បាត់ដំបង៖ មន្ត្រីដោះមីនអង្គភាពស៊ីម៉ាកម្នាក់ បានរងការផ្ទុះឆ្នាំងសាកទូរស័ព្ទដៃ បណ្តាលឲ្យដាច់ប្រអប់ដៃឆ្វេងម្ខាង ស្ថិតនៅផ្ទះជួយលមួយកន្លែងក្រុមទី៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍ពី លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ប្រាប់ឲ្យដឹងថា នៅក្រុងបាត់ដំបង ពិតជាកើតឡើងនូវហេតុការណ៍នោះមែន ទៅលើមន្ត្រីដោះមីន ម្នាក់នៅអង្គភាពស៊ីម៉ាក បានជួលផ្ទះគេស្នាក់នៅដែល ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ ស្រីនិត។
លោកអធិការបន្តប្រាប់ឲ្យដឹងទៀតថា ចំពោះអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចមិនទាន់ស្គាល់នៅឡើយនោះទេ។ ឧបទ្ទហេតុនោះវាកើតឡើងដោយខ្លួនឯង ខណៈដែលជនរងគ្រោះយកឆ្នាំងសាកទូរស័ព្ទទៅដោត
និងព្រីភ្លើងក៏បណ្តាលឲ្យផ្ទុះឆ្នាំសាកទូរស័ព្ទនោះតែម្តង បាន ដាច់ប្រអប់ដៃឆ្វេងភ្លាមៗ។ ជនរងគ្រោះបច្ចុប្បន្នកំពុងស្ថិតនៅសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធានយោធភូមិភាគ៥ (ព២)។
ជុំវិញបញ្ហានោះ ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ស៊ីម៉ាក លោក ហេង រតនា បានបង្ហោះព័ត៌មានក្នុងផេករបស់លោកថា ជនរងគ្រោះមាន គ្រោះថ្នាក់ដោយឌុយក្បាលសាកទូរសព្ទ័ IPhone!
ជនរងគ្រោះមានឈ្មោះ សោម សុជាតិ ដែលជាប្រធានគំរោងបោសសំអាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន នៅខេត្តបាត់ដំបង ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង (ដល់កដៃ)
ដោយសារការផ្ទុះឌុយសាកទូរសព្ទ័ ជាទូរសព្ទ័ប្រភេទIPhone។ លោកបង្ហាញឲ្យដឹងទៀតថានេះ គឺរឿងមិនគួរឲ្យជឿទាល់តែសោះ ព្រោះកម្លាំងផ្ទុះខ្លាំង បង្កកំទេចប្រអប់ដៃទាំងមូល។
សូមបញ្ជាក់ថាឧបទ្ទវហេតុខាងលើ បានធ្វើឲ្យមានការភ្ញាក់ផ្អើលប្រិយមិត្តព័ត៌មានបណ្តាញសង្គមហ្វេសប៊ុក ក្រោយកើតហេតុនោះ ហើយមានការបង្ហោះព័ត៌មានស៊ែចែកចាយពីមួយទៅមួយ។
ករណីនេះក៏ជាសារអប់រំដល់ប្រជាពលរដ្ឋ ប្រើប្រាស់ឆ្នាំងសាកទូរស័ព្ទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយថាហេតុណាមួយ បង្កឡើងពីការប្រើប្រាស់ទូរស័ព្ទដៃនោះ ៕