នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា រាល់ព័ត៌មានសម្ងាត់ផ្ទៃក្នុង របស់អតីតគណបក្សប្រឆាំង តែងតែមាននៅក្នុងដៃ របស់នាយកដ្ឋានចារកម្មទាំងអស់ពីព្រោះការងាររបស់ចារកម្ម ត្រូវប្រមូលព័ត៌មានដើម្បីរាយការណ៍ឲ្យរាជរដ្ឋាភិបាល។
ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខ តំណែងប្រធាននាយកដ្ឋានចារកម្ម នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះឯកឧត្តមនាយឧត្តមសេនីយ៍ ថោង លីម មានប្រសាសន៍ថា “ការងាររបស់ចារកម្ម គឺត្រូវប្រមូលព័ត៌មាន ដើម្បីរាយការណ៍ទៅរដ្ឋាភិបាលថា គោលនយោបាយ របស់រាជរដ្ឋាភិបាល ដាក់ចេញនេះ ប្រជាជនគាំទ្រប៉ុន្មានភាគរយ ប៉ុន្មានភាគរយមិនគាំទ្រ”។
ឯកឧត្តម បញ្ជាក់ថា ដើម្បីឲ្យព័ត៌មានមួយគ្រប់ជ្រុងជ្រាយ នាយកដ្ឋានចារកម្ម ត្រូវប្រមូលព័ត៌មានជាក់លាក់ និងព័ត៌មានតាមរយៈចារកម្មហើយតាមរយៈភ្នាក់ងារចារកម្ម ផ្ដល់ព័ត៌មាននាពេលកន្លងមកមានប្រសិទ្ធភាព ដូច្នេះការងារចារកម្ម នៅតាមបណ្ដាខេត្ត ក៏ទទួលបានជោគជ័យផងដែរ។
ឯកឧត្តមបានលើកឡើងទៀតថា “នាពេលកន្លងមកផ្ទៃក្នុងការងាររបស់គណបក្ស ប្រឆាំងមានផែនការយ៉ាងណា តែងតែមានព័ត៌មានក្នុងបាតដៃរបស់នាយកដ្ឋានចារកម្មព្រោះអគ្គស្នងការនគរបាលជាតិ ជាសេនាធិការរបស់ប្រមុខរាជរដ្ឋាភិបាល” ។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ថោង លីម បានថ្លែងថា បញ្ហាទាំងនេះសូមយកទៅពិចារណាហើយខិតខំកសាងបន្ថែមទៀត ហើយបញ្ចូលភ្នាក់ងារនេះទៅតាមទីតាំងភូមិសាស្ដ្រ ដែលមានការប៉ងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាទាំងជាតិ-អន្ដរជាតិ។
ឯកឧត្តមបានបញ្ជាក់ទៀតថា «ខ្ញុំនិយាយប៉ុណ្ណឹងអស់លោកគឺដឹងហើយ ព្រោះការងារផ្ដួលរំលំកម្ពុជា មិនអាចធ្វើតែម្នាក់ឯងបានទេ គឺត្រូវមានខាងក្រៅគាំទ្រ ចឹងខាងក្រៅគឺជាអ្នកណា អ្នកជួយគាំទ្រថវិកា និងយុទ្ធសាស្ដ្រជាដើម»៕