នាយឧត្តមសេនីយ៍ផ្កាយ ៤ លោក ធឹម សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃបានបដិសេធចំពោះការចោទប្រកាន់ និងរិះគន់ របស់ប្រធានគណបក្សខ្មែរ ដោយឆ្លើយ តបវិញថា «វាមិនមានច្បាប់ណាដែលចែងថា មិនឲ្យយកសែលោហិតចូលធ្វើការទេ វាជាការមួលបង្កាច់ និងជាការបំពុលសង្គម »។នេះបើយោងតាម កាសែតភ្នំពេញប៉ុស្ត៏ ដកស្រងសំដីលោក យកមកផ្សាយ កាលពីពេលថ្មីៗនេះ។
ការបដិសេធរបស់លោក ធឹម សុផា បានធ្វើឡើង ក្រោយពី មានការរិះគន់ ពីមហាជនពិសេស លោក សុខ សុវណ្ណ វឌ្ឍនាសារពង្ស ប្រធានគណបក្សខ្មែរក្រោក បានស្នើរទៅឲ្យ ក្រសួងមហាផ្ទៃ មានចំណាត់ការ ចំពោះ នាយឧត្តមសេនីយ៍ផ្កាយ ៤ លោក ធឹម សុផា បាន កេណ្ឌសែស្រឡាយបក្ខពួកគ្រួសារនិយម រហូតដល់ ២២ នាក់ ឲ្យមកកាន់ការងារ តួនាទីនៅក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោក។ ហើយក្រោយមក នាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃបាននិងកំពុងស៊ើបអង្កេត ទៅលើនាយនគរបាលជាន់ខ្ពស់រូបនេះ។
ឆ្លើយតបនិងការរិះគន់ នាយឧត្តមសេនីយ៍ផ្កាយ ៤ លោក ធឹម សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃបានបដិសេធចំពោះការចោទប្រកាន់ និងរិះគន់ របស់ប្រធានគណបក្សខ្មែរក្រោកដែលថា លោកបានកេណ្ឌសែស្រឡាយបក្ខពួកគ្រួសារនិយម រហូតដល់ជាង ២០ នាក់ឲ្យមកកាន់តួនាទីនៅក្នុងអគ្គនាយកដ្ឋានសវនកម្ម ដោយលោកចាត់ទុកថា ជាការមួលបង្កាច់ និងជាការបំពុលសង្គម។
លោកបញ្ជាក់ថា៖ «វាមិនមានច្បាប់ណាដែលចែងថា មិនឲ្យយកសែលោហិតចូលធ្វើការទេ។ វាជាការមួលបង្កាច់។ ព័ត៌មានយ៉ាងដូច្នេះយូរទៅវានឹងសាបដោយសារតែពាក្យវាមិនពិតហើយមិនគួរប្រើបំពុលសង្គមដូច្នេះទេ»។
លោកបញ្ជាក់ថា លោកមានកូន ៣ នាក់ដែលក្នុងនោះមានកូនប្រសារម្នាក់ ហើយមានប្អូនជីដូនមួយ ៣ នាក់ និងដន្លងមួយផងដែរ បាននិងកំពុងបម្រើការងារនៅ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ដែលលោកថា អ្នកទាំងអស់នោះសុទ្ធតែត្រូវបានជ្រើសរើសតាមលក្ខន្តិកៈ និងគោលការណ៍ក្រសួងមហាផ្ទៃ។
សូមរំលឹកថា កាលពីថ្ងៃទី ៣១ ខែមករា លោក វឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា ករណីរបស់នាយឧត្តមសេនីយ៍ផ្កាយ ៤ ធឹម សុផា ក្រសួងមហាផ្ទៃ ត្រូវទប់ស្កាត់ និងត្រូវធ្វើការលុបបំបាត់វប្បធម៌សែស្រឡាយនិងគ្រួសារនិយមដើម្បី ផ្ដល់ឱកាសដល់ពលរដ្ឋទូទៅ។
លោកក៏បានបង្ហោះរិះគន់កាលពីថ្ងៃទី ១ ខែកុម្ភៈ ថា ទោះបីជា កូនអ្នកក្រខិតខំប្រឡងជាប់ក៏ធ្លាក់ដែរដោយសារតែខ្លួនគ្មានសែស្រឡាយ ធ្លាក់ខណៈពេលដែលកូនអ្នកមាន ទោះបីប្រឡងធ្លាក់ក៏ជាប់ដែរ ដោយសារតែខ្លួនមានសែស្រឡាយ។
លោកបញ្ជាក់ថា៖ «កូនអ្នកមានខ្សែប្រឡងធ្លាក់ក៏ជាប់ កូនអ្នកក្រប្រឡងចង់ងាប់ទោះត្រូវជាប់ក៏ធ្លាក់។ ការបង្កើត ពូជនិយមក្នុងជួរមន្ត្រីរាជការជាការបិទឱកាសយុវជនដែលមានបំណងចូលរួមបម្រើជាតិ»៕