខេត្តកណ្ដាល ១ឡានបង់អស់៧០ម៉ឺនរៀល ក្នុងនោះបង់ឲ្យ
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្ដាល ៣០ម៉ឺនរៀល! នាយផ្នែក ២០ម៉ឺនរៀល និងនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកមុខកំពូល ២០ម៉ឺនរៀល ជាកំហិត សរុប៧០ម៉ឺនរៀលក្នុង១ជើង។
លោកនិយាយប្រាប់អ្នកកាសែតមុនថ្ងៃចាប់ខ្លួនថា ការដែលមេព្រៃចាប់ឡានខ្ញុំនៅជិតគល់ស្ពានព្រែកតាមាក់កាលពីពេលកន្លងមកនោះ ។ មូលហេតុមកពីលោក និងមេព្រៃស្រុកមុខកំពូល ឈ្លោះគ្នារឿងបង់លុយមុននិងក្រោយ។
ខណៈ មេព្រៃគេកំណត់ឲ្យបង់១ជើងម្ដង ប៉ុន្តែលោក ថា បីបួនជើង ចាំបង់សរុបទៅ គឺពិបាកណាស់បង់រាល់ជើង មិនស្រួលទេ ហើយក៏មានទំនាស់កុងកាច់គ្នា!។
ទើបឈាន ដល់មេព្រៃដាក់កំលាំង ជាមួយបេអឹមស្រុកមុខកំពូល និងព្រះរាជអាជ្ញារង ចុះចាំចាប់ឈើលោក ទាំងយប់តែម្ដង។
ខណៈពេលចាប់នោះ គឺមានភាពចំរ៉ូងចម្រាស់ រវាងសមត្ថកិច្ចនិងលោក គុយហាន ទើបសំណុំរឿងនេះត្រូវបញ្ជូនទៅតុលាការ ខេត្តកណ្ដាល ទាំងតក់ក្រហល់៕ ប្រភព៖ ដេីមរាំង