ថ្ងៃនេះផងដែរ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​អោយដឹងថា លោក​ចៅក្រម​ពេជ្រ វិជ្ជាធរ ជាចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿងនេះ​ បាន​បង្គាប់​អោយ​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ យិន ហេង ហៅ(​ចំប៉ី​ខ្មៅ) មក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ព្រឹក​ថ្ងៃទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ម្តងទៀត ដើម្បី​ធ្វើការ​សាកសួរលំអិតថែមទៀត ។

ជនជាប់ចោទ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ត្រូវបាន​បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​នៅ​ថ្ងៃទី​០៦ ខែ​​ កុម្ភៈ ឆ្នាំ​២០១៩។ក្នុងនោះ​ក្រោយ​ធ្វើការ​សាកសួរ លោក​លី សុ​ផា​ណា ​ព្រះរាជអាជ្ញា​រង​អម​តុលាការ​បានសម្រេច​ចោទប្រកាន់​ឈ្មោះ​យិន ហេង ហៅចំប៉ីខ្មៅ ពីបទ​ញុះញង់​អោយមាន​ការរើសអើង តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​ចៅក្រមស៊ើបសួរ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​នៅ​ព្រលប់​ថ្ងៃទី​០៦​កុម្ភៈ

ដោយ​មិនទាន់បាន​សាកសួរ​លំអិត​នៅឡើយ​ទេ ទើប​ចៅក្រម​សម្រេច​អោយ​នាំ​ជនជាប់ចោទ​មក​តុលាការ​នៅ​ថ្ងៃទី ១៥​កុម្ភៈ​ដើម្បី​សាកសួរ​បន្ថែម។មកដល់​ម៉ោង​នេះ ​ចៅក្រម​ ឈ្មោះ ​ពេជ្រ វិជ្ជាធរ ជា​ចៅក្រម​ស៊ើបសួរ ​កំពុង​សួរ​យក​ចម្លើយ​លំអិត​ពី ​យិន ហេង ហៅ​ចំប៉ី​ខ្មៅ ពាក់ព័ន្ធ​សំណុំរឿង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង តាម​មាត្រា​៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ។​ចំប៉ី​ខ្មៅ ត្រូវ​បាន​បំពាក់​ឯកសណ្ឋាន​អ្នកទោស​ពណ៌​ ស្លា​ទុំ ដៃ​ជាប់​ខ្នោះ​យ៉ាង​សង្ហារ។ អ្វី​ជាទី​ចាប់​អារម្មណ៍​នាពេលនេះ ​ចំប៉ី​ខ្មៅ លែង​ញញឹម​ដូចមុនទៀតហើយ៕