នៅមុននេះបន្តិច តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហាញពាក្យបណ្តឹង ដែលកញ្ញាបានប្តឹងអ្នកនាង សុទ្ធ​ បញ្ចកា អតីតភរិយាម្ចាស់ផលិតកម្ម LD។ ដោយធ្វើការចោទប្រកាន់ តាមមាត្រា ២៣១ មាត្រា ៣០៥ និងមាត្រាដទៃទៀតតាមក្រមព្រហ្មទណ្ឌនៃព្រះរាជណាចក្រកម្ពុជា និងឲ្យសងជំងឺចិត្ត១០ម៉ឺនដុល្លារ និងទាមទារឲ្យលុបសារដែលបង្ហោះ ព្រមទាំងសុំទោសជាសាធារណៈ។

ដោយសាឡាត់ ស្រីឡាង បានសរសេររៀបរាប់ថា៖ “តាមពិតបើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគនិងកាត់ក្តីទាំងនោះមិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមកដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។

ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្តឹងនេះវិញនៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ សូមឈប់បន្តរំខានជិវិតរស់នៅ និងជិវិតសិល្បះរបស់ខ្ញុំតទៀតទៅ”៕