ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំផ្សារធំថ្មី ចាប់បញ្ជូនទៅអធិការនគរបាលខណ្ឌដូនដើម្បីចាត់ការតាមនីតិវិធី ដោយសារតែស្ត្រីរូបនោះ គាត់បានយកខ្សែកកាឡៃទៅប្ដូរយកខ្សែមាសរបស់អ្នកលក់ នៅក្នុងផ្សារ តែគេចមិនរួច ព្រោះជនរងគ្រោះអ្នកលក់ដឹងទាន់សភាពការណ៍ ក៏ស្រែកឆោឡោ ហើយត្រូវចាប់ខ្លួនបានតែម្តង។
ស្ត្រីដែលយកមាសក្លែងក្លាយយកទៅប្តូរមានសុទ្ធនោះ ត្រូវឃាត់ខ្លួននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង០០នាទី ដែលកម្លាំងនគរបាលប្រចាំទីរួមផ្សារធំថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទលួច (លួចបន្លំយកខ្សែកកាឡៃប្ដូរយកខ្សែករមាស) ប្រព្រឹត្តនៅចំណុចតូបលេខ.G4.061 ក្នុងទីរួមផ្សារធំថ្មី ផ្លូវលេខ៦៧ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ម្តុំចាក់អង្រែលើ ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯវត្ថុតាង ចាប់យកបានមានខ្សែកលោហធាតុ ពណ៌លឿង ប្រវែង០,៧៥ម៉ែត្រ ចំនួន០១ខ្សែ (ប្រគល់ជូនជនរងគ្រោះវិញ)។ ចំណែកខ្សែកលោហធាតុពណ៌លឿងប្រវែង០,៦៥ម៉ែត្រចំនួន០១ខ្សែ(ជារបស់ជនសង្ស័យ)។ អត្តសញ្ញាណជនរងគ្រោះ ឈ្មោះ ស្រេង នីរតនះ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាស មានទីលំនៅផ្ទះលេខ២ ផR10(បុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ដំណើររឿងហេតុនោះ គឺនៅមុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះស្រេង នីរតនះ ភេទប្រុស អាយុ៣០ឆ្នាំ បានអង្គុយលក់គ្រឿងអលង្ការ នៅក្នុងតូបលេខG4061 ទីរួមផ្សារធំថ្មី ពេលនោះស្រាប់តែមានជនសង្ស័យ ឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរក្រោម បានដើរមកប្រើល្បិចធ្វើជារកទិញខ្សែក ពេលនោះបានសុំជនរងគ្រោះ យកខ្សែកមាសចំនួន០៣ខ្សែ ក្នុងមួយខ្សែ ទម្ងន់ពីរតម្លឹង មករើសមើលទៀត ឱកាសល្អជនសង្ស័យបានយកខ្សែក ពណ៌ក្រហម (កាឡៃ) ម៉ូតដូច បន្លំដាក់ ហុចទៅឲ្យជនរងគ្រោះវិញ រួចបានលួចយកខ្សែកមាសរបស់ជនរងគ្រោះ កាន់លាក់ដើរគេចខ្លួន។ ពេលនោះជនរងគ្រោះមើលដឹងថា ខ្សែក កាឡៃ បានស្រែកឆោឡោជនសង្ស័យបានបន្តរត់ ត្រូវបានកម្លាំងនគរបាលប្រចាំទីរួមផ្សារធំថ្មីដេញចាប់ឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងខ្សែកមាសរបស់ជនរងគ្រោះយកមកទីស្នាក់ការទីរួមផ្សារធំថ្មីធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កសាងសំណុំចាត់ការតាមនីតិវិធីច្បាប់៕