នៅក្នុងរបាយការណ៍ដែលលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានផ្ញើរជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដោយសារប្រជាពលរដ្ឋបាននាំគ្នាប្រើប្រាស់ដបសាំងគប់មកកាន់សមត្ថកិច្ចកាន់តែខ្លាំង បណ្តាលឲ្យសមត្ថកិច្ចរងរបួស កម្លាំងសមត្ថកិច្ចខ្លះ ក៏បានបាញ់ឡើងលើជាការគំរាម តែមិនមែនជាការបាញ់ដោយចេតនា ធ្វើឲ្យប្រជាពលរដ្ឋអ្នកតវ៉ារបួសដោយរត់បុកគ្នា ។
បើយោងតាមសារព័ត៌មានខ្លីៗទទួលបានអំពីការធ្វើរបាយការណ៍ជូនសម្តេចស ខេង លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រោយពីការដកថយបានបន្តិចមក លោកព្រះរាជអាជ្ញា ក៏បានដាក់បញ្ជាដឹកនាំជាថ្មី ឲ្យកម្លាំងបំបែកជាពីរមុខសញ្ញា ដោយកម្លាំងក្រុមទី១ ចូលចំពីមុខ និងកម្លាំងក្រុមទី២ ចូលច្រកចំហៀង។ នៅពេលចូលអនុវត្តជាលើកទីពីរ ប្រជាពលរដ្ឋបានប្រើប្រាស់ដបសាំងកាន់តែខ្លាំង សម្រុកមកលើសមត្ថកិច្ច មានការប្រតាយគ្នា បណ្តាលឲ្យសមត្ថកិច្ចរងរបួសចំនួន ៧នាក់ ជាហេតុធ្វើឲ្យសមត្ថកិច្ចផ្ទុះអាវុធបាញ់ឡើងលើ ប្រមាណជា ២០គ្រាប់ បណ្តាលឲ្យប្រជាពលរដ្ឋរបួស (រត់បុកគ្នា) និងរបួសធ្ងន់ម្នាក់ ដោយត្រូវគ្រាប់កាំភ្លើង។ ហើយប្រជាពលរដ្ឋចំនួន ៦នាក់ (របួស ២នាក់) ត្រូវបានចាប់ខ្លួន។
ករណីផ្ទុះអាវុធ និងមានការប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋ និងមានការចាប់ខ្លួន ក្នុងពេលចុះអនុវត្តសាលដីការបស់តុលាការកំពូល ដើម្បីយកដីឲ្យភាគីឈ្នះក្តីនេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងលើអាជ្ញាធរមានសមត្ថកិច្ចនៅលើបណ្តាញសង្គម។
យោងតាមរបាយការណ៍ដដែល នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារតាមលិខិតបង្គាប់ការលេខ ០០៦/១៩ លបក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមាន៖ កម្លាំងអាវុធហត្ថចំនួន ១០០នាក់ កម្លាំងយោធាចំនួន ១០០នាក់ កម្លាំងនគរបាលចំនួន ១០០នាក់ និងមន្ត្រីរដ្ឋបាលខេត្តស្រុក
និងមន្ទីរអង្គភាពពាក់ព័ន្ធចំនួន ២០នាក់ តាមសំណើសុំលេខ ១៣៩ អ.យ.ក/១០ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចូលរួមសហការអនុវត្តសាលដីកាលេខ ៣៤៨ “ឈ” ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ក្រោមការដឹកនាំបញ្ជារបស់លោកព្រះរាជអាជ្ញា សៀង សុខ , ព្រះរាជអាជ្ញារង ហួត វិចិត្រ និងព្រះរាជអាជ្ញា កៀង សុន្ធរោ។
លោកអភិបាលខេត្តបានបន្តថា មុនពេលចុះដល់ទីតាំងដីដែលត្រូវអនុវត្ត ប្រជាពលរដ្ឋប្រមាណជា ២០០នាក់ បានធ្វើការរារាំងដូចជា ដុតកងឡានជាច្រើនកន្លែង ប្រើប្រាស់ដបសាំង ចម្ពាមកៅស៊ូប្រើគ្រាប់សំណ គ្រាប់ដែកថ្នាំងអំពៅ និងដុំថ្ម ប្រឆាំងតបតនឹងកម្លាំងរបស់សមត្ថកិច្ច ក្នុងពេលនោះបណ្តាលឲ្យគ្រឿងចក្រមួយគ្រឿងឆាបឆេះ តែត្រូវបានពន្លត់ដោយបំពង់ខ្យល់អុកស៊ីសែនបានទាន់ពេល ពេលនោះកម្លាំងទាំងអស់ត្រូវបានដកថយមួយជំហានសិន។
លោក យន្ត មីន បានបញ្ជាក់ថា ចំពោះការផ្ទុះអាវុធ គឺការអនុវត្តខុសពីបទបញ្ជារបស់គណៈបញ្ជាការឯកភាពដែលបានណែនាំក្នុងពេលប្រជុំ និងមុនចុះអនុវត្ត តែដោយសារសភាពការពិបាកទប់ទល់ មានភាពតានតឹងខ្លាំង និងដោយមានការប្តេជ្ញាចិត្តរបស់ព្រះរាជអាជ្ញា ក៏ដូចជាក្រុមការងារ និងកងកម្លាំងទាំងអស់ថា ត្រូវតែអនុវត្តសាលដីការបស់តុលាការកំពូលឲ្យបាន ទើបមានកម្លាំងខ្លះ បានបាញ់ឡើងលើជាការគំរាម តែមិនមែនជាការបាញ់ដោយចេតនា ឬមានការបញ្ជាឲ្យធ្វើដូច្នេះឡើយ។
លោកបន្តទៀតថា ចំពោះប្រជាពលរដ្ឋដែលជាជនបង្កចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ណែនាំ និងបានដោះលែងឲ្យទៅលំនៅឋានវិញ ហើយអ្នករបួសស្រាលបានចេញពីមន្ទីរពេទ្យបង្អែកខេត្ត។ រីឯអ្នករងរបួសធ្ងន់ឈ្មោះ ពៅ សារ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ៕