ភ្នំពេញ៖ លោកស្រី ហុឹម សុភ័ត្រនាយិការក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានសម្រេចដាក់ពាក្យបណ្ដឹងទៅតំណាងអាយ្យការ សាលាដំបូងរាជធានីភ្នំពេញដើម្បីប្ដឹងទៅឈ្មោះ គង់ ភាសិតនិងបក្ខពួកដែលបានបន្លំខ្លួនជាសមត្ថកិច្ចឆ្មក់ចូលទៅក្នុងឃ្លាំងទំនិញរបស់លោកស្រីនៅក្នុងខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៩នេះ បានជម្រិតទារប្រាក់ពីលោកស្រីដោយអយុត្តិធម៌ ពេលនេះលោកស្រីបានប្រើតួនាទីជាពលរដ្ឋប្ដឹងចូលតុលាការដើម្បីឲ្យជួយរកយុត្តិធម៌ជូនលោកស្រីហើយ ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យខាងអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើការស៊ើបអង្កេតជាបន្ទាន់ដើម្បីផ្តល់ភាពយុត្តិធម៍អោយពលរដ្ឋរងគ្រោះលោកស្រី ហុឹម សុភក្រ ។
ប្រភពបានឲ្យដឹងថា ដីកាបង្គាប់ឲ្យស៊ើបអង្កេតលេខ៨៨៨ អ.យ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបង្គាប់ឲ្យប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតទៅលើឈ្មោះ គង់ ភាសិត និងបក្ខពួក ពាក់ព័ន្ធនឹងបទល្មើស រំលោភលំនៅដ្ឋានដោយមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយអ្នករាជការសាធារណៈ) បទក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក យោងតាមមាត្រា២៩៩តាមមាត្រា៣០០ មាត្រា៣៦៣និង មាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ។
យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី ហ៊ឹម សុភ័ក្រ បានប្តឹងឈ្មោះ គង់ ភាសិត និងបក្ខពួក ដែលមានអាសយដ្ឋាន ផ្ទះលេខ៧១អា ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ «រំលោភលំនៅដ្ឋាន ដោយមានស្ថានទម្ងន់ទោស», បទ«ក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក»។
លោកស្រីនាយិកាក្រុមហ៊ុន ជាដើមបណ្តឹងបានបញ្ជាក់ក្នុងបណ្តឹងថា កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ គង់ ភាសិត និងបក្ខពួក បានបើករថយន្ត ម៉ាកឡង់គ្រីសឺ ព័ណ៌សកាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5688 ចុះទៅឃ្លាំងរបស់លោកស្រី ហ៊ឹម សុភ័ក្រ ដោយអះអាងថា ពួកគេ ជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សម្រុកចូលក្នុងឃ្លាំង និងបិទទ្វារ និងឆែកឆេរឃ្លាំងទំនិញរបស់លោកស្រីដោយគ្មានដីការឆែកឆេរអ្វីឡើយ ។
ពេលចូលទៅដល់ក្នុងឃ្លាំង ឈ្មោះ គង់ ភាសិត និងបក្ខពួក បានបង្ខំឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ចេញពីឃ្លាំង និងបង្ខំឲ្យ ទាក់ទងទៅលោកស្រី ហ៊ឹម សុភ័ក្រ មកចរចាបង់លុយសម្រួលបញ្ចប់រឿង បើមិនដូច្នេះទេ ពួកគេ (គង់ ភាសិត និងបក្ខពួក )នឹងសុំឲ្យព្រះរាជអាជ្ញា ចាប់ខ្លួនបុគ្គលិកទាំងអស់ នៅក្នុងឃ្លាំងនេះតែម្តង។
លោកស្រី ហ៊ឹម សុភ័ក្រ បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា ក្រុុមហ៊ុនលោកស្រីត្រូវទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទើបអាចបើកអាជីវកម្ម ថែមទាំងរកស៊ីបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ប៉ុន្តែក្រុមមន្ត្រីជំនាញមួយចំនួនតែងតែចង់ធ្វើស៊ីក្រុមហ៊ុនរបស់លោកស្រី ដែលជាក្រុមហ៊ុនក្នុងស្រុក ហាក់បីដូចជាចង់បំផ្លាញក្រុមហ៊ុនលោកស្រីឲ្យរលាយតែម្តង។
ចំពោះចំណាត់របស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យខាងអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើការស៊ើបអង្កេតជាបន្ទាន់ ដើម្បីផ្តល់ភាពយុត្តិធម៍អោយពលរដ្ឋរងគ្រោះ គឺមានការគាំទ្រពីស្ថាប័នមួយចំនួន ក៏ដូចជាបុគ្គលិក មន្ត្រីរាជការ ប្រជាពលរដ្ឋ ក្នុងយុគម័យកំណែទម្រង់រដ្ឋបាល ហើយក៏ជាការលើកទឹកចិត្តដល់អ្នកវិនិយោគទុនដ៍ទៃទៀតផងដែរ៕ ប្រភព៖ khmer.peoplenews.asia