សៀមរាប : ស្ថាបនិក​អង្គការ​កម្ពុជា​ដោះ​មីន​ដោយ​ខ្លួន​ឯង​ លោក​ អាគីរ៉ា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ពីរ​សប្ដាហ៍​មុន បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ នៅ​ខេត្ដ​សៀម​រាប​ ខណៈ​ពេល​លោក​បាន​ទស្សនា​​​សកម្ម​ភាព​ចុង​ក្រោយ​របស់​ខ្លួន​ឯង​នៅ​លើ​កញ្ចក់​ ទូរទស្សន៍ CNN ក្នុង​កម្មវិធី​វិរ​បុរស​២០១០​។

ដោយ​មាន​ការ​ចូល​រួម​ពី​មិត្ត​ភក្ដិ​ បុគ្គលិក​រួម​ការ​ងារ​និង​កុមារ​មក​ពី​អង្គការ​កុមារ​កំព្រា​និង​សារមន្ទីរ​ មីន លោក​ អាគីរ៉ា ផ្ចង់​អារម្មណ៍​ទស្សនា​ដោយ​គ្មាន​ប្រតិកម្ម​អ្វី​ទាំង​អស់​ខណៈ​ពេល​ដំណើរ​រឿង​វីរជន​ទាំង​១០​រូប​ចុង​ក្រោយ​ត្រូវ​បាន​ជម្រាប​ជូន​ដោយ​ លោក​ អេនដឹសុន ខូបពើ (Anderson Cooper) និង​ចូល​រួម​ដោយ​តារា​ភាព​យន្ដ​ជា​ច្រើន​រូប​។

ក្នុង​នាម​ជា​កូន​របស់​ទាហាន​ម្នាក់​ លោក​ អាគីរ៉ា បាន​ធ្លាក់​ចូល​ទៅក្នុង​របប​ដ៏​ខ្មៅ​ងងឹត​។ លោក​ត្រូវ​បាន​ខ្មែរ​ក្រហម​ចាប់​ជំរិត​និង​បង្រៀន​លោក​ឲ្យ​ចេះ​ដាក់​មីន ឲ្យ​បាន​លឿន​បំផុត​គឺ​ចំនួន​៥​ពាន់​គ្រាប់​ជា​រៀង​រាល់​ខែ​។ ដោយ​ចាក​ចេញ​ពី​ផ្លូវ​វិនាស​អន្តរាយ​នៃ​របប​ខ្មែរ​ក្រហម​ លោក​បាន​សម្រេច​ចិត្ត​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​ឲ្យ​ទឹក​ដី​កម្ពុជា​មាន​សុវត្ថិ​ភាព​ឡើង​វិញ​ តាម​រយៈ​ការ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ សារ​មន្ទីរ​មីន​និង​កុមារ​កំព្រា​ដែល​ទទួល​កុមារ​ពិការ​និង​ក្មេង​កំព្រា​​ ឪពុក​ម្ដាយ​ដោយ​សារ​គ្រាប់​​មីន​ នៅ​កម្ពុជា​។

លើ​កញ្ចក់​ទូរទស្សន៍​ ខណៈ​ពេល​អ្នក​នាង រ៉េណេ ហ្សែលវីហ្គើ (Renee Zellweger) បាន​ឈាន​ជើង​ឡើង​វេទិកា​ ដើម្បី​តំណាល​ប្រាប់​ពី​ដំណើរ​សាង​ខ្លួន​ល្អ​របស់​លោក​ អាគីរ៉ា និង​ការ​ដោះ​មីន​របស់​លោក​ចំនួន​៥​ម៉ឺន​គ្រាប់​ តាំង​ពី​ឆ្នាំ​១៩៩៣​ នោះ អ្នក​ទស្សនា​ក្នុង​បន្ទប់​ទាំង​មូល នៅ​ឯ​ខេត្ដ​សៀម​រាប​ បាន​សាទរ​និង​បន្លឺ​ស្នូរ​ទះ​ដៃ​ចំពោះ​រូប​លោក​។ មាន​តែ​លោក ​អាគី​រ៉ា ​ម្នាក់​គត់​ដែល​នៅ​អង្គុយ​ស្ងៀមស្ងាត់​ បញ្ចេញ​ទឹក​មុខ​ងឿង​ឆ្ងល់​មែន​ទែន​។

លោក​ ​អាគីរ៉ា និង​លោក​នាយក​គម្រោង​ ប៊ីល ម៉ស (Bill Morse) បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡូស​អេន​ជឺលេស កាល​ពីរ​សប្ដាហ៍​មុន ជា​ទី​ដែល​ពួក​គេ​បាន​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ជាន់​ខ្ពស់ ម៉ារីអត (Marriott) ដែល​ឧបត្ថម្ភ​ដោយ​ទូរទស្សន៍​ CNN ផ្ទាល់ ជា​មួយ​នឹង​វត្តមាន​វីរជន​៩​រូប​ទៀត​។ អ្នក​ទាំង​អស់​នេះ​គឺជា​បេក្ខជន​១០​រូប ​ចុង​ក្រោយ​ក្នុង​ចំណោម​បេក្ខ​ជន​១​ម៉ឺន​នាក់​ ជ្រើសរើស​មក​ពី​បណ្ដា​ប្រទេស​ជាង​១០០ ទូទាំង​ពិភព​លោក​។

អ្នក​ស្រី​ អានូរ៉ាដា កូអីរ៉ាឡា (Anuradha Koirala) ដែល​បាន​ជួយ​សង្គ្រោះ​ស្រ្តី​ និង​កុមារី​១២០០០ នាក់​ចេញ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ បាន​ក្លាយ​ជា​វីរ​ជន​ CNN ប្រ​ចាំ​ឆ្នាំ​២០១០។

អំឡុង​ពេល​ធ្វើ​ដំណើរ​ដ៏​ខ្លី​នេះ លោក ​អាគីរ៉ា បាន​ជួប​វីរជន​អស្ចារ្យ​ច្រើន​រូប​ទៀត​ ក៏​ដូច​ជា កំពូល​តារា​ហូលីវូត​ល្បី​ៗ រួម​មាន​នាង ដឺមី ម័រ (Demi Moore) លោក ឃីត រ៉ក (Kid Rock) តារា​ចម្រៀង​រ៉េប​ LL Cool J ទៀត​ផង​។

លោក​ក៏​បាន​ឆ្លៀត​ពេល​ជួប​ជាមួយ​ក្រុម​អ្នក​រុក​រក​រ៉ែ​ជន​ជាតិ​ស៊ីលី​ទាំង​ ៣៣​នាក់ ​ដែល​បាន​រួច​រស់​ជីវិត​ក្នុង​រយៈ​ពេល​៦៩​ថ្ងៃ​ ជាប់​ក្នុង​ជម្រៅ​ជាង​៧០០​ម៉ែត្រ​ ក៏​ដោយ​ ក៏​លោក​ ម៉ស និង​លោក​អាគី រ៉ា បាន​ចំណាយ​ពេល​បន្ដិច​បន្ដួច​ជជែក​លេង​ជាមួយ​ពួក​គេ​ដែរ​។

ការ​ធ្វើ​ដំណើរ​របស់​លោក​ អាគីរ៉ា ទៅ​កាន់​ទី​ប្រជុំ​អ៊ូអរ​ក្នុង​ទី​ក្រុង​ឡាស់វ៉េហ្គាស ​ពិត​ជា​បន្សល់​ទុក​នូវ​ការ​ចង​ចាំ​មួយ​ដ៏​ល្អ​សម្រាប់​លោក​។

លោក​បាន​លាន់​មាត់​ថា​៖ «​វា​ស្អាត​ខ្លាំង​ណាស់​។ ​មាន​មនុស្ស​ច្រើន​ពោរ​ពេញ​ទៅ​ដោយ​ស្នាម​ញញឹម ពេល​ជជែក​គ្នា​ ។ ពួក​គេ​ជា​មនុស្ស​ចិត្ត​ល្អ​ សុភាព​រាបសា ហើយ​មាន​រូប​រាង​ស្អាតៗ​ទៀត​ផង»។

ជាមួយ​នឹង​ប្រាក់​រង្វាន់ ២៥០០០ ដុល្លារ​អាមេរិក​ដែល​ផ្ដល់​ឲ្យ​បេក្ខជន​សម្រាំង​ម្នាក់​ៗ​លោក​ពិត​ជា​មាន​អារម្មណ៍​ថា ភាព​ជោគជ័យ​ក្នុង​នាម​ជា​បេក្ខ​ជន​វីរ​ជន​ចុង​ក្រោយ​ទាំង​១០​រូប​ នឹង​​ផ្ដល់​ភាព​ខុស​ប្លែក​គ្នា​ចំពោះ​ការងារ​របស់​លោក​។

ទាក់ទិន​នឹង​គម្រោង​នា​ថ្ងៃ​អនាគត​​ លោក អាគី​រ៉ា បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​៖ «ទៅ​ធ្វើ​ការ​ងារ​ធម្មតា​វិញ​»៕