មិនដឹងថា តើលោកស្នងការខេត្តតាកែវបានជ្រាបអំពីសង្វៀនជល់មាន់ និងវង់អាប៉ោងមួយកន្លែង កំពុងដំណើរការនៅស្រុកព្រៃកប្បាសដែរឬយ៉ាងណានោះទេ?
សង្វៀនជល់មាន់ និងវង់អាប៉ោងដែលចាក់ភ្នាល់ធំៗ ជារបស់មេវង់ឈ្មោះ នួន សហការជាមួយឈ្មោះ វី បាននិងកំពុងដំណើរការជារៀងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង ។
ច្បាស់ណាស់ថា គឺពលរដ្ឋខ្មែរមួយផ្នែកនៃខេត្តតាកែវ និងមួយផ្នែកនៃខេត្តកណ្តាល រួមជាមួយអ្នកភ្នំពេញផងបានទៅជល់មាន់ និងលេងអាប៉ោងនៅទីនោះ ។
នៅលើទីតាំងទួលជីលី ជិតខាងកើតផ្សារជ្រែ ក្នុងភូមិអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ គឺជាកន្លែងដែលលោកវី គ្រាមុន និងបន្តមកដល់បច្ចុប្បន្ន លោក នួន គឺជាអ្នកគ្រប់គ្រងសង្វៀនជល់មាន់ និងវង់អាប៉ោង ។
ប្រជាពលរដ្ឋខ្មែរច្រើនកុះករបានចូលទៅលេងល្បែងស៊ីសង ក្រោមសំណើចក្អាកក្អាយ ប៉ុន្តែពេលត្រឡប់មកវិញ មិនសូវជារីកមុខរីកមាត់ប៉ុន្មានទេ ។ ម្នាក់ៗ ចាញ់ល្បែងរាប់សិបលានរៀល ។
បើទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចស្រុកព្រៃកប្បាសហាក់ដូចជាធ្វើមិនដឹងមិនឮ និងមិនមានចំណាត់ការសោះចំពោះរឿងនេះ ។
លោក ជុំ ឈឿន អធិការស្រុកព្រៃកប្បាសត្រូវគេអះអាងថា បានត្រូវដងត្រូវផ្លែជាមួយពួកមេវង់សង្វៀនជល់មាន់ និងអាប៉ោងនោះ ។
នៅពេលដែលមានឮព័ត៌មានស្តីពីការប៉ុនប៉ងបង្ក្រាបវង់ល្បែងនេះ លោក ជុំ ឈឿន ជាអ្នកបានផ្តល់ព័ត៌មានឲ្យថៅកែវង់ផ្អាកសកម្មភាព។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋនៅតំបន់នោះ ស្នើថា មានតែលោកស្នងការនគរបាលខេត្តតាកែវ និងស្ថាប័នព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនេះតែប៉ុណ្ណោះ ទើបអាចចាត់វិធានការចំពោះសង្វៀនជល់មាន់ និងវង់អាប៉ោងដ៏មហិមានេះបាន ៕
ប្រភព៖នគរវត្ត
1