(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈអង្គភាព Fresh News ពន្យល់អំពីករណីការឃាត់ខ្លួនមន្ដ្រីធនធានទឹក និងឧតុនិយមម្នាក់ ឈ្មោះ ឡាយ ប៊ុនថូ ដោយច្រលំថា មន្ដ្រីរូបនេះ ពាក់ព័ន្ធគ្រឿងញៀន នៅត្រង់ចំណុចតាមដងវិថីព្រះមុនីវង្ស ក្បែរស្ថានីយ៍សាំងសូគីម៉ិច (ច្រមុះជ្រូក) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលយប់ពីថ្ងៃទី០៨​ ខែកុម្ភៈ ឆ្នាំ២០១៩។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ក៏បានសូមអភ័យទោស រដ្ឋមន្ត្រីក្រសួងធនធានទឹក និងមន្ត្រីឈ្មោះ ឡាយ ប៊ុនថូ ចំពោះកំហុងឆ្គងរបស់មន្ត្រីនគរបាលរបស់លោក ដែលអនុវត្តន៍ច្បាប់ច្រឡំបែបនេះ។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញសង្គម ស្ដីពី សកម្មភាពរបស់មន្ត្រី នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលបានភ័ន្តច្រលំ ឃាត់ខ្លួនមន្ត្រី នៃក្រសួងធនធានទឹក។ ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមផែនប្រឆាំងគ្រឿងញៀន ខ្ញុំសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា៖ ទី១៖ ពិតជាមានការភ័ន្តច្រលំ ឃាត់ខ្លួនមន្ត្រីឈ្មោះ ឡាយ ប៊ុនថូ កាលពីវេលាម៉ោង២៣៖០០ នាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩មែន និងទី២៖ មូលហេតុដែលកើតមានហេតុការណ៍នេះ ដោយសារពេលចាប់បានជនសង្ស័យ ដកហូតបានថ្នាំញៀន ជនសង្ស័យបានចង្អុលមេខ្លោង។

ដោយពេលយប់ ភិនភាគ សំលៀកបំពាក់ និងទីតាំងជាប់កន្លែងប្រតិបត្តិការ (ចំណុចតាមដងវិថីព្រះមុនីវង្ស ក្បែរស្ថានីយ៍សាំងសូគីម៉ិច ច្រមុះជ្រូក) ជនសង្ស័យ បានចង្អុលមេខ្លោង កម្លាំងជំនាញក៏ឃាត់ ហើយក៏ប្រទ្រុះប្រទ្រះ នាំយកមកមន្ទីរប្រឆាំងគ្រឿងញៀន។ ក្នុងស្ថានភាពរាងស្រវឹងបន្តិច ពិបាកក្នុងការសាកសួរ សមត្ថកិច្ចក៏បានយកជនសង្ស័យដំបូងមកសួរប្រទល់មុខទើបដឹងថា ជនសង្ស័យចង្អុលច្រលំ។ ក្នុងនាមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្នុងនាម រូបខ្ញុំផ្ទាល់បានសូមទោស លោករដ្ឋមន្ត្រីធនធានទឹក ចំពោះកំហុសឆ្គងនេះ»។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបន្ដទៀតថា «ខ្ញុំចាត់ទុកហេតុការណ៍នេះ ពិតជាកំហុសឆ្គងរបស់មន្ត្រីអនុវត្តន៍ច្បាប់ ដែលត្រូវកែប្រែ និងដកបទពិសោធន៍។ យើងខ្ញុំនឹងខិតខំពង្រឹងវិន័យ ក៏ដូចជាការការអនុវត្តជំនាញ និងច្បាប់ដល់កងកម្លាំង»។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ក៏សូមថ្លែងអំណរគុណ និងស្នើសូមកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមកែលំអ ដល់កងកម្លាំងនគរបាលជាតិ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ពិសេសបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន។

សូមជម្រាបថា កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនបុរសម្នាក់ ជាមន្ដ្រីធ្វើការនៅក្រសួងធនធានទឹក និងឧតុនិយម ដែលសង្ស័យថា ជាមេក្លោងជួញដូរគ្រឿងញៀន នៅត្រង់ចំណុច តាមដងវិថីព្រះមុនីវង្ស ក្បែរស្ថានីយ៍សាំងសូគីម៉ិច (ច្រមុះជ្រូក) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីនាំសួររួចមកទើបដឹងថា ចាប់មនុស្សច្រលំ៕