ភ្នំពេញ ៖ ក្រោយ​ពី​ព្រះរាជអាជ្ញា ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ ពី​បទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​» រួច​មក ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ នៅ​ពន្ធនាគារ​ព្រៃ​ស នា​ល្ងាច​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ។

ជនសង្ស័យ យិ​ន ហេង ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ញុះញុង​អោយ​មានការ​រើសអើង តាម​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ តាម​បទ​ចោទ​អាច​មានទោស​ជាប់​ពន្ធនាគារ ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​៦​លាន​រៀល ប្រសិនបើ​ការ​ញុះញង់​នេះ គ្មាន​ប្រសិទ្ធភាព​ទេ ។

សូម​ជម្រាប​ថា កម្លាំង​នរ​គ​បាល​ខណ្ឌដូនពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ យិ​ន ហេង ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ម៉ោង​២ ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​យុវជន យិ​ន ហេង នៅ​ចំណុច​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ក្បែរ​ព្រះ​បរមរាជវាំង កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ កុម្ភៈ ។

បើ​តាម​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១៨​និង​០៥​នាទី ប៉ូលិស​បាន​នាំ​ជន​ត្រូវ​ចោទ ទៅ​ឃុំខ្លួន នៅ​«​ម​១»​ព្រៃ​ស ហើយ ៕