ប្រជាពលរដ្ឋរស់នៅក្នុងភូមិណា ឃុំញ៉ាង ស្រុកអណ្ដូងមាស កំពុងប្រឈមនឹងការអត់ទឹកប្រើប្រាស់ បន្ទាប់ពីមានក្រុមហ៊ុនចិន បានសាងសង់សំណង់រឹង និងជីកស្រះនៅមាត់អូរណាយ។
អូរណាយ ស្ថិតក្នុងភូមិណាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី កំពង់ត្រូវក្រុមហ៊ុនចិន ជីកបំផ្លាញធ្វើស្រះនៅមាត់អូរ
កាយដីចូលអូរ បណ្ដាលឲ្យរីងហួតទឹក ធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋក្នុងភូមិ ដែលកំពុងប្រើប្រាស់ទឹកអូរនេះតាំងពីដូនតាមក។
ករណីក្រុមចិនសាងសង់សំណង់រឹង និងជីកធ្វើស្រះមាត់អូរនេះ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មានអ្នកបកប្រែឲ្យជនជាតិចិនម្នាក់ បានចេញមុខមកអះអាងថា ដីនេះគេមានច្បាប់គ្រប់គ្រាន់រហូតដល់ក្នុងអូរ ដូចឃើញបង្គោលនៅបាតអូរស្រាប់។
ហើយអ្នកបកប្រែរូបនេះ បានបញ្ជាក់ទៀតថា ការសាងសងសំណង់ និងជីកស្រះនេះ គឺពួកគេធ្វើលើដីគេស្របច្បាប់ ដោយមានការអនុញ្ញាតពីភូមិបាល និងអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
ជុំវិញករណីខាងលើនេះ លោក សយ សុខហឿន ប្រធានភូមិបាល ស្រុកអណ្ដូងមាស បានឲ្យដឹងថា ដីក្រុមហ៊ុនចិននៅចំណុចខាងលើនេះ លោកមិនទាន់ចេញប្លង់ឲ្យបានត្រឹមត្រូវនោះទេ
ហើយការសាងសង់សំណង់ និងជីកស្រះនេះ គឺបំពានច្បាប់ទាំងស្រុងហើយ ពីព្រោះការសាងសង់សំណង់រឹង និងជីកស្រះក្នុងអូរ ខាងក្រុមហ៊ុនចិន មិនបានសុំច្បាប់ ឬ ជូនដំណឹងដល់ខាងជំនាញទេ។
លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី ថា លោកមិនដឹងថាមានក្រុមហ៊ុនចិន មកជីកស្រះ និងមានបំណងបិទអូរនោះទេ ហើយមិនមានច្បាប់ណាមួយ ជីកស្រះ ឬទប់អូរ ដោយមិនមានការសិក្សា
ផលប៉ះពាល់ពីជំនាញនោះទេ ម្យ៉ាងវិញទៀតការសិក្សានោះទៀតសោត ត្រូវសិក្សាថាមានផលប៉ះពាល់អ្វីខ្លះនៅពេលដែលគេជីស្រះ និងបិទអូរ។ ហើយនៅពេលបិទអូរ តើប្រជាពលរដ្ឋទទួលបានផលប្រយោជន៍អ្វីខ្លះ
មិនមែនជីកស្រះ និងទប់អូរ ធ្វើឲ្យប្រជាពលរដ្ឋត្រូវរងគ្រោះ ហើយក្រុមហ៊ុនទទួលបានផលប្រយោជន៍តែម្នាក់ឯងនោះឡើយ។
ចំណែកលោក ខេន សានីត អភិបាលស្រុអណ្ដូងមាស អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺណាមួយបានទេ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នេះ លោកថាជាប់ប្រជុំ។
បើទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្នុងភូមិណាយ ដែលធ្លាប់ប្រើប្រាស់ទឹកអូរនេះតាំងពីដូនតាមក មានការព្រួយបារម្មយ៉ាងខ្លាំងចំពោះបញ្ហាប្រឈមនិងការអត់ទឹកប្រើប្រាស់។
បើសិនជាទង្វើរបស់ក្រុមហ៊ុនចិន មិនមានការសិក្សា ត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន និងជំនាញធនធានទឹកនោះទេ៕