ខេត្តកែប ៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរា​ជាណា​ចក្រក​ម្ពុជា​​បាន​​​​​អញ្ជើ​ញ​ទៅ​ដល់​កន្លែ​ង​​កើ​ត​ហេតុ​បាក់អគារ​កម្ពស់​​៧ ជាន់​នៅខេត្តកែបហើយ នៅ​ម៉ោង​ ៩៖ ៤៤ នាទី​នេះ ដើម្បីដឹកនាំបញ្ជាកា​រ​រុរក​ជន​រង​គ្រោះ។​

​រដ្ឋបាលខេត្ត​កែប​សូម​គោរព​ជម្រាបជូន​សម្តេច ឯកឧត្តម លោកជំទាវ សាធារណជន និង​អ្នកសារព័ត៌មាន​មេត្តា​ជ្រាបថា នៅវេលា​ម៉ោង ៤:១៥ នាទី​រសៀល នា​ថ្ងៃទី​០៣ ខែមករា ឆ្នាំ ២០២០ មាន​ករណី​បាក់ រលំ​អគារ​មួយ​ដែល​កំពុងដំណើរការ​សាងសង់​កម្ពស់ ៧ ជាន់​មាន​ទី​តាង​ស្ថិតនៅ​ផ្លូវ​ឡើង​វត្ត​សមាធិ ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ។​

​មកទល់ពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ថ្នាក់ដឹកនាំ​ខេត្ត កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​សហការគ្នា​យ៉ាង​មមាញឹក​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​កំពុង​ជាប់​ក្នុង​គំនរ​នៃ​អគារ​បាក់បែក​នៃ​ការដ្ឋាន​នេះ និង​បាន​បង្កើត​ក្រុមការងារ​ប្រចាំការ​ជួយសង្គ្រោះ​បន្ទាន់​ដល់​ជនរងគ្រោះ​។

ព័ត៌មាន​ទទួលបាន​ជាបឋម (​គិត​ត្រឹម​ម៉ោង ៩​និង​៣០​យប់​នេះ​) ក្រុមការងារ​សង្គ្រោះ បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ចំនួន ២០ នាក់ ក្នុងនោះ​៤​នាក់​ស្លាប់ (​ស្រី ៣ នាក់​) ។ ជនរងគ្រោះ​ជា​កម្មករ​សំណង់ ដែល​ស្នាក់​នៅក្នុង​អគារ​សាងសង់​នោះ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ទៅ​កម្លាំង​នគរបាល​ក្នុង​ខេត្តកំពត និង​កែប រួមគ្នា​សង្គ្រោះ​កម្មករ​ដែល​រងគ្រោះ​នៅក្រោម​គំនរ​អគារ​រលំ​នៅក្នុង​ខេត្ត​កែប​។

ដោយ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជា​ឱ្យកម្លាំង​ផ្តោត លើ​ការសង្គ្រោះ​ជីវិត​ជនរងគ្រោះ​ជាសំខាន់​៕​

សូមទស្សនាវីដេអូខាងក្រោម៖