ក្នុងជំនួបការងារ រវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មដែលបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កែលម្អកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងទៀតថា ក្នុងជំនួបកាលពីរសៀលថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៩កន្លងទៅ ភាគីបារាំងបានបញ្ជាក់ថាថា ជំនួបនាពេលនេះគឺជាឱកាសនៃការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ល្អៗ និងធ្វើការសិក្សា លើកទិសដៅបន្តអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ទន្ទឹមនេះ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា នឹងខិតខំផ្តល់កិច្ចសហការបន្ថែមទៀតជាមួយក្រសួងកសិកម្ម ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមចក្ខុវិស័យរបស់ រដ្ឋាភិបាលកម្ពុជា។
ជុំវិញការលើកឡើងនេះ លោករដ្ឋមន្ត្រី វេង សាខុន អរគុណដល់រដ្ឋាភិបាលបារាំង ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជារួម និងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម។ ជំនួយឧបត្ថម្ភទាំងហិរញ្ញវត្ថុនិងបច្ចេកទេសរបស់រដ្ឋាភិបាលបារាំងបានចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្មមានការរីកចម្រើន គួរឱ្យមោទនភាព។ លោករដ្ឋមន្ត្រី សង្ឃឹមថារដ្ឋាភិបាលបារាំងនឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត ជាពិសេសដល់វិស័យកៅស៊ូគ្រួសារឲ្យកាន់តែមានការរីកចម្រើនសមស្របតាមនិន្នាការរីកចម្រើនផ្នែកសេដ្ឋកិច្ច កំណើនប្រជាជន និងការប្រកួតប្រជែងទីផ្សារ។
ក្នុងជំនួបនាឱកាសនោះដែរ ភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាផងដែរ ដូចជា ៖ ការអភិវឌ្ឍវិស័យកៅស៊ូគ្រួសារ, ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋរចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវ អង្កកម្ពុជា, ការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការកែច្នៃ ការវេចខ្ចប់ ការធានាគុណភាព សុវត្ថិភាព អនាម័យ និងភូតគាមអនាម័យ (SPS) ឆ្លើយតបតាមនិយាមក្នុងតំបន់ និងនៅលើពិភពលោក, ការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីកសិកម្មឱ្យមាននិរន្តរភាព និងវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនជ្រូកអាហ្វិច (African Swine Fever)៕