ខេត្តកណ្តាល៖ បុរស៣នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅលើផ្លូវជាតិលេខ១ ក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវ៉ាង រ៉ិច បុកជាមួយអ្នកជិះម៉ូតូចំពីមុខពេញទំហឹងកាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង២០ និង៤៥នាទី លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៥ -៤៦ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្តដែលបុកជាមួយអ្នកជិះម៉ូតូម៉ាកHYUDAI ពណ៌ខៀវ ប្រភេទប្រភេទ ដឹកអ្នកដំណើរធុនធំ ពាក់ស្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុនវ៉ាងរ៉ិច បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុគេចខ្លួនបាត់ ។

ជនរងគ្រោះទាំង៣នាក់ជិះម៉ាក HONDA DREAM 125 ពណ៍ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2335 បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង

ស្រុកឈូក ខេត្តតាកែវ អ្នករួមដំណើរចំនួន០២នាក់ ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មាន
ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមប្រភពពត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តរបស់ក្រុមហ៊ុនវ៉ាងរ៉ិច ដឹកអ្នកដំណើរពីប្រទេសវៀតណាមចូលមកភ្នំពេញបើកបរក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច ចំណែកជនរងគ្រោះទាំង៣នាក់ជិះ១គ្រឿងឌុបគ្នាក្នុងទិសដៅពីលិចទៅកើត ។

មកដល់ចំនុចកើតហេតុអ្នកជិះម៉ូតូបានបើកប្រជែងរថយន្តមួយគ្រឿងទៀតដែលនៅពីមុខដោយរំលោភចូលទៅកន្លងផ្លូវម្ខាងទៀត ស្របពេលនោះរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវ៉ាងរ៉ិចបើកបរក្នុងល្បឿនលឿនបានមកដល់ក៍បុកគ្នាចំពីមុខពេញទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះទាំង៣នាក់ស្លាប់រដូករណែលនៅកន្លែងកើយហេតុយ៉ាងអណោចអធម្ម ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរស្រុកកៀនស្វាយបានចុះទៅធ្វើការវាស់វែងដើម្បីរកមូលហេតុនៃការគ្រោះថ្នាក់ តាមការពិនិត្យជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងមកពីអ្នកបើកបរម៉តូ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន

បើករំលោភទៅលើចំណែកផ្លូវនៃយាយយន្តដែលបើកមកពីទិសដៅផ្ទុយ។ ចំណែកភាគីខាងរថយន្តដឹកអ្នកដំណើរក៍រួមចំណែកខុសផងដែរ ធ្វេសប្រហែស បើកបរមានល្បឿនលឿន ពោលគឺហួសល្បឿនកំណត់ ។

បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដោយឡែកសាកសពជនរងគ្រោះទាំង៣នាក់ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕(អត្ថបទ៖នគរវត្ត)