ភ្នំពេញ៖កងកម្លាំងមានសមត្ថកិច្ច បានមានវិធានការយ៉ាងតឹងរឹង ដោយបានដាក់ពង្រាយកម្លាំង នៅផ្ទះសំណាក់ដើម្បីត្រួត ពិនិត្យ ក្នុងការទប់ស្កាត់ភាពមិនប្រក្រតី ដែលអាចកើតមានឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃនៃទិវាសេចក្តី ស្រឡាញ់ ដែលយុវជនមួយចំនួន គិតថាជាថ្ងៃលះបង់ខ្លួនប្រាណឲ្យសង្សារ ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍បាយ័ន (BTV)។

លោក ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ BTV នៅថ្ងៃទី ១៣ កុម្ភៈថា ក្រៅពីផ្សព្វផ្សាយចុះអប់រំណែនាំដល់ បណ្ដាម្ចាស់ផ្ទះសំណាក់ ខារ៉ាអូខេ រួមទាំង បន្ទប់កុនឯកជន ឲ្យមានការសហការចូលរួមទប់ស្កាត់ ភាពមិនប្រក្រតី សម្រាប់អនីតិជន កងកម្លាំងជំនាញរួមទាំងកងកម្លាំងខណ្ឌ នឹងពង្រាយឃ្លាំមើលទីតាំងទាំងនោះ ដើម្បីធានាបានថា គ្មានការប្រព្រឹត្តខុសកើតឡើង។

លោកបន្តថា រាល់ការរកឃើញបទល្មើស ដែលកើតមានឡើងសម្រាប់អនីតិជន ម្ចាស់ទីតាំង និងអ្នកប្រព្រឹត្តសុទ្ធតែត្រូវទទួលទោសផ្លូវច្បាប់។

ក្នុងថ្ងៃទិវាក្តីស្រឡាញ់នេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវឲ្យយុវជន កុំយកថ្ងៃនេះប្រព្រឹត្តកំហុសឆ្គង ដែលនាំឲ្យប៉ះពាល់ដល់សេក្តីថ្លៃថ្នូរបស់ខ្លួន និងក្រុមគ្រួសារផងដែរ។

លោក តុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ បានបង្ហាញរបាយការណ៍ សិក្សាសង្ខេបថ្មីមួយ ដោយរកឃើញថាបច្ចុប្បន្ន ការចាប់អារម្មណ៍របស់យុវវ័យ ចំពោះថ្ងៃនៃក្ដីស្រឡាញ់១៤កុម្ភៈ ថយចុះតិចជាងមុន ជិតពាក់កណ្ដាល បើធៀបកាលពីមួយទសវត្សរ៍មុន ។

លោកថា ចំពោះស្នេហា និងទំនាក់ទំនងផ្លូវភេទ បានបង្ហាញថា យុវវ័យមានការចាប់អារម្មណ៍ តិចជាងមុនជិតពាក់កណ្តាល (២០០៩៖ ៦១.២% ទល់២០១៩៖ ៣៣.៨% ជាពិសេសក្នុងចំណោមយុវវ័យ ដែលមានគូសង្សារ (២០០៩៖ ៨១% ទល់នឹង២០១៩៖ ៤២.៥%)៕​ប្រភព៖​ https://www.dap-news.com