មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តយីឌុបដឹកខ្សាច់ឡើងចង់បាក់ទ្រុងវ៉ារថយន្តមួយទៀតមិនផុត រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ទៅលើរថយន្តកាមរីស៊េរី៩៥ កំពិតខ្ទេច ចាក់ខ្សាច់ចោលពេញផ្លូវ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ដល់អាយុជីវិតមនុស្សទេ។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ចំណុចផ្សារភ្នំធំ ក្នុងភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានរថយន្តធុនធំយីឌុប ហ្វូយហ្សូ គ្មានស្លាកលេខ អ្នកបើកមាន ឈ្មោះ អែល កន នៅភូមិចុងដូង ឃុំចុងដូង
ស្រុកបារាយណ៍ខេត្តកំពង់ធំដឹកខ្សាច់ពេញឡើងចង់បាក់ទ្រុង បើកចេញពីខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ លុះដល់កន្លែងកើតហេតុ ក៏បានវ៉ាជែងជាមួយរថយន្តហាយលែនឌឺ មិនផុត
បានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់សង្កត់ពីលើរថយន្ត កាមរី ៩៥ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ចតចោលនៅមុខផ្ទះ ដែលម្ចាស់រថយន្តមាន ឈ្មោះ រឿន ប៊ុនណូ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពិតខ្ទេចអស់។ ចំណែកខ្សាច់ ចាក់ចោលពេញថ្នល់ជាតិតែម្តង។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុហើយ ដោយសារតែម្ចាស់រថយន្តកាមរីគ្រាន់តែកំពិត គ្មានប៉ះពាល់ដល់មនុស្ស ម្ចាស់រថយន្តទាំងសងខាង
បានធ្វើការសម្រុះសម្រួលគ្នា ដោយភាគីខាងរថយន្តកាមរីបានទាមទារសំណង២,៣០០ដុល្លារ ដើម្បីបញ្ចប់រឿង។ ក្រោយពីឯកភាពគ្នារួចហើយ រថយន្តទាំងពីរ ក៏បានស្ទូចយកទៅធ្វើនៅការ៉ាស់ជួសជុលទាំងពីរផងដែរ៕