ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដាក់បំរាមហាមដាច់ខាតមិនឲ្យមានការសម្របសម្រួល ឬសុំសម្រាលទោស ចំពោះជនណារំលោភសេពសន្ថវៈ លើអនីតិជននោះឡើយ។ ការដាក់បំរាម យ៉ាងដូច្នេះ
គ្រាដែលឯកឧត្តមទៀ សីហា និងលោកជំទាវ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩។
ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានដាក់ចេញនូវគោលការណ៍ សម្រាប់សមត្ថកិច្ចដែលពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះស្រ្តី កំពុងជាប់ក្នុងពន្ធនាគារ។
ក្នុងនោះឯកឧត្តម ទៀ សីហា បានដាក់បំរាមយ៉ាងម៉ឹងម៉ាត់ ចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនត្រូវឲ្យមានការសម្របសម្រួល ឬ សុំសម្រាលទោស ចំពោះជនណា ដែលបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ លើអនីតិជនជាដាច់ខាត ។
ឯកឧត្តមអភិបាលខេត្ត ហៅជនដែលបានប្រព្រឹត្តអំពើអាណាចារទាំងនោះ ថាជាសត្វ មិនមែនជាមនុស្សនោះទេ មិនត្រូវលើកលែងទោសឲ្យ ជាដាច់ខាត ។
ឯកឧត្តម ទៀ សីហា ក៏បានបង្ហាញឲ្យដឹងផងដែរថា ឯកសារ ការប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជា ដែលបានដាក់បញ្ចូលផងដែរ នូវបញ្ហារបស់ស្រ្តី ទៅក្នុងក្រុមនៃជនងាយរងគ្រោះ នៃផែនការជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្រ្តីលើកទី៣ ( ២០១៩-២០២៣ )។
ឯកឧត្តមបន្តទៀតថា ដូច្នេះនៅថ្នាក់ក្រោមជាតិ ត្រូវផ្តល់សេវា និង រួមគ្នាទប់ស្កាត់អំពើហឹង្សាលើស្រ្តីនិងក្មេងស្រ្តី រួមទាំងការរំលោភសេពសន្ថវៈ និង ការបៀតបៀនផ្លូវភេទ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ដោយយោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែ មីនា ឆ្នាំ២០១៨កន្លងទៅ បានឲ្យដឹងថា
មានបទល្មើសរំលោភសេពសន្ថវៈ បានកើតឡើងជាមធ្យមចំនួន៣ករណី ជារៀងរាល់ថ្ងៃនៅក្នុងខេត្តសៀមរាប ហើយជនរងគ្រោះទាំងនោះ មួយចំនួនជាក្មេងស្រីមានអាយុក្រោម១៥ឆ្នាំនោះ ៕