អភិបាលរងខេត្តព្រះសីហនុ២រូបដែលល្បីល្បាញនៅលើបណ្តាញសង្គមហ្វេសប៊ុក ១លោក ផៃ ប៊ុនវណ្ណៈ ដែលបានអោយប្រជាពលរដ្ឋរងគ្រោះក្នុងករណីបញ្ហាដីធ្លី លត់ជង្គង់សំពះបាតជើងខ្លួន
អង្វរអោយជួយដោះស្រាយជូនពួកគាត់ និងទី២លោក ស៊្រុន ស្រ៊ន់ នៅពេលដែលពលរដ្ឋជួបការលំបាក ពីការអត់ដីធ្លីនៅ បានពឹងអោយលោកជួយ តែលោកអភិបាលរងខេត្តរូបនេះបាននិយាយថា អត់ដីនៅ ទៅងាប់ណាងាប់ទៅ។
ទង្វើមិនគប្បីនិងម្ចាស់ឆ្នោតនេះហើយ បានធ្វើអោយសម្តេចហ៊ុន សែន ប្រើយុទ្ធនាការអភិក្រមទាំង៥
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាលើអនុក្រឹត្យដែលសម្រេចដកអភិបាលរងខេត្តព្រះសីហនុ ២រូប បានបញ្ជាក់ខ្លឹមសារ នៅលើ Facebook របស់សម្ដេចដោយចាត់ទុកថា ការដកអភិបាលរងខេត្តព្រះសីហនុទាំង២រូបនេះ គឺជាការយកគ្រាប់គ្រូស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។
នៅក្នុង Facebook ដែលទើបបង្ហោះនៅប៉ុន្មាននាទីមុននេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺកា វះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។
ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែក ជើងទើបអាចដើរទៅមុខទៀតបាន។
ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»។
អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួន២រូប ដែលត្រូវដកតំណែងរួមមាន៖លោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៣ លោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធា និងអភិបាលរងខេត្តព្រះសីហនុ២រូប ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីនាពេលកន្លងមក៕