កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ឃាត់ខ្លួនបុរសម្នាក់ ជាប្រធានក្រុមហ៊ុន លក់ដីឡូតិ៍ នៅថ្ងៃទី០១ មីនា ២០១៩ នេះ ។
ការឃាត់ខ្លួននេះ ក្នុងករណីឆបោកមួយកើតឡើងតាំងថ្ងៃទី១៩ មករា ២០១៨ មកម្ល៉េះ នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យដែលសមត្ថកិច្ខឃាត់ខ្លួនមានឈ្មោះ ភាព ប៊ុនធា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបរជាប្រធានក្រុមហ៊ុន ប៊ុន ធា អចនៈទ្រព្យ BTR ពុះដីឡូតិ៍លក់ ។
សមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៣នាក់ មានទី១ឈ្មោះ វង្ស សុខខេង, ទី២ឈ្មោះ ភឿន សាក់ឡេង, និង៣ ឈ្មោះ ហុង លឹមហូរ ។
សមត្ថកិច្ចដកហូតបាន រួមមាន ៖ កាំភ្លើងខ្លីម៉ាក K59 ១ដើម ទូរស័ព្ទដៃ០៣គ្រឿង.កាតអ្នកសារព័ត៌មាន១. កិច្ចសន្យាលក់ដី០១ក្បាល. រថយន្ដម៉ាក TUNDRA ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 2AR-5086 មួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត ។
បើតាមជនរងគ្រោះ បានអោយដឹងថា កាលពីថ្ងៃទី១៩ មករា ២០១៨ អ្នករងគ្រោះទាំងបីនាក់ បានទៅទិញដីពុះឡូតិ៍ ពីក្រុមហ៊ុន ប៊ុនធា អចនៈទ្រព្យ(BTR) ដែលមានទីតាំងនៅចំណុច ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងទីតាំងដីពុះឡូតិ៍មួយទៀត នៅចំណុចភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា ឈ្មោះហុង លឹមហូរ ទិញ២ឡូតិ៍ ស្មើនិង១០X២០ម៉ែត្រ ក្រុមហ៊ុនយកលុយកក់មុន១.៩២០ដុល្លារ ហើយឈ្មោះ ភឿន សាក់ឡេង ទិញដី០២ឡូតិ៍ ស្មើនិង១០X ២០ម៉ែត្រ យកលុយកក់មុន២.០០០ដុល្លារ និងឈ្មោះ វង្ស សុខខេង ទិញដី០១ឡូតិ៍ ឲ្យលុយកក់មុន៣.០០០ដុល្លារ ។
បន្ទាប់ពីទទួលបានលុយកក់ហើយ ឈ្មោះ ភាព ប៊ុនធា ជាប្រធានក្រុមហ៊ុន សន្យាថា នឹងចេញប្លង់រឹងឲ្យ ក្នុងរយៈពេលបីខែក្រោយ ប៉ុន្តែរហូតដល់ថ្ងៃកំណត់ហើយ អ្នកទាំងបីខាងលើ
បានមកសួររកប្លង់ ស្រាប់តែ ឈ្មោះ ភាព ប៊ុនធា ឆ្លើយថា គ្មានប្លង់ឲ្យទេ ហើយដីក៏គ្មានដែរ ថែមទាំងព្យាយាមគេចវេស និងមិនព្រមទទួលខុសត្រូវ ជាមួយជនរងគ្រោះជាង១ឆ្នាំហើយ ។
ទើបជនរងគ្រោះដឹងថាជាការបោកប្រាស់ទិញដីខ្យល់ ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចអោយជួយឃាត់ខ្លួនប្រធានក្រុមហ៊ុន លក់ដីឡូតិ៍ យកមកដោះស្រាយតាមច្បាប់ ។
ករណីនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងកសាងសំណុំចាត់ការតាមនីតិវិធី ផងដែរ ៕