ភ្នំពេញ ៖ ទោះបីជា​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​បញ្ហា​ខ្យល់​កខ្វក់​កើតឡើង រហូត​ដល់​មានការ​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​យ៉ាងណា​ក៏​ដោយ ក៏​នៅ​ប្រទេស​កម្ពុជា មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ ។

នៅ​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៩ នៅ​តាម​សារ​(Messenger)​តាម​ហ្វេ​ស​ប៊ុ​ក មានការ​ចែកចាយ​នូវ​សំឡេង​របស់​បុរស​ម្នាក់ ដែល​មាន​រយៈពេល ៤៤​វិនាទី ដែល​សារ​នោះ បាន​លើក​ឡើង​ថា ក្រសួងសុខាភិបាល បាន​ប្រជុំ​ផ្ទៃក្នុង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ កុម្ភៈ នេះ​ហើយ​បាន​លើក​ឡើង​ថា ឥទ្ធិពល​ខ្យល់​កខ្វក់ ផ្សែង​ពុល ដែល​កើតឡើង​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម នៅ​ពេល​នេះ បាន​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ ។ ប៉ុន្តែ​ក្រសួងសុខាភិបាល ក៏​ដូច​ជា រាជរដ្ឋាភិបាល មិន​ទាន់​ប្រកាស​ជា​សាធារណៈ ជា​ផ្លូវការ​នៅឡើយ​ទេ ។

ភ្លាម​ៗ ក្រសួងសុខាភិបាល តាម​រយៈ​លោកស្រី ឱ វណ្ណ​ឌិន អគ្គនាយក​បច្ចេកទេស​ក្រសួងសុខាភិបាល បាន​ច្រានចោល​នូវ​ការ​លើក​ឡើង ដែល​គេ​ចែកចាយ​ត​ៗ​គ្នា តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃនេះ ថា «​ព័ត៌មាន​នោះ ជា​ពាក្យ​ច​ចាម​រ៉ា​ម ខណៈ​ដែល​ក្រសួងសុខាភិបាល មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ទាំងអស់​» ។

ដោយឡែក ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំអោយ​មានការ​ព្រួយ​បារ​ម្ម​ណ៍ ពី​បញ្ហា​ការ​បំពុល​ខ្យល់​ពី​ប្រទេស​ថៃ ខណៈ​ដែល​មន្ត្រី​ជំនាញ​បាន​វា​កម្រិត​ខ្យល់​រួច​ហើយ គឺ​គ្មាន​សារធាតុពុល​នោះ​ឡើយ​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។

ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​របស់​ក្រសួងបរិស្ថាន បាន​បន្ត​តាមដាន​ខ្យល់ ជា​ប្រចាំ និង​វាយតម្លៃ​រៀង​រាល់ ២៤​ម៉ោង​ម្តង​។ រីឯ​លទ្ធផល​ជា​បន្តបន្ទាប់​របស់​អ្នកជំនាញ បញ្ជាក់​ថា បរិយាកាស​ខ្យល់អាកាស នៅ​ប្រទេស​កម្ពុជា​យើង មានគុណ​ភាពល្អ​ធម្មតា​។

លោក នេត្រ ភ​ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​អោយ​ដឹង​ថា បញ្ហា​បំពុល​ខ្យល់​នៅ​ក្នុង​ប្រទេស​ថៃ​មក​ដល់​ពេល​នេះ ពុំ​បាន​សាយភាយ​មក​ដល់​កម្ពុជា​ឡើយ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កុំ​មានការ​ព្រួយបារម្ភ​អោយ​សោះ ។

លោក នេត្រ ភ​ត្រា បាន​អះអាង​ថា បច្ចុប្បន្ន​នេះ ទោះបីជា​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​បញ្ហា​ខ្យល់​កខ្វក់​កើតឡើង ក៏​ស្ថានភាព​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយ​ស្ថិត​នៅ​ចន្លោះ​ពី ១០​ដល់​២០ ជា​កំរិត​មួយ​ធម្មតា ហើយ​កំរិត​ដែល​ប្រុង​ប្រយ័ត្ន គឺ​នៅ​កំរិត​៥០​ឡើង​ទៅ ។

ការ​អំពាវនាវ​របស់​ក្រសួងបរិស្ថាន ក៏​ដូច​ក្រសួងសុខាភិបាល នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​រដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក៍​ដូច​ជា​នៅ​តាម​បណ្ដាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​បង្ហាញ​ការ​ព្រួយបារម្ភ ពី​បញ្ហា​សុខភាព ខណៈ​ដែល​នៅ​ប្រទេស​ថៃ មាន​បញ្ហារ​ខ្យល់​កខ្វក់​នៅ​ទូ​ទាំង​ប្រទេស ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ បានអោយ​ដឹង​ថា ដោយសារ​ឥទ្ធិពល​ខ្យល់​កខ្វក់ PM2.5 នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ មានការ​កើនឡើង ជា​លំដាប់ ដែល​បណ្ដាល​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នៅ​ទីក្រុង​បាងកក និង​ខេត្ត​ជា​ច្រើន​ដូច​ជា ខេត្ត​សាមុទ្រ​ប្រា​កាន សមុទ្រសា​ខន ន​ន្ទ​បុរី ណា​ខន​ប៉ា​ធុម​ជាដើម បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់ ដោយ​មាន​កម្ទេចធូលី​ជា​ច្រើន ។ ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ថៃ បាន​ប្រកាស​អោយ​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​របស់​សិស្ស ៕

ប្រភព៖ https://kbn.news