ភ្នំពេញៈ មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​លោក ​កែវ វី ​បានឲ្យ​ដឹងពី​ម្សិលមិញ​ថា ​ស្រូវប្រាំង​របស់​ពលរ​ដ្ឋ​ចំនួន​ជាង ​២ ម៉ឺន​ហិកតា ​ស្ថិតនៅ​ក្នុង​ខេត្ត​ចំនួន ៩ ​កំពុង​ត្រូវបាន​អាជ្ញាធរ​ជួយ​បូមទឹក​សង្គ្រោះ ខណៈ​ស្រុក​ចំនួន ៣ នៅ​ខេត្ត​បាត់​ដំបង​ក៏​កំពុង​ជួប​គ្រោះរាំង​ស្ងួត​ស្ថិតក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ដែរ។

បើតាម​លោក​កែវ វី ​បានប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ គឺ ខេត្ត​ទាំង ៩ ​ដែលមន្ត្រី​ជំនាញ​បាន​និង​កំពុង​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ប្រជា​ពលរដ្ឋនោះ​ រួមមាន ​ខេត្ត​បន្ទាយ​មានជ័យ ​សៀមរាប​ ស្វាយ​រៀង ​ព្រៃវែង ​កណ្ដាល ​កំពង់ធំ​ បាត់ដំបង​ កំពង់​ស្ពឺ​ និង​ខេត្ត​ពោធិ៍​សាត់។ ស្រូវ​ប្រាំង​ដែល​កំពុង​ត្រូវបាន​សង្គ្រោះ​នោះ ​សរុប​មានចំនួន​ ២៣ ០០០​ ហិកតា។

លោក​កែវ វី និយាយថា ​នៅ​ខេត្ត​បាត់ដំបង​កំពុងមាន​ការ​ប៉ះពាល់​តិចតួច​សម្រាប់​ផល​ដំណាំនានា ​ប៉ុន្ដែ​នៅ​ស្រុក​ចំនួន​ ៣​ គឺ​ស្រុក​រុក្ខគិរី ​មោង​ឫស្សី ​និង​ស្រុក​គាស់​ក្រឡ​ កំពុងមាន​ការ​ប៉ះពាល់​ ខ្លាំង​ចំពោះ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ ដោយសារ​តំបន់​ស្រុក​ទាំង ៣ នោះ​មាន​អាង​ទឹកធំ​មួយ ប៉ុន្ដែ​ត្រូវ បាន​រីង​ស្ងួត​បាត់​ទៅ​ហើយ។

លោក​កែវ វី ​បញ្ជាក់ថា​៖ «ឥឡូវ​នេះ​ វា​មានខ្លះៗ​ទេ​ ប៉ុន្ដែ​ស្ថាន​ភាព​​ដែល​យើង​គិតថា ​វា​ធ្ងន់ធ្ងរ គឺ​មិន​ទាន់មាន​ទេ​ ហើយ​ការ​ខ្វះខាត​ទឹក​នេះ គឺ​វា​មាន​ស្ទើរតែ​គ្រប់​ខេត្ត​ហ្នឹង ​ចាប់តាំង​ពី​ខែធ្នូ​មក ​ប៉ុន្ដែ​ខេត្ត​ខ្លះ​មិនទាន់មាន​ការ​ខ្វះខាត​ទឹក​ខ្លាំង​ ដោយ​សារ​វា​មាន​ប្រភព​ទឹក​ផ្សេងៗ​បើក​បញ្ចេញ​ទឹក ឬ​បូម និង​អន្តរា​គមន៍​ទឹក​សង្គ្រោះ​ទាន់​ពេល​វេលា ​ហើយ​ខេត្ត​បាត់​ដំបង​ក៏​យើង​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង​ ព្រោះ​ទីនោះ​កំពុង​ខ្វះ​ទឹក​ប្រើ​ប្រាស់»។

លោក​បន្ថែមថា ​មន្ត្រី​ជំនាញ​បាន​សិក្សា​ប្រភពទឹក​នៅ​ស្រុក​មោង​ឫស្សី​រួចហើយ​ ដោយ​មាន​តែ​ប្រភពទឹក​ក្រោម​ដី​ប៉ុណ្ណោះ ដែល​អាច​យក​មក​ប្រើ​ប្រាស់​បាន ​រីឯ​ស្រុក​គាស់ក្រឡ ​ពី ១ ​ឆ្នាំទៅ​ ១ ឆ្នាំ​តែងតែ​ខ្វះ​ទឹក និង​ជួប​គ្រោះ​រាំង​ស្ងួត ​ហើយ​មន្ត្រី​បាន​បូមទឹក​ពី​ប្រព័ន្ធ​បង្ហូរទឹក​ពី​ស្រុក​ផ្សេង​មកជួយ​ដែរ។ ចំណែក ​ស្រុក​រុក្ខ​គី​រី មាន​ស្ថាន​ដី​ខ្ពស់ជាង​បណ្ដា​ស្រុក​ផ្សេងៗ​ក្នុង​ខេត្តបាត់​ដំបងដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​រក​ប្រភព​ទឹក​ ហើយ​ប្រសិន​មានការខ្វះខាត​ទឹក​បែបនេះ ​គឺ​មាន​តែ​ប្រភព​ទឹក​ក្រោម​ដី​ប៉ុណ្ណោះ​ដែល​អាចជួយ​ពួកគាត់។

លោក​ចាន់ យុ​ត្ថា ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាល​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់​ទង​សុំ​ការបញ្ជាក់​បានទេ។

ចំណែក​ លោក​យិន សាវុធ ​និង​លោក​ ម៉ៅ ហាក់ ​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយម​ ពី​ម្សិលមិញ​ បដិសេធ​ ធ្វើអត្ថា​ធិប្បាយ​ ដោយ​ប្រាប់ថា ​លោក​​គ្រាន់តែ​បានទទួល​ព័ត៌មាន​នេះ ប៉ុន្ដែ​របាយការណ៍​លម្អិត​លោក​ទាំង ២ មិនទាន់​បានទទួល​ទេ។

ពាក់ព័ន្ធ​ករណីនេះ​សារព័ត៌​​មាន​ក្នុងស្រុក Fresh News ចេញ​ផ្សាយ​ ពីម្សិលមិញ ​ថា​ លោក​លឹម គានហោ ​រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ បាន​ចាត់តាំង​ក្រុមការងារ​មួយ​ក្រុម​​ដឹកនាំ​ដោយ​លោក​ ចាន់ យុ​ត្ថា រដ្ឋ​លេខា​ធិ​ការ​ចុះ​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដើម្បី​នាំ​ទឹក​ពី​ទីតាំង​ផ្សេង​មក​ផ្គត់ផ្គង់​ស្រុក​មោ​ងឫស្សី ដោយ​ត្រូវ​នាំ​ទឹក​ពី​ស្រុក​រតនមណ្ឌ​ល​ចម្ងាយ​ប្រមាណ​ជាង ​១០០ គីឡូ​ម៉ែត្រ។

លោក​ ចាន់ យុត្ថា ​ដែលបាន​ដឹកនាំ​ក្រុមការងារ​នេះ​ប្រាប់ Fresh News ថា​ សម្រាប់​ខេត្ត​បាត់ដំបង ​ស្រុក​ដែល​ប្រឈម​នឹង​កង្វះ​ខាត​ទឹក​ប្រើប្រាស់​មាន ៣ ស្រុក ​គឺ​ស្រុក​រុក្ខ​គិរី ​ស្រុក​មោង​ឫស្សី និង​ស្រុក​គាស់ក្រឡ ​តែ​ចំពោះ​ស្រុក​គាស់ក្រឡ​បាន​ដោះស្រាយ​រួច​ហើយ។

លោក​ថាចំពោះ​ស្រុក​មោងឫស្សីអាច​នឹង​ប្រឈម​ក្នុង​រង្វង់​មួយ​សប្ដាហ៍​ខាងមុខ តែ​បញ្ហា​នេះ​ក្រសួង​បាន​ពិនិ​ត្យ​ឃើ​ញ​​​ជាមុន និង​បាន​ត្រៀមលក្ខណ​សម្បត្តិ សម្រាប់​ការជួយ​អន្តរា​គមន៍​មួយ​ជំហាន​រួចហើយ។ បច្ចុប្បន្ន​ក្រុម​ការងារ បាន​និង​កំពុង​ស្ដារ​ប្រឡាយ​ប្រមាណ​ ៤ បន្ថែមទៀត។

លោក ​ងួន រតនៈ ​អភិបាលខេត្ត​បាត់ដំបង ​ពី​ម្សិលមិញ ​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​ ដោយ​ទូរស័ព្ទ​មិនមាន​អ្នកទទួល។

ជាមួយ​គ្នានេះដែរ ​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា-ថៃ ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សាគ្នា​កាលពី​ថ្ងៃ ៣១ មករា​ កន្លងមក​ ​ស្ដី​ពី​ «កិច្ច​ស​ហប្រតិបត្តិការ​ឆ្លងដែន​រួមគ្នា​សម្រាប់​ការគ្រប់គ្រង​​ទឹក​ជំនន់​និង​ភាពរាំងស្ងួត​ក្នុង​តំបន់​ព្រំដែន​កម្ពុជា-ថៃ» ដើម្បី​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​នៅជាប់​ព្រំដែន​ប្រទេស​ទាំង ២ ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

លោកប៉ុ​ញ្ញ សច្ចៈ រដ្ឋ​លេខា​ធិការ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​កម្ពុជា ​និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​បាន​លើក​ឡើង​ថា ​បញ្ហា​ទឹកជំនន់​ និង​ភាពរាំងស្ងួត​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ភាពមិន​ទៀងទាត់ ​ដោយសារ​ការប្រែប្រួល​​អា​កាសធាតុ ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ផ្ដល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ​ដើម្បី​ត្រៀម​បង្ការ ​និង​ទប់​ស្កាត់​បញ្ហា​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​និង​ប្រកបដោយ​ការទទួលខុស​ត្រូវ​ខ្ពស់។

លោកថ្លែង​ថា​៖ «ពេលខ្លះ​ភ្លៀង​ធ្លាក់​តែមួយ​មេ​ទេ ​តែ​ដោយសារ​ទឹក​ហូរ​ពី​ទី​ខ្ពស់​ចុះក្រោម ​ហើយ​ស្រុក​សាលាក្រៅ​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា​មាន​រយៈកម្ពស់​ទាប​ជាង​ខេត្ត​ចាន់​បូ​រី​ប្រទេស​ថៃ ​ដូច្នេះ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ព្រំដែន​ខេត្ត​ទាំង ២ នេះ គឺ​ធ្វើ​ឲ្យ​ស្រុក​សាលា​ក្រៅ​នៃ​ខេត្ត​ប៉ៃ​លិន​យើងខ្ញុំ​មានការ​ជន់​លិច»។

លោក​​បន្តថា​៖ «ការផ្ដល់​ព័ត៌មាន​​គ្នា​ទៅវិញ​ទៅមក​រវាង​អាជ្ញា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង ២ គឺ​សំខាន់​ណាស់ ដើម្បី​ជួយ​គ្នា​ក្នុង​ការត្រៀម​បង្ការ ​និង​ទប់ស្កាត់​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់​បាន​ទាន់​ពេល​វេលា»។

ចំណែក​លោក Suchart Sirijung Sakul ប្រធាន​លេខាធិការដ្ឋាន​គណៈ​កម្មាធិកា​រ​ជាតិ​ទន្លេ​មេគង្គ​ថៃ​បាន​ថ្លែងថា​ ដើម្បី​ធ្វើ​ឲ្យ​គម្រោង​កិច្ចសហ​ប្រតិបត្តិការ​នេះ​ដំ​ណើរការ​ប្រកបដោយ​ផ្លែផ្កា​គឺ ទាមទារ​ឲ្យ​មានការ​ចូលរួម​មតិ​ពី​គ្រប់​ជ្រុង​ជ្រោយ​នៃ​ភាគី​ពាក់ព័ន្ធ​សម្រាប់​គម្រោង​នេះ។

លោក​បន្តថា ​កិច្ចប្រជុំ​នេះ​គឺជា​វេទិកា​មួយ​សម្រាប់​សិក្សា​រួមគ្នា​អំពី​បញ្ហា​ប្រឈម​នៃ​ការគ្រប់គ្រង​ទឹកជំនន់​និង​ភាពរាំងស្ងួត​នៅ​តំបន់​ព្រំដែន​នៃប្រទេស​ទាំង ២ ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​ជំហាន​បន្តបន្ទាប់​ទៀត។

លោក​បានថ្លែងទៀតថា​៖ «​យើង​​ចង់បាន​ផែនទី​បង្ហាញ​ផ្លូវ​រួមគ្នា​មួយ សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​គ្រប់គ្រង​ទឹកជំនន់​និង​ភាពរាំងស្ងួត​ ក្នុង​តំបន់​ព្រំដែន​ប្រទេស​យើង​ទាំង ២ ឲ្យ​មាន​ប្រសិទ្ធភាព»។

ក្នុង​កិច្ចប្រជុំ​នោះ​ក៏មាន​ក្រុម​​មន្ត្រី​ជំនាញ​ផ្នែក​ប្រឹក្សា​យោ​បល់​មកពី​អង្គការ JBA Consulting បាន​លើកឡើង​អំពី​គ្រោះ​ទឹក​ជំនន់ ​និង​ភាព​រាំងស្ងួត​ ដែល​បាន​កើតឡើង​នាពេល​កន្លងមក​ដែរ ​នៅក្នុង​ស្រុក​មួយចំនួន​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ ដូច​ជា នៅ​ស្រុក​អារញ្ញ ​ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ ​និង​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មានជ័យ​នៃ​ប្រទេស​កម្ពុជា ដែល​នាំ​ឲ្យ​មាន​ការបង្កើត​គម្រោង​ស្ដារឡើងវិញ​នូវ​អាង​ស្តុក​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​មួយចំនួនទៀត​ ដើម្បី​បញ្ចៀស​គ្រោះ​ទឹកជំនន់​និង​ អាច​រក្សា​ទឹក​ទុក​ប្រើប្រាស់​និង​ស្រោច​ស្រពពេល​ជួបនឹង​គ្រោះ​រាំង​ស្ងួត៕