កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានបុរសចំណាស់បានមកដាក់ពាក្យបណ្តឹងទាមទាររកយុត្តិធម៌ ពីរឿងកូនស្រីជំពាក់លុយអត់ព្រមសង និងថែមទាំងគំរាមប្តឹងចាប់ឪពុកដាក់គុកទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចបរិវេណសាលាសង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសអភ័ព្វខាងលើ មានឈ្មោះហ៊ុយ ប៉ាង អាយុ៧៥ឆ្នាំ ជាអតីតមន្ត្រីនគរបាលខណ្ឌទួលគោក សព្វថ្ងៃចូលនិវត្តន៍ទៅហើយ និងមាន លំនៅក្នុងភូមិទួលថ្ងាន់ សងកាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានប្រពន្ធឈ្មោះស៊ិន សផល អាយុ៦៣ឆ្នាំ រស់នៅសហរដ្ឋអាមេរិក។
ប្តីប្រពន្ធគាត់ មានកូនចំនួន៥នាក់ (ស្រីទាំងអស់) រស់នៅផ្សេងៗគ្នា តែសព្វថ្ងៃមានតែកូនស្រីទី៤ម្នាក់ នៅផ្ទះជាមួយគាត់ជាឪពុក។ ចំណែកកូនស្រីដែលមានបញ្ហាជាមួយឪពុកនោះ មានឈ្មោះហ៊ុយ ខេមរា អាយុ៣០ឆ្នាំ ជាកូនទី៣ មានប្តីឈ្មោះឃុន ចំរើន អាយ៣៥ឆ្នាំ មានលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
លោកហ៊ុយ ប៉ាង បានរៀបរាប់ទាំងអួលអាក់ថា កាលពីអំឡុងឆ្នាំ២០១៣ កូនស្រីទី៣គាត់ បានខ្ចីផ្ទះរបស់គាត់១ល្វែង យកទៅលក់ បានលុយ៥៥០០០ដុល្លារ ថានឹងសងជាបន្តបន្ទាប់ ប៉ុន្តែទើបសងបាន៣ពាន់ដុល្លារប៉ុណ្ណោះ ក៏ស្ងាត់ឈឹង នៅសល់៥២០០០ដុល្លារទៀត មិនឃើញ នឹករលឹកយកមកសងគាត់បន្តទៀតសោះ។ លុះដល់គាត់កាន់តែចស់ជរា ហើយពិការទៀត ត្រូវការលុយសម្រាប់ហូបចុក ព្យាបាលជំងឺ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ
គាត់ក៏ដាច់ចិត្តទៅទារលុយដែលកូនស្រីជំពាក់នោះ ក៏ត្រូវកូនស្រី រួមនិងកូនប្រសាប្រុស បាននាំគ្នាគំរាមវាយគាត់ជាឪពុកពិការ និងថែមទាំងបោះពាក្យសម្តីដាក់គាត់ទៀតថា ពួកគេនឹងប្តឹងប៉ូលិសចាប់គាត់ជាឪពុកដាក់គុកទៀតផង។ ដោយសារតែអត់ទ្រា់ំលែងបាន ទើបនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទៅប្តឹងសុំអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅ៣ តែម្តង។
បន្ទាប់ពីទទួលស្តាប់ការរៀបរាប់របស់បុរសចំណាស់ខាងលើចប់សព្វគ្រប់ អាជ្ញាធរសង្កាត់ បានឱ្យដឹងថា អាជ្ញាធរបានទទួលបណ្តឹងរបស់ភាគីខាងឪពុកហើយ រង់ចាំចេញលិខិតអញ្ជើញភាគីខាងកូនស្រី មកសាកសួរពេលក្រោយ ដើម្បីសម្របសម្រួលគ្នា។
ជុំវិញរឿងរ៉ាវផ្ទៃក្នុងគ្រួសារខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីកូនស្រីបុរសចំណាស់ខាងលើបាននៅឡើយទេ កាលពីព្រឹកមិញនេះ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕