ពិតជាល្អខ្លាំងណាស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់មុខ មាត់ មកពីប្រទេសអាល្លឺម៉ង់នឹងផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺ ដូចជា ដុំពកមុខមាត់ វះកាត់ឆ្អឹងថ្គាម ដុំក្រពេញទឹកមាត់ វះកាត់ច្រមុះ និង ប្រអប់ឆ្អឹងច្រមុះ វះកាត់សរសៃឈាមតូចៗវះកាត់បាក់ឆ្អឹង ជាដើម ។

បើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ផ្នែកវះកាត់កុមារ និង កែលម្អ និង ផ្នែកទន្តវទនសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់មុខមាត់ មកពីប្រទេសអាឡឺម៉ង់ នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺ ដូចជា ដុំពកមុខមាត់ វះកាត់ឆ្អឹងថ្គាម ដុំក្រពេញទឹកមាត់ វះកាត់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ វះកាត់សរសៃឈាមតូចៗ វះកាត់បាក់ឆ្អឹងមុខ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ។

លោកសាស្ត្រាចារ្យ មហាបរិញ្ញាវេជ្ជបណ្ឌិត ម៉ុក ធាវី អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ប្រាប់«ប្រជាប្រិយ»តាមទូរស័ព្ទថា សម្រាប់ការពិនិត្យ ពិគ្រោះ និង ព្យាបាលជំងឺទាំងអស់នោះគឺខាងមន្ទីពេទ្យយកលុយសម្រាប់អ្នកមានលទ្ធភាពដើម្បីយកមកជួយទ្រទ្រង់មន្ទីរពេទ្យ ។ ចំណែកព្រះសង្ឃ និង ជនទីទាល់ក្រគឺខាងមន្ទីរពេទ្យមិនយកលុយឡើយ ។ ដោយឡែកសម្រាប់មន្ត្រីរាជការ និង កម្មករ កម្មការិនី ដែលមានប័ណ្ណ ប ស ស សូមកាន់ប័ណ្ណ ប ស ស នោះមកគឺខាងមន្ទីរពេទ្យយើងមិនយកលុយនោះទេ ។​ ប្រភព៖ ប្រជាប្រិយ