ភ្នំពេញ​៖​អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​អោយ​អភិបាល​ខណ្ឌ​ទាំង​១២​ នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បន្ត​ចុះ​មើលផ្លូវ​គ្រលុគ​សំបុក​ និង​ចាប់ផ្តើម​ជួសជុល​ ធ្វើ​ដូច្នេះ​ ដើម្បី​ទប់ស្កាត់​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជា​បន្ត​ទៀត​ និង​កាត់​បន្ថយ​ការ​ចំណាយ​ថវិកាជាតិ​ផង​ដែរ​។​

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​បញ្ហា​ជួសជុល​ផ្លូវ​ខូច​ ជង្ហុក​សំបុកមាន់​លើ​ដងផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ ជាមួយ​អភិបាល​ខណ្ឌ​ទាំង​១២​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ នៅ​សាលា​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​៣១​ ខែមករា​ នេះ​ ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​អោយ​អភិបាល​ខណ្ឌ​ទាំង​១២​ នៅ​ក្នុង​រាជធានី​ ត្រូវ​បន្ត​ចុះ​មើលផ្លូវ​ជា​ប្រចាំ​ និង​ធ្វើការ​ជួសជុល​ផ្លូវ​ បន្ទាប់​ពី​ផ្លូវ​បាន​ខូចខាត​ ក្រោយ​រដូវវស្សា​កន្លង​ផុត​ទៅ​នេះ​ បើ​ផ្លូវ​ណា​ដែល​ខណ្ឌ​មិន​មាន​លទ្ធភាព​ជួសជុល​ ខណ្ឌ​ត្រូវធ្វើ​របាយការណ៍​ឡើង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់​។​ ករណី​ជួសជុល​ផ្លូវ​ដែល​ខូចខាត​នេះ​ ឯកឧត្តម​អភិបាល​ ក៏​បានអោយ​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ ត្រូវ​ចូលរួម​ត្រូ​ត​ពិនិត្យ​ផង​ដែរ​។​

​ឯកឧត្តម​ បាន​បញ្ជាក់​ថា​ គោលបំណង​នៃ​ការ​ចុះ​ពិនិត្យ​ និង​ជួសជុល​ផ្លូវ​ខូច​ ជង្ហុក​សំបុកមាន់​នេះ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ និង​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​ការ​ចំណាយ​ថវិកាជាតិ​ និង​ជា​ការ​ទប់ស្កាត់​កុំអោយ​មានការ​ខូចខាត​ដល់​គ្រឹះ​ខាងក្រោម​ផ្លូវ​ផង​ដែរ​។​ ជាមួយ​គ្នា​ ឯកឧត្តម​ ឃួ​ង​ ស្រេង​ ក៏​តម្រូវ​អោយ​ខណ្ឌ​ត្រូវ​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ដឹក​ដី​ ដឹក​ខ្សាច់​ ត្រូវ​តែ​ចូលរួម​ជួសជុល​ផង​ដែរ​ ដោយសារ​តែ​រថយន្ត​ដឹក​ធ្ងន់​នេះ​ហើយ​បណ្តាល​អោយ​មានការ​ខូចខាត​ផ្លូវ​ជា​ទម្ងន់​នោះ​។​

​ចំពោះ​ការ​ជួសជុល​ផ្លូវ​ខាងលើ​នេះ​ លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បានអោយ​ដឹង​ថា​ ការ​ជួសជុល​ផ្លូវ​ខូច​ ជង្ហុក​សំបុកមាន់​ ខណ្ឌ​៤​ក្នុង​ក្រុង​ មាន​ខណ្ឌ​៧​មក​រា​ ចំការមន​ ដូនពេញ​ និង​ខណ្ឌទួលគោក​ គឺ​ជួសជុល​បាន​៩២%​ហើយ​ រហូត​មក​ដល់​ចុង​ខែមករា​នេះ​ ចំណែក​ខណ្ឌ​៨​ផ្សេង​ទៀត​ គឺ​ជួសជុល​បាន​តែ​៣០%​ទេ​ ដោយសារ​ផ្លូវ​ភាគច្រើន​ ជា​ផ្លូវ​បេតុង​ ដូច្នេះ​ត្រូវការ​ចំណាយពេល​ និង​ថវិកា​ទំហំ​ធំ​។​ លោក​ប្រធាន​មន្ទីរ​ បាន​លើក​ឡើង​ថា​ រហូត​ដល់​ចុង​ខែមករា​នេះ​ នៅ​សល់​ផ្លូវ​ចំនួន​១៤០​ខ្សែ​ទៀត​មិន​ទាន់​បាន​ជួសជុល​។​ តែ​យ៉ាងណា​នឹង​ធ្វើ​អោយ​បាន​រួចរាល់​ ក្នុង​រយះ​ពេល​៤​ស​ប្តា​ហ៍​ បន្ទាប់​ពី​ចូល​ឆ្នាំ​ចិន​រួច​៕