សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ២ថ្ងៃជាប់ៗគ្នាគឺម្សិលមិញនិងថ្ងៃនេះ ដោយថ្លែងអំណរគុណចំពោះការបោះឆ្នោតគាំទ្រ ហើយលោកថា លោកនឹងខិតខំធ្វើការងារហើយចាត់ទុកសុខទុក្ខរបស់ពលរដ្ឋដូចសុខទុក្ខរបស់រូបលោកផ្ទាល់។
សម្តេចបានលើកឡើងពីតម្លៃនៃសន្តិភាព ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន។លោកក៏បានអរគុណដល់ពលរដ្ឋ និងប្តេជ្ញាក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋ។
សម្តេចបានសរសេរថា៖«សូមអរគុណចំពោះការស្រឡាញ់រាប់អាន និងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់ និងការគាំទ្រឥតងាករេពីបងប្អូនជនរួមជាតិចំពោះរូបខ្ញុំ។ ព្រោះសុខទុក្ខរបស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរ។»
សម្តេច ហ៊ុន សែន ក៏បានលើកឡើងថា មានតែគណបក្សរបស់លោក តែមួយគត់ ដែលខ្លាំង និងធានាដល់ការរក្សាសន្តិភាព។សម្តេច សរសេរ៖«គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្សប្រជាជន គឺធានាដាច់ខាតមិនអោយ សង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ។»