កសិករចំនួន ១៦២ គ្រួសារ ក្នុង ស្រុកអង្គរធំ ស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំគ្នាដាំដុះបន្លែសុវត្ថិភាពគ្មានជាតិគីមី ដែលប្រមូលផលបានចំនួន ១ ៤៣២ តោន ក្នុងមួយឆ្នាំៗ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។
ការដាំដុះបន្លែសុវត្ថិភាពរបស់កសិករទាំងនោះ គឺមានទាំងខ្នាតតូច និង ខ្នាតធំ ដោយអនុវត្តន៍តាមបច្ចេកទេសកសិកម្មត្រឹមត្រូវល្អទៀតផង។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប ត្រូវបានសារព័ត៌មានក្នុងស្រុកមួយដកស្រង់សំដីមកថា កសិករក្នុងស្រុកទាំងបីខាងលើ ដែលស្ថិតនៅក្នុងគម្រោងដាំដុះរបស់មន្ទីរកសិកម្មខេត្ត បានដាំដុះបន្លែសុវត្ថិភាពចំនួន ៣៦មុខ នៅលើផ្ទៃដីប្រមាណជា ២២០ ហិកតា។
បរិមាណបន្លែសុវត្ថិភាពក្នុងគម្រោងនេះ បានចូលរួមចំណែក ១៥ភាគរយ នៃកសិករដាំបន្លែសុវត្ថិភាពទូទាំងខេត្ត ហើយផលដំណាំ ដែលកសិករប្រមូលបាន អាជីវករលក់ដុំ លក់រាយ ទាក់ទងទិញផ្ទាល់ពីម្ចាស់ចម្ការ និង
យកទៅលក់នៅតាមបណ្តាផ្សារនានា រួមមានផ្សារសាមគ្គី ផ្សារដំដែក ផ្សាររលួស ផ្សារអង្គ្រង ផ្សារដើមក្រឡាញ់ ផ្សារចាស់ ផ្សារស្រះស្រង់ ផ្សារព្រះដាក់ខេត្តសៀមរាប និង ផ្សារស្រុកស្ទោង ខេត្តកំពង់ធំ ជាដើម។
បន្លែសុវត្ថិភាព ដែលដាំដុះទូទាំងខេត្តសៀមរាប អាចផ្គត់ផ្គង់តម្រូវការនៅទូទាំងខេត្ត ពិសេសនៅតាមសណ្ឋាគារធំៗ និង ផ្សារទំនើបបាន ៦០ ទៅ ៧០ ភាគរយ ជាមួយតម្លៃល្អប្រសើរ ។
តាមរយៈការដាំបន្លែសុវត្ថិភាព របស់កសិករនៅខេត្តសៀមរាប បានកាត់បន្ថយការនាំចូលបន្លែច្រើនពីប្រទេសជិតខាង ដែលភាគច្រើនជាបន្លែមើម ដូចជាការ៉ុត ដំឡូវបារាំងជាដើម ៕ ប្រភព៖ ប្រជាប្រិយ