កសិករមួយចំនួន បង្ហាញអារម្មណ៍លែងចង់ធ្វើស្រែតទៅទៀត ដោយថា វាមិនចំណេញនោះទេ ដោយសារតែតម្លៃស្រូវមានការធ្លាក់ចុះនៅឆ្នាំនេះ។
កសិករដែលធ្វើស្រែនៅតាមបណ្ដាខេត្តមួយចំនួនបានឲ្យ VOD ដឹងថា តម្លៃស្រូវជាង២ខែមកនេះឡើងមិនផុតពី៨រយរៀលក្នុងមួយគីឡូនោះទេ ដែលធ្វើឲ្យពួកគេខាតបង់ជាខ្លាំង។
អ្នកដាំស្រូវនៅក្នុងឃុំព្រែកជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោក សុខ កាក់ ថាលោកអាចពិចារណាឈប់ធ្វើស្រូវនាឆ្នាំក្រោយនេះ ដោយសារតម្លៃស្រូវឆ្នាំនេះធ្វើឲ្យលោកខាតបង់ជាខ្លាំង។ កសិករដាំស្រូវអ៊ីអ៊ែរូបនេះ ថាតម្លៃស្រូវរហូតមកដល់ពេលនេះមានតម្លៃប្រមាណតែ៦០០រៀលប៉ុណ្ណោះក្នុងមួយគីឡូ ហើយបើយកទៅទូទាត់ថ្លៃដើមវិញ ធ្វើឲ្យលោកខាតបង់ដល់ទៅជាង៦០ម៉ឺនរៀលក្នុងមួយហិកតា។
លោកថា៖ « ក្នុងចំណោមអ្នកដែលធ្វើក្បែរខាងខ្ញុំ បានឈប់អស់ហើយ! ខ្លះរើរោងរើអីឈប់អស់ហើយ អត់មានទុកពូជទុកអីទេ ឈប់អស់ភាគច្រើន។ តែសម្រាប់ខ្ញុំ ខ្ញុំចាំមើលមួយរដូវនេះទៀត បើសិនជាសារក្រោយនេះតម្លៃស្រូវនៅតែប៉ុណ្ណឹង ខ្ញុំក៏ទៅដែរហើយ មិននៅដែរទេ! ឈប់ធ្វើ ព្រោះធ្វើទៅខាតច្រើន » ។
កសិករម្នាក់ទៀតនៅឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក ភិន សុផល ថាតម្លៃស្រូវឆ្នាំនេះធ្វើឲ្យកសិករខាតបង់ជាខ្លាំង ដែលធ្វើឲ្យពួកគេមួយចំនួនងាកទៅដាំបន្លែ និងចិញ្ចឹមសត្វបន្ថែមវិញដើម្បីយកមកទប់នឹងការខាតបង់នេះមួយចំនួន។ លោកបន្ថែមថា ប្រសិនជាតម្លៃនៅតែមិនងើបឡើងនោះទេ ពួកគេប្រហែលជាឈប់ដាំស្រូវតទៅទៀតហើយ។
លោកសុផល៖ « ធ្វើអត់រួចដើមទេ! បើឆ្នាំក្រោយតម្លៃស្រូវនៅតែប៉ុណ្ណឹង អ្នកស្រុកមុខជាចោលច្រើនហើយ។ […] វាអត់មានអ្នកមកទិញ ឥឡូវទាល់តែដឹកដល់ផ្ទះគេទៀត បានគេថ្លឹងយក វាជួបការលំបាកសោរហ៊ុយ ដឹកជញ្ជូនផង សោហ៊ុយច្រូតផង ហើយអង្កាល់ពីនៅស្រែនេះ ត្រូវចំណាយលើថ្នាំផង ប្រេងបូមផង ជីផង អញ្ចឹងការចំណាយនៅស្រែ វាច្រើន!»
កសិករនៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល លោក រុំ នឿន មានប្រសាសន៍ថា ឆ្នាំនេះស្រូវក៏ខាតបន្លែក៏ខាត ធ្វើឲ្យលោកជួបការលំបាកជាខ្លាំង ខណៈលោកថា លោកប្រហែលមិនអាចបន្តធ្វើស្រែចម្ការបន្តទៀតនាឆ្នាំក្រោយនេះទេ។
លោកថា៖ « ក្រៅពីធ្វើស្រូវ ឥឡូវ បើដាំបន្លែដាំអីក៏ខាតដែរបង! ដាំបានលក់ក្នុងតម្លៃថោកណាស់ ដូចឥឡូវត្រសក់១គីឡូលក់បាន២រយរៀលអីហ្នឹង! ងាប់ហើយសងគេមិនគ្រប់ទេ។ (ហើយឆ្នាំក្រោយធ្វើយ៉ាងមិចវិញ?) អត់ដាំហ្មង! ទុកដីចោលហ្មងទៅ! តាមតែដំណើរហ្មងទៅ។ មានតែទៅស៊ីឈ្នួលគេនាយអាយៗអញ្ចឹងទៅ។ លំបាកណាស់បងអើយ! »
VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីឆ្លើយតបបានទេ ខណៈសារអេឡិចត្រូនិកដែលផ្ញើទៅកាន់អនុប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មលោក គង់ សំអឿន នៅមិនទាន់មានការឆ្លើយតបនៅឡើយ។
ទីប្រឹក្សាអង្គការកសិកម្មសេដាក លោក សម វិទូ លើកឡើងថា និន្នាការនៃការបោះបង់ចោលស្រែចម្ការរបស់កសិករទៅរកការងារថ្មី ឬចំណាកស្រុក គឺកើតមានជាច្រើនឆ្នាំមកហើយ។ លោក បង្ហាញក្ដីបារម្ភថា ប្រសិនជានិន្នាការនេះនៅតែបន្តកាន់តែច្រើននោះ វាអាចនឹងធ្វើឲ្យកម្ពុជាប្រឈមទៅនឹងការថយចុះនៃផលិតភាពអង្ករ ហើយកម្ពុជាអាចនឹងក្លាយជាប្រទេសនាំចូលអង្ករសម្រាប់បរិភោគវិញផងដែរ។
លោកថា៖ «នៅពេលដែលកម្លាំងផលិតរបស់យើងថយចុះ ចង់ឬមិនចង់ យើងត្រូវទិញគេវិញ ជានិន្នាការអញ្ចឹង។ កាលណាយើងទិញគេកាន់តែច្រើន មានន័យថា តុល្យភាពនៅក្នុងសេដ្ឋកិច្ចរបស់ប្រជាជនយើងគឺលែងសូវមានតុល្យភាព មានន័យថា ចំណូលដែលគាត់បានមកភាគច្រើន គឺទិញ ដែលខុសពីកាលមុនដែលយើងអាចផលិតខ្លួនឯងហូបខ្លួនឯង»។
បើតាមលោកសម វិទូ ដើម្បីទប់ស្កាត់កុំឲ្យរឿងនេះកាន់តែធំឡើង រដ្ឋាភិបាលគួរតែមានវិធានការប្រមូលទិញស្រូវពីកសិករ ហើយធ្វើយ៉ាងណាឲ្យថ្លៃដើមនៃការផលិតជាមួយនឹងការផ្ដល់បច្ចេកទេសកសិកម្ម រួមទាំងជី គួរតែផលិតក្នុងស្រុក ជាពិសេសគឺទម្លាក់ការប្រាក់របស់ធនាគារដែលគិតពីពលរដ្ឋ គួរតែទម្លាក់ឲ្យដល់កម្រិតទាបបំផុតផងដែរ។
កាលពីថ្ងៃទី០២ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានសរសេរនៅលើទំព័រហ្វេសប៊ុក លោកថា តម្លៃស្រូវរបស់កសិករខ្មែរអាចនឹងមានតម្លៃវិញបន្ទាប់ពីវៀតណាមប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់គេរួច។ តែរហូតមកដល់ពេលនេះមានរយៈពេលជា២សប្ដាហ៍ហើយដែលកសិករនៅតែរអ៊ូពីតម្លៃស្រូវដែលមិនទាន់ងើបឡើងវិញ ដូចការលើកឡើងរបស់លោករដ្ឋមន្ត្រីនៅឡើយទេ។
បើតាមកសិករតម្លៃស្រូវដែលគាត់អាចទទួលយកបាន ដែលអាចឲ្យគាត់ចំណេញពីការផលិតស្រូវលុះត្រាតែតម្លៃចាប់ពី១០០០ រៀលឡើងទៅ៕ ប្រភព៖ VOD