បុរសម្នាក់ទំនងមានទម្លាប់រពិសដៃលួចទ្រព្យសម្បត្តិគេ ត្រូវបានម្ចាស់គេចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា គាត់បានលួចយកនូវទូរស័ព្ទរបស់គេមួយគ្រឿងគេចខ្លួនបាត់កន្លងមកកាលពីកន្លះខែមុននេះ។
ជនដែលត្រូវបានឃាត់ខ្លួនខាងលើឈ្មោះ គង់ សុជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ប៉ូលិសនិយាយថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនតាមបណ្តឹងចោទប្រកាន់ពីឈ្មោះ ស៊ាន នាថសុភក្ត្រា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់និងជួសជុលទូរស័ព្ទ មានទីតាំងនៅចំណុចផ្ទះជួលផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តាមខ្លឹមសារបណ្តឹងរបស់ជនរងគ្រោះ(ដើមចោទ) បានឲ្យដឹងថា នៅមុនកើតហេតុ កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ គាត់បានរៀបចំបើកតូបលក់ដូរធម្មតា ដោយបានដាក់ទូរស័ព្ទអាយផេត មានស៊ីមកាត លេខ071 5771753 ដាក់នៅលើតុ រួចឆ្លៀតទៅទិញសាប៊ូកក់សក់នៅក្បែរនោះចម្ងាយ២០ម៉ែត្រប៉ុណ្ណោះ លុះពេលត្រឡប់មកវិញក៏ស្រាប់តែបាត់ទូរស័ព្ទរបស់គាត់។ គាត់បន្តថា ភ្លាមៗនោះគាត់ក៏បានបើកកាមេរ៉ា សុវត្ថិភាពរបស់គាត់មើលទើបឃើញស្គាល់មុខអ្នកលួចច្បាស់ ប៉ុន្តែគេគេចខ្លួនបាត់។
ជនរងគ្រោះបានបញ្ជាក់ថា ក្រោយមកនៅវេលាម៉ោង៦ល្ងាចក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងនៅចិញ្ចើមផ្លូវបេតុងក្នុងភូមិអ័គីដេរ ក៏ចាប់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង។
ចំណែកជនសង្ស័យជាចោរនោះវិញ ដំបូងបានបដិសេធ ប្រកែកដោះសារថា មិនបានលួចយកអាយផេតនោះទេ ប៉ុន្តែក្រោយពីជនរងគ្រោះបានបង្ហាញឯកសាររូបភាពវីដេអូដែលបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពឲ្យមើលទើបឈប់ប្រកែកដោះសារ និងបានសារភាពថា មុនដំបូងខ្លួនជិះម៉ូតូដឹកប្រពន្ធផងយកទូរស័ព្ទមកឲ្យជាងជួសជុលតែពេលមកដល់មិនឃើញក៏លួចយកអាយផេតដែលដាក់នៅតុនោះយកមកលក់បានលុយ៥០ដុល្លារ ដោយស្មានតែគេមិនដឹង។
ប៉ូលិសនិយាយថា ជនសង្ស័យមិនមែនមានទោសត្រឹមលួចទ្រព្យសម្បត្តិគេនោះទេ ថែមទាំងមានទោសពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀនទៀតផង ដែលសមត្ថកិច្ចបានត្រួតពិនិត្យទឹកនោមរបស់គេឃើញមានផ្ទុកនូវសារធាតុញៀន៕