សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មកពីគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានអះអាងថា
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន កំពុងរំលោភ និងមើលងាយអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបំពានលើសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម
តាមរយៈចេញលិខិតអនុញ្ញាតឲ្យឈូសឆាយធ្វើរបងលើដីទំនាស់ ដែលស្ថិតនៅភូមិគគី ដែលជាដីរបស់រដ្ឋ ខណៈដែលតុលាការបានចេញសេចក្ដីសម្រេចទាំងខុសបែបបទគតិយុត្តិ។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង អះអាងបែបនេះ តាមរយៈរបាយការណ៍ចំនួន២ទំព័រ ដែលដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។
របាយការណ៍របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានលើកឡើងថា ក្រោយពីក្រុមការងារប្រតិភូគណបក្សខ្មែរក្រោក ចុះសិក្សាស្រាវជ្រាវរកតម្រុយតាមដានការអនុវត្តច្បាប់នៃលិខិតបង្គាប់ការរបស់សាលាខេត្តព្រះសីហនុ លើការចុះអនុវត្តសាលដីកា របស់តុលាការកំពូលបណ្ដេញពលរដ្ឋចេញពីលើផ្ទៃដីចំនួន៧១ ហិកតា នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
ប្រតិភូគណបក្សខ្មែរក្រោក ទទួលបានតម្រុយ និងឯកសារភស្តុតាងមួយចំនួនបន្ថែមទៀត ដែលបង្ហាញឲ្យឃើញថា លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កំពុងរំលោភលើការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុលោមតាមខ្លឹមសារ ដែលមានចែងក្នុងលិខិតរបស់ក្រសួងកសិកម្មចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។
ផ្ទុយទៅវិញ សាលាខេត្តព្រះសីហនុ បានចេញលិខិតមួយ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឆ្លើយតបទៅលោក ថាន ថាវរៈ ជាមេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះ គង់ វណ្ណា, សៀន សុខ, ទឹមយ៉ាន, ស៊ឹង ស៊ាន, អែម អ៊ិន, ច្រឹង វុត្ថា និងឈ្មោះ វិន ស៊ែ ហៅ អ៊ុំ ស៊ែ ដែលបានស្នើសុំឈូសឆាយ កាយព្រំធ្វើរបង ដោយបញ្ច្រាសទាំងស្រុងទៅនឹងការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងលិខិតរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ គឺសាលាខេត្តព្រះសីហនុ បានឯកភាពជាគោលការណ៍ឲ្យអ្នករំលោភដីធ្វើរបងទៅវិញ។
គណៈប្រតិភូគណៈបក្សខ្មែរក្រោកយល់ឃើញថា លោក យន្ត មីន ធ្វើការដោយលែងខ្វល់ពីសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីទៅហើយ ព្រោះសេចក្តីសម្រេចចេញថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ សាលាខេត្តព្រះសីហនុ បានទទួលនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ស្រាប់តែនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក យន្ត មីន បានអនុញ្ញាតឲ្យគេធ្វើរបងលើដីរដ្ឋ ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិរាករណ៍រួចទៅហើយនោះទៅវិញ។ នេះមានន័យថា លោក យន្ត មីន ពិតជាមានការពាក់ព័ន្ធ និងមានផលប្រយោជន៍លើដីនោះជាក់ជាមិនខាន។
ជាមួយគ្នានោះ ប្រធានគណបក្សខ្មែរក្រោក បានស្នើសុំឲ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាពិនិត្យ នឹងសម្រេចករណីខាងលើនេះ តាមអភិក្រមទី៥ របស់សម្ដេច ក្នុងការវះកាត់ដំបៅមួយនេះ ដើម្បីបង្ការមហារីក ដែលកំពុងតែរីករាលដាល។
ទាក់ទងបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលជាការឆ្លើយតបលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដោយបានអះអាងថា ក្នុងនាមជាអាជ្ញាធរដែនដី គឺតែងតែអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាល
យ៉ាងខ្ជាប់ខ្ជួន និងមានតួនាទីការពារកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋ ការពារសម្បត្តិរួម ជួយសម្របសម្រួល ដឹកនាំចូលរួមអនុវត្តតាមសំណើសុំរបស់ស្ថាប័នតុលាការ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ រក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់ការរំលោភបំពានលើសិទ្ធិអ្នកដទៃ ទប់ស្កាត់បាតុភាពអនាធិបតេយ្យ ដែលអាចឈានដល់ចលាចលសង្គម។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងទៀតថា អ្វីដែលជាការលើកឡើងរបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង គឺគ្រាន់តែដើម្បីលើកតម្លៃផ្ទាល់ខ្លួន ដោយប្រើចរិតអុជអាល ញុះញង់ បំបែកបំបាក់ ទាញយកផលទាញយកប្រជាប្រិយភាព ផលប្រយោជន៍ ដោយពន្យុះមហាជនឲ្យមានការយល់ច្រឡំមកលើរដ្ឋបាលខេត្ត ជាពិសេសការដឹកនាំរបស់លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុតែប៉ុណ្ណោះ ហើយរដ្ឋបាលខេត្តនៅតែរក្សាជំហរយ៉ាងមុតមាំ ដើម្បីការពារទ្រព្យសម្បត្តិស្របច្បាប់របស់ឯកជន ទ្រព្យសម្បត្តិរដ្ឋ ពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព។
បន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុនេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរលើនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ”បើខុសត្រូវទទួលខុស កុំខ្វះក្រមសីលធម៌ ចំណុចដែលសម្ដៅថា លោកយន្ត មីន ព្រហើននោះគឺការចេញលិខិតបំពានលើលិខិតថ្នាក់ជាតិរបស់ក្រសួងកសិកម្មលេខ១០៨២ ដែលយោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ចុះថ្ងៃទី៣១ មករា ២០១៩
ចំណុចនេះហើយជាភស្តុតាង បញ្ជាក់ថា លោក យន្ត មីន ព្រហើននោះ។ ខណៈដែលលិខិតរបស់លោកយន្តមីន ចេញនៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ២០១៩ មានលក្ខណៈ និងអត្ថន័យផ្ទុយទាំងស្រុង និងលិខិតរបស់ថ្នាក់ជាតិ។ ក្នុងនាមជាមន្ត្រីថ្នាក់ក្រោមជាតិ សុំកុំមានអត្តចរិតខ្វះក្រមសីលធម៌ មិនព្រមទទួលកំហុស បែរជាចេញលិខិតជូនដំណឹងវាយប្រហារមកមន្ត្រីថ្នាក់ជាតិបន្តទៅទៀត”៕