ភ្នំពេញ​៖ ប្រជាជន​ចិន មក​ទឹកដី​កម្ពុជា មាន​អារម្មណ៍​ថា​ដូច​មកដល់​ផ្ទះ​ខ្លួនឯង ។ នេះ​ជាការ​លើកឡើង​របស់ លោក លោក Luo Shugang រដ្ឋមន្ត្រី​ទេសចរណ៍ និង​វប្បធម៌​ចិន ក្នុងជំនួប​ទ្វេភាគី ជាមួយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២៩ មករា ។​

​លោក Luo Shugang បាន​និយាយថា ធនធាន​ទេសចរណ៍​នៅ​កម្ពុជា អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​បាន​ច្រើន តាមរយៈ​វប្បធម៌​ទេសចរណ៍ ខណៈ​កម្ពុជា បាន​អនុវត្ត​ផ្នែក​ទេសចរណ៍​បែបនេះ បាន​យ៉ាង​ល្អប្រសើរ​។ បើតាម​លោក Luo Shugang ការរៀបចំ​វិស័យ​ទេសចរ​ប្រភេទ​នេះហើយ ទើបបានជា​ជន​ចិន ចូលចិត្ត​មកលេង​កម្ពុជា ដោយសារ​វា​មាន​ភាពកក់ក្តៅ​សម្រាប់​ពួកគេ​។ ហើយ​នេះ​ជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​ជាច្រើន នៃ​កំណើន​ទេសចរ​ចិន​មក​កម្ពុជា​។

​រដ្ឋមន្ត្រី​ទេសចរ​ចិន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​បានជា​ប្រជាជន​ចិន​ចូលចិត្ត​មកលេង​កម្សាន្ត​នៅ​កម្ពុជា ព្រោះ​កម្ពុ​ជាមាន​ធនធានធម្មជាតិ​ជាច្រើន ដែលជា​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ភ្ញៀវទេសចរ​ចិន​។ ផ្នែក​មួយ​សំខាន់​ទៀត​នៃ​ការមកដល់​ទេសចរ​ចិន គឺ​ដោយសារ ប្រជាជន​ចិន និង​ប្រជាជន​កម្ពុជា មានការ​រាប់អាន​គ្នា​យ៉ាង​ជិត​សិទ្ធ​។ ប្រជាជន​ចិន​មាន​អារម្មណ៍​ថា ការ​មកលេង​កម្ពុជា ដូច​មកដល់​ផ្ទះ​ខ្លួនឯង​អ៊ីចឹង ដែលមាន​ភាពខុសប្លែក​ពី​ការ​ទៅលេង​កម្សាន្ត​ប្រទេស​ផ្សេងៗ​»​។​

សូមបញ្ជាក់ថា ក្នុង​២០១៨ កំណើន​ភ្ញៀវទេសចរ​ចិន មក​កម្ពុជា កើនឡើង​ដល់​៧០​ភាគរយ ដែលមាន​ចំនួន​១,៩​លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​១,២​លាន​នាក់​។ ជាមួយគ្នានេះ កម្ពុជា​រំពឹងថា នឹង​ទទួល​ភ្ញៀវទេសចរ​ចិន បាន​៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ហើយ​បន្ត​ឡើងដល់ ៥​លាន​នាក់ ក្នុង​ឆ្នាំ​២០២៥ និង កើន​រហូតដល់​៨​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០៕