ភ្នំពេញ៖ កម្ពុជា រំពឹងថានឹងអាចទទួលបានកំណើនភ្ញៀវទេសចរចិន ចំនួន៣លាននាក់ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ និងកំណើនបន្តបន្ទាប់ទៀតដល់ ៥លាននាក់ ក្នុងឆ្នាំ២០២៥ និង៨លាននាក់ ក្នុងឆ្នាំ២០៣០។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាកិច្ចប្រជុំទ្វេរភាគី ជាមួយលោក ឡ ស៊ូកាង (Luo Shugang)រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្តទៀតថា អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីកំណើន នៃលំហូរទេសចរ និងវិនិយោគិនចិនបានទេ។ លោក ថោង ខុន បញ្ជាក់ដូច្នេះ៖«កំណើនភ្ញៀវទេសចរចិន គឺជាកាលានុវត្តន៍ដ៏សំខាន់ មិនត្រឹមតែជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យ ផ្សេងៗ នៅកម្ពុជា ក៏ដូចជាប្រទេសក្នុងអាស៊ាន បានចាត់ទុកចិនជាដៃគូយុទ្ធសាស្ត្រ និងជាប្រភពទីផ្សារដ៏សំខាន់បំផុតសម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ»។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ ភ្ញៀវទេសចរចិនដែលមកកម្ពុជា មានប្រមាណ ១,៩លាននាក់ កើន៧១ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧ ដែលមានជាង ១,២លាននាក់៕