ខេត្តកំពង់ស្ពឺ ៖ បុរស៣នាក់ បបួលគ្នាចូលផឹកស៊ីច្រៀងលេង នៅក្នុងហាងខារ៉ាអូខេមួយកន្លែង ដោយហៅស្រាបៀរមកផឹកហូរហៀរ និងថែមទាំងហៅនារីមកអង្គុយកំដរទៀតផង លុះពេលគិតលុយ ខ្វះលុយឱ្យថ្លៃខារ៉ាអូខេគេ ស្រាប់តែបែកគំនិត ធ្វើជាបង្ករឿងជាមួយម្ចាស់ហាង រហូតទាញកាំបិត កាប់តុ កាប់ជញ្ជាំងផ្ទះ និងថែមទាំងគំរាមកាប់ម្ចាស់ហាងទៀត បំណងបណ្តោះគ្នាចេញម្តងម្នាក់ ដឹងអី ម្ចាស់ហាងដឹងក្បួន ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចចុះចាប់វាយខ្នោះជាប់ទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេមួយកន្លែង យីហោ រស្មីឱរ៉ាល់ មានទីតាំងស្ថិតក្នុងភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះថា ថៃ ភេទប្រុស អាយុ២៣ឆ្នាំ ទី២-ឈ្មោះឡេង វេត ភេទប្រុស អាយុ៣០ឆ្នាំ និងទី៣-ឈ្មោះយ៉ន មេត្តា ភេទប្រុស អាយុ២៣ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ មានមុខរបរមិនពិតប្រាកដ និងមានលំនៅ ក្នុងភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់។ ចំណែកជនរងគ្រោះជាម្ចាស់ហាងខារ៉ាអូខេ មានឈ្មោះ ញ៉ិប សុដុម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាម្ចាស់ហាងខារ៉ាអូខេយីហោ រស្មីឱរ៉ាល់ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យទាំង៣នាក់ ខាងលើ បានជិះម៉ូតូចំនួន២គ្រឿង (ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ទាំង២គ្រឿង) ចូលមកផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាង រស្មីឱរ៉ាល់។ លុះចូលមកដល់ ជនសង្ស័យទាំង៣នាក់ ក៏ចាប់ផ្តើមហៅស្រាបៀរមកផឹក និងហៅនារីៗមកអង្គុយកំដរពួកខ្លួន ផឹកស៊ីច្រៀងលេង ធ្វើឬកដូចសេដ្ឋី។ រហូតមកដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩

ក្រុមជនបង្កក៏បានហៅម្ចាស់ហាងគិតលុយ លុះពេលយកបុងគិតលុយមកឱ្យមើល ឃើញអស់ចំនួន៤២ម៉ឺនរៀល ស្រាប់តែក្រុមជនបង្កអត់មានលុយឱ្យ បែរជាចង់ធ្វើសកម្មភាពបណ្តោះគ្នារត់គេចចេញពីហាង តែត្រូវម្ចាស់ហាងដឹងទាន់ ក៏ឃាត់មិនឱ្យចេញ និងតម្រូវឱ្យទូទាត់ប្រាក់ជាមុនសិន ស្រាប់តែជនសង្ស័យបែរជា ប្រើល្បិច ធ្វើជាខឹងច្រឡោត រួចស្ទុះទៅទាញកាំបិតផ្គាក់ ដែលពួកគេលាក់ទុកនៅក្នុងម៉ូតូ យកមកកាន់ ស្រែកឡូឡា អុកឡុកពេញហាង និងថែមទាំង បានកាប់តុ និងជញ្ជាំផ្ទះ ព្រមទាំងគំរាមដេញកាប់ទាំងម្ចាស់ហាងទៀត ទើបម្ចាស់ហាងទ្រាំលែងបាន ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនបង្កទាំង៣នាក់ នាំយកទៅសាកសួរ នៅអធិការ ដ្ឋាននគរបាល ស្រុកឱរ៉ាល់។ នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ ទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានបង្ករឿងនៅក្នុងហាងខារ៉ាអូខេខាង លើមែន។ តាមពិតពួកគេទាំង៣នាក់ មានលុយជាប់ខ្លួនតែជាង៥ម៉ឺនរៀលប៉ុណ្ណោះ។ ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងកាំបិតផ្គាក់១ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕