សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ទទួលស្គាល់ថា ពិតជា​មានការ​បាញ់កាំភ្លើង ហើយ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ រងរបួស​មែន ពេល​ប្រជាពលរដ្ឋ និង សមត្ថកិច្ច កំពុង​ផ្ទុះ​ជម្លោះ​ដាក់គ្នា ក្នុងការ​តវ៉ា​រឿង​ដីធ្លី​។ ប៉ុន្តែ សមត្ថកិច្ច បកស្រាយ​ថា គ្រាប់កាំភ្លើង ដែល​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​នោះ មិនមែនជា​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​ទេ​។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​យក​របាយការណ៍​អំពី​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ និង ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ដែល​ប្រធាន​មន្ទីរ​ព័ត៌មាន​ក្នុង​ខេត្ត​នេះ បាន​ផ្ញើ​ឲ្យ យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ តាមរយៈ​របាយការណ៍​នោះ ប្រធាន​មន្ទីរ​ព័ត៌មាន បាន​ប្រា​ប់លោក ខៀវ កាញារីទ្ធ ថា ពិត​ជាមាន​ប្រជាពលរដ្ឋ រងរបួស​ដោយសារតែ​ការបាញ់​កាំភ្លើង​មែន​។​

​ក៏ប៉ុន្តែ ប្រធាន​មន្ទីរ​ព័ត៌មាន​នោះ បាន​ច្រានចោលថា គ្រាប់​កាំ​ភ្លើង​ដែល​រកឃើញ​នោះ ពុំមែន​ជា​គ្រប់​កាំភ្លើង​របស់​សមត្ថកិច្ច​ទេ​។ ប្រធាន​មន្ទីរ​មន្ទីរ​ព័ត៌មាន ប្រាប់​រដ្ឋមន្ត្រី​របស់ខ្លួន​ថា គ្រាប់កាំភ្លើង​នោះ ប្រហែលជា​របស់​ជន​ទី​បី ដែល​ឆ្លៀតឱកាស​លួច​បាញ់ ក្នុងពេល​ហេតុការណ៍ កំពុង​កើតឡើង​។

​ប្រធាន​មន្ទីរ​ព័ត៌មាន​ខាងលើ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ក្បាល​គ្រាប់​ដែល​បៀម​ជាប់​ក្នុង​ខ្លួន​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រកឃើញថា ជា​ប្រភេទ​គ្រាប់​ឡុ​ក ដែល​សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ ដោយហេតុថា ក្នុងពេល​ប្រតិបត្តិការ សមត្ថកិច្ច​បាន​បាញ់​ឡើងលើ​ដើម្បី​រារាំង​កុំ​ឲ្យ​ក្រុមអ្នកតវ៉ា គប់​ដប​សាំង និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​មហន្តរាយ​ខ្លាំង​ថែមទៀត ហើយ​សមត្ថកិច្ច ក៏​មិនបាន​ប្រើប្រាស់​កាំភ្លើង​ម៉ា​កឡុក​នេះ ក្នុងពេល​នោះដែរ​»​។

ប្រ​ធា​នមន្ទីរ​ព័ត៌មាន បាន​សរសេរ​ក្នុង​របាយ​ការណ៍​នោះ​ទៀតថា​៖«​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ញ្ជា​ក់ថា សមត្ថកិច្ច​បានដាក់​ការសង្ស័យថា អាចមាន​ជន​ទី​បី លួច​បន្លំ​ប្រើ​កាំភ្លើង​ម៉ា​កឡុក​នេះ ដោយ​បាញ់​ចេញពី​ក្នុងព្រៃ នៃ​គោលដៅ​ណាមួយ​ក្នុងឱកាស​ដែល​ក្រុមអ្នកតវ៉ា​រត់​ប្រសេចប្រសាច​»​។
ប្រធាន​មន្ទីរ​ព័ត៌មាន រាយការណ៍​ទៀតថា បច្ចុប្បន្ន ជនរងគ្រោះ​ម្នាក់ ដែល​រងរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ហើយ​ក៏បាន​ធូរស្បើយ​ហើយ​ដែរ​។ លើសពីនេះ ប្រធាន​មន្ទីរ​ព័ត៌មាន ក៏បាន​បដិសេធ​ដែរ​ថា ពុំមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ បាន​ស្លាប់​ដោយ​សារតែ​ការផ្ទុះអាវុធ ដូច​ប្រព័ន្ធ​ផ្សព្វផ្សាយ និង អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ អះអាង​នោះទេ​។

​អ្នកស្រី ជាប សុធា​រី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ​ថា អ្នកស្រី ពុំបានដឹងឡើយថា សមត្ថកិច្ច​ឬ​អ្នកណា​ផ្សេង ដែលប្រើកាំភ្លើងបាញ់ប្រជាពលរដ្ឋ។ អ្នកស្រី ប្រាប់ថា អ្នកស្រី ពុំបាន​ស្ថិតក្នុង​ហេតុការណ៍​នោះទេ ពេល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច កំពុង​ផ្ទុះ​ជម្លោះ​ជាមួយគ្នា​។ រហូតដល់​សភាពការណ៍ ស្ងៀមស្ងាត់ ទើប​អ្នកស្រី បាន​ចូលទៅ​សង្កេតមើល​នៅ​កន្លែងកើតហេតុ​។

​យ៉ាងណាក៏ដោយ អ្នកស្រី យល់ថា សមត្ថកិច្ច ពុំគួរ​ដកខ្លួន​ចេញពី​ទំនួល​ខុសត្រូវ​ទេ ព្រោះ​សមត្ថកិច្ច ជា​អ្នកគ្រប់គ្រង​សភាពការណ៍​នាពេលនោះ​។ អ្នកស្រី បញ្ជាក់​បែបនេះ​ថា​៖«​ដូច​វីដេអូ ដែល​គេ​បង្ហោះ​ហ្នឹង គឺ​យើង​បានឃើញ​ហើ​យថា សមត្ថកិច្ច មាន​កាំភ្លើង​ក្នុង​ដៃ តែ​បាញ់​ឬ​មិន​បាញ់​ខ្ញុំ​អត់​ឃើញ​ទេ តែ​ពួកគាត់ ត្រូវ​ទទួលខុសត្រូវ ហើយ​ត្រូវ​ស្វែងរក​អ្នកប្រព្រឹត្ត​ឲ្យ​ឃើញ​។ សមត្ថកិច្ច មាន​ធ​ម្យោ​បាយ​ច្រើន​ក្នុងការ​ស្វែងរក វា​មិន​ពិបាក​ទេ ព្រោះ​សមត្ថកិច្ច បាន​បង្ហោះ​ត្រូ​ន​ដែរ អ៊ីចឹង អាច​មើលឃើញ អ្នកណា ជា​អ្នកប្រព្រឹត្ត​»​។

​មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ ក៏​អះអាង​ដូច​ប្រធាន​មន្ទីរ​ព័ត៌មាន​ដែរ​ថា ពុំមាន​អ្នកណា​សា្ល​ប់ ដោយសារ​ការបាញ់ប្រហា​រ​នេះ​ទេ​។ ម្យ៉ាងទៀត អ្នកស្រី បាន​ប្រាប់ថា ប្រជាពលរដ្ឋ​៤-៥​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ត្រូវបាន​ដោះលែង​វិញ​អស់ហើយ​។

​ការ​ប្រឈម​ដាក់គ្នា​រវាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាន​កើតឡើង​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​មកម្ល៉េះ ហើយមកដល់ពេលនេះ ការតវ៉ា មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​ទៅ​តវ៉ា នៅពេល​តុលាការ​កំពូល ចេញ​សាលដីកា​ស្ថាពរ ដោយ​សម្រេច​ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ឈ្នះក្តី​ពួកគាត់ លើ​រឿង​ដីធ្លី​។

​សមត្ថកិច្ច បកស្រាយ​ថា ការរារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា គឺជា​ការអនុវត្តតាម​សាលដីកា​របស់​តុលាការ​កំពូល​។ យ៉ាងណា ប្រជាពលរដ្ឋ តវ៉ា​ថា វា ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់​។ ជម្លោះដីធ្លីនេះ កើតឡើងនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​៕

ប្រភព៖ thmeythmey.com