មេប៉េអឹម ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបើកអង្ករអំណោយឧបត្ថម្ភរបស់លោកហ៊ុន ម៉ានី តំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ ចំនួន១៣តោន ដល់មន្ត្រីនៅក្រោមឱវាទចំនួន១៧៤នាក់ ក្នុងម្នាក់ ៧៥គីឡូក្រាម។
ការព្រមបើកអង្ករនេះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ គឺបន្ទាប់កូនចៅផ្ទុះការតវ៉ារហូតដឹងដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស បញ្ជាអោយក្រុមអធិការកិច្ចថែមទៀតផង។ក្រៅពីរឿងអង្ករ ក៏មានរឿងស៊ីដាច់លុយការពារបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ផងដែរ។ តែបន្ទាប់ផ្ទុះការតវ៉ាដឹងដល់ថ្នាក់លើ ទើបមេប៉េអឹមខេត្តកំពង់ស្ពឺ ព្រមបើកអោយ។
សូមជម្រាបថា គណៈកម្មការចំពោះកិច្ចបានចុះទៅធ្វើអធិការកិច្ចនៅទីបញ្ជាការដ្ឋានប៉េអឹមខេត្តកំពង់ស្ពឺកាលពីថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេប៉េអឹមខេត្តកំពង់ស្ពឺ រងការចោទប្រកាន់ពីមន្ត្រីនៅក្រោមឱវាទពាក់ព័ន្ធការស៊ីដាច់អង្ករឧបត្ថម្ភ និងស៊ីដាច់លុយការពារបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ រួមទាំងភាពមិនប្រក្រតីមួយចំនួនទៀត។
ទាក់ទងករណីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមប្រឹក្សាវិន័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទៅលើភាពមិនប្រក្រតីដែលពាក់ព័ន្ធនឹងពាក្យបណ្តឹង និងការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅទីញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ការប្រជុំត្រួតពិនិត្យនេះ គឺបន្ទាប់ពីគណៈកម្មការចំពោះកិច្ចចុះធ្វើអធិការកិច្ចមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេប៉េអឹមខេត្តកំពង់ស្ពឺ ក៏ធ្លាប់ត្រូវបានកូនចៅប្តឹងដែរ ។ ដោយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ មានAccount Facebook ឈ្មោះ ព្រាប សរ បានលើកឡើង comment ក្នុង Page ថ្នាក់ដឹកនាំថា “សូមមើលអាវុធហត្ថខេត្តកំពង់ស្ពឺផងសម្តេចពុករលួយ កាន់៣ឆ្នាំ ទិញផ្ទះ៣៥ ម៉ឺនដុល្លារ កាត់លុយកូនទាហាន ស្រេចតែចិត្ត ដោយយកលេសថាមូលនិធិ លោក នាយឧត្តមសេនីយ៍ សៅ សុខា តែងតែណែនាំ រំលឹកដាស់តឿនដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងកងរាជអាវុធហត្ថ ហាមកាត់គោលរបបរបស់ទ័ព ជាពិសេសប្រាក់ខែលើសពីនេះទៀត គឺបានជំរុញលើកទឹកចិត្តឱ្យបំពេញបន្ថែមលើគោលរបបរបស់រដ្ឋដូចជាការហូបឆ្អែតអនាម័យ។ល៕