បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលម៉ាស៊ីនផលិតទឹកស្អាត ធុងទឹកចំនួន១០០ធុង ពីបញ្ជាការយោធាខេត្តប៊ិញភឿក នៃយោធភូមិភាគទី៧ កងទ័ពប្រជាជនសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបម្រើសេចក្តីត្រូវការ ចែកជូនយោធិន ពិសេសត្រៀមបម្រុងបម្រើឲ្យកិច្ចការហ្វឹកហ្វឺនកងទ័ព ដែលនឹងដំណើរការនៅពេលខាងមុខនេះ។
ពិធីប្រគល់ ម៉ាស៊ីនផលិតទឹកស្អាត សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបម្រើគ្រប់សកម្មភាពរបស់យោធិន ដែលអាចផលិតទឹកសុទ្ធ ក្នុងមួយម៉ោងដល់ទៅ៥០០លីត្រ សម្រាប់បរិភោគ ដែលមានតម្លៃជាង៨០០០ដុល្លារ និងបានឧបត្ថម្ភ ធុងទឹកជ័រប្រភេទលេខ១ចំណុះ២០លីត្រ ចំនួន១០០ធុងបន្ថែមទៀត ដែលពិធីប្រគល់បានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះអនុសារណៈយោគយល់គ្នា និងចងសម្ព័ន្ធមេត្រីភាព រវាង បញ្ជាការយោធាខេត្តប៊ិញភឿក នៃយោធភូមិភាគទី៧ កងទ័ពប្រជាជនសាធារណរដ្ឋសង្គមនិយមវៀតណាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
យោធភូមិភាគទី៤ ក្រោយពេលចងសម្ព័ន្ធមេត្រីភាព ក៏ត្រូវបានជួយគ្នាទៅវិញទៅមក នូវកិច្ចការយោធា ការកសាងបន្ទាយ និងផ្នែកមនុស្សធម៌ ជាក់ស្តែងនៅពេលនេះ បានជួយម៉ាស៊ីនផលិតទឹកស្អាតសម្រាប់ ការប្រើប្រាស់ ដល់យោធិន ដែលជាការកាត់បន្ថយការចំណាយថវិកាមួយចំនួនធំ ក្នុងការចំណាយលើទឹកបរិភោគ។
នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានសេចក្ដីត្រេកអរយ៉ាងខ្លាំងចំពោះអំណោយរបស់គណៈបញ្ជាការយោធាខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
យោធភូមិភាគទី៧ ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយសម្របសម្រួលដល់ការលំបាកខ្វះខាតផ្សេងៗជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះគណៈបញ្ជាការយោធាខេត្តប៊ិញភឿក៕