ក្រោយ​ចំណាយពេល​ស៊ើបអង្កេត​ប៉ុន្មាន​ថ្ងៃ​មក គណៈកម្មការ​ចំណ​ពោះ​កិច្ច បាន​រកឃើញ​កងរាជអាវុធហត្ថ​ម្នាក់​ហើយ (​ប៉េអឹម​) ដែល​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ ដែល​តវ៉ា​នឹង​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ នៅ​ខេត្ត​ព្រះ​សីហ​នា កាលពីពេល​ថ្មី​នេះ​។ នេះ​បើតាម​លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅរស​ល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩​។

​ពិន័យ​ដំបូង​ដែល​កងរាជអាវុធហត្ថ​រូបនោះ ត្រូវ​ទទួល គឺ​ការបញ្ឈប់​ពី​ក្របខណ្ឌ​។ លោក អេង ហ៊ី អះអាងថា វិធានការ​លើ​កងរាជអាវុធហត្ថ​រូបនោះ មិន​បញ្ចប់​នៅត្រឹម​នេះនោះ​ទេ​។
​លោក លើកឡើងថា រូបគេ នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​ក្រុមប្រឹក្សាវិន័យ​នៃ​កង​រាជ​អាវុធ ចាត់ការ​បន្ត​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមប្រឹក្សាវិន័យ ដាក់ទោស​យ៉ាងណា គឺ​ទៅតាម​នុ៎ង​ទៅ​»​។

​អ្នកនាំពាក្យ​កង​រាជ​អាវុធ បន្តថា មន្ត្រី​កង​រាជ​អាវុធ ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ គឺជា​អ្នក​ដែល​បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ គឺ​មិនមែនជា​អ្នក ដែល​ប្រើ​កាំភ្លើង​បាញ់​ប្រជាពលរដ្ឋ​នោះទេ​។ លោក បន្ថែមថា សមត្ថកិច្ច កំពុង​បន្ត​ស្វែងរក​អ្នក ដែល​ប្រើ​កាំភ្លើង​បាញ់​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ លោក សង្កត់ធ្ងន់​បែបនេះ​ថា​៖«​យើង កំពុង​ធ្វើ​កិច្ច​នេះហើយ​»​។

​យ៉ាងណាក៏ដោយ លោក មិនទាន់​អាច​ប្រាប់​ឈ្មោះ និង បង្ហាញ​ពី​អត្តសញ្ញាណ​របស់​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ត្រូវ​ទទួលទោស​នោះទេ​។
​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយ ដើម្បី​ឲ្យ​ទៅ​ស៊ើបអង្កេត​ចំពោះ​ករណី​ហិង្សា រហូត​មានការ​ផ្ទុះអាវុធ​លើ​ប្រជាពលរដ្ឋ ដែល​នាំគ្នា​ទៅ​តវ៉ា​រឿង​នៅ​ដីធ្លី នៅ​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ព្រះសីហនុ ធ្លាប់​បកស្រាយ​ថា គ្រាប់កាំភ្លើង​ដែល​បាញ់​ត្រូវ​ប្រជាពលរដ្ឋ គឺជា​គ្រាប់កាំភ្លើង​ប្រភេទ​ឡុ​ក ដែល​មិនមែនជា​របស់​ប៉ូលិស និង ប៉េអឹម​នោះទេ​។ លោក បានដាក់​ការសង្ស័យថា ប្រហែល​ជាមាន​ជន​បាតដៃ​ទី​៣ ឆ្លៀតឱកាស​បាញ់​ប្រជាពលរដ្ឋ ពេល​ការប្រទាំងប្រទើស​រវាង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កើតឡើង ដើម្បី​ដាក់​កំហុស​ឲ្យ​សមត្ថកិច្ច​។

​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​ទៅ​តវ៉ា ក្រោយ​តុលាការ​កំពូល ចេញ​សាលដីកា​ស្ថាពរ ដោយ​សម្រេច​ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ឈ្នះក្តី​លើ​ពួកគេ លើ​សំណុំរឿង​ដីធ្លី​។ បន្ទាប់មក សមត្ថកិច្ច ក៏​នាំគ្នា​ទប់ស្កាត់​ប្រជាពលរដ្ឋ​ទាំងនោះ ដោយ​អះអាងថា ជាការ​អនុវត្តតាម​សាលដីកា​របស់​តុលាការ​កំពូល​។

​មកដល់ពេលនេះ ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច បាន​ស្ងប់ស្ងាត់ ប៉ុន្តែ​ដំណោះស្រាយ​រឿង​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង ឧកញ៉ា នៅ​មិនទាន់មាន​នោះទេ បើទោះបីជា​តុលាការ ចេញ​សាលដីកា​ឲ្យ​ឧកញ៉ា​ឈ្មះ​ក៏ដោយ​។ ប្រជាពលរដ្ឋ នៅតែ​មិន​សុខចិត្ត​និង​ចាត់ទុកថា​ជា​ជា​រឿង​អយុត្តិធម៌ សម្រាប់​ការកាត់ក្តី​នេះ​។ ប្រជាពលរដ្ឋ អាច​នឹង​បន្ត​តវ៉ា​ក្នុង​រឿងនេះ នៅពេល​ក្រោយ​ទៀត ក៏​ថា​បាន​៕