ភ្នំពេញ: បុរសម្នាក់រងរបួសបាក់ឆ្អឹងដៃជាប់នឹងរថយន្ត បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តពេញទំហឹង ហើយរថយន្តបានរេចង្កូតបន្តបុកចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍កើតឡើងកាលវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១៦៣ កែងនិង៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
តាមសម្តីអ្នកបើកបររថយន្តបានប្រាប់ថា ដំបូងឡើយរូបគាត់បានបើករថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV 8717 ជិះតែម្នាក់ឯង តាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសម។ លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាបតែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX 2552 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតទៅលិច យ៉ាងលឿនទៅបុកចំធុងសាំងចំហៀងខាងក្រោយពេញទំហឹង បណ្តាលបាក់ឆ្អឹងដៃជាប់នឹងរថយន្ត គួរឲ្យរន្ធត់ណាស់។ ភ្លាមៗក៏មានរថយន្តសង្គ្រោះឯកជនមកដឹកទៅកាន់មន្ទីពេទ្យផងដែរ។ ចំណែកឯរថយន្តបានរេចង្កូតបុកចូលផ្ទះជាងគំនូរ “ខ្មែរទាន់សម័យ” ទៅបុកម៉ូតូដែលចតក្នុងផ្ទះម៉ាកស្គុតពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD 8729 បណ្តាលឲ្យបាក់ដាច់កន្ទុយម៉ូតូ តែសំណាងល្អមិនខូចខាតដល់ផ្ទះ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏ទាក់ទងទៅជំនាញចរាចរណ៍មកវាស់វែង និងយកម៉ូតូមួយគ្រឿងនិងរថយន្តទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកម៉ូតូមួយគ្រឿងទៀតរបស់ម្ចាស់ផ្ទះ គាត់មិនចង់វែងឆ្ងាយឲ្យអ្នកណាសងគាត់នោះទេ គាត់សុខចិត្តយកម៉ូតូទៅជួសជុលដោយខ្លួនឯង៕ ប្រភព៖ www.rasmeinews.com