ភ្នំពេញ​៖ ជនជាតិ​ចិន​បាន​ក្លាយជា​ម្ចាស់ និង​ជា​អ្នក​កាប់​កាន់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ចំនួន ២៦២​កន្លែង និង​មាន​មគ្គុទ្ទេសក៍​និយាយ​ភាសា​ចិន​ជាង​១០០០​នាក់ នៅត្រឹម​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួងទេសចរណ៍​នា​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី ថោង ខុន និង​រដ្ឋមន្ត្រី​ទេសចរណ៍ និង​វប្បធម៌​ចិន លោក ឡ ស៊ូ​កាង (Luo Shugang) កាលពី​រសៀល​ថ្ងៃទី​២៩ ខែមករា នៅ​ទីស្តីការក្រសួង​។​

​សេវាកម្ម​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ចិន មាន​រហូតដល់​ទៅ​១០៧៨​នាក់ នៅ​ឆ្នាំ​២០១៨ រីឯ​អាជីវកម្ម​ទេសចរណ៍​ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន មាន​រហូតដល់​ទៅ​២៦២​កន្លែង ក្នុងនោះ ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍​១០៨​កន្លែង ទីភ្នាក់ងារ​ទេសចរណ៍​៦៣​កន្លែង និង​សេវា​ស្នាក់នៅ ៩១​កន្លែង​។

​បើតាម​របាយការណ៍​ដ​ដែល ការវិនិយោគ​ពី​បរទេស​ក្នុង​វិស័យ​ទេសចរណ៍ ចាប់ពី​ឆ្នាំ​១៩៩៤-២០១៨ មាន​ចំនួន ១៩៧​គម្រោង ដែលមាន​ទុនវិនិយោគ (Fixed Asset) ១១ ,៣៤៤ លាន​ដុល្លារ​។ ក្នុងនោះ ចិន​មាន ១២​គម្រោង ដែលមាន​ទុនវិនិយោគ ៩៤៥​លាន​ដុល្លារ ចាប់ពី ឆ្នាំ​២០០៣-២០១៦​។​

​សូម​រម្លឹក​ផងដែរ ឆ្នាំ​២០១៨ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​មាន​ចិន​ប្រមាណ ១,៩ លាន​នាក់ ក្នុង​កំណើន​៧០​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។ ដោយឡែក​ឆ្នាំ​២០២០ កម្ពុជា​សង្ឃឹមថា នឹង​ទទួល​ទេសចរ​ចិន ៣​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ៧​លាន​នាក់​។ ឆ្នាំ​២០២៥ ទទួលបាន​ទេសចរ​ចិន ៥​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ១១​លាន​នាក់ ៨​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ១៥​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០៕

ប្រភពៈ​ thmeythmey.com